អន្តរជាតិ
កូរ៉េខាងជើង​គ្រោង​នាំ​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី
10, Jan 2015 , 7:15 pm        
រូបភាព
រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គ្រោង​ទិញ​ចូល​យន្តហោះ​ចម្បាំង​ពី​ក្រុង​ម៉ូស្គូ ដោយ​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅកាន់​ប្រទេស​រុស្ស៊ី។ បើតាម​ការ​អោយដឹងពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ក្រុង​ព្យុងយ៉ាង​ចង់បាន​យន្តហោះ​ចម្បាំងទំនើបៗ ហើយ​កូរ៉េ​ធ្លាប់​ស្នើ​សុំអោយ​រដ្ឋាភិបាល​លោក ពូ​ទីន​លក់​យន្តហោះ​ចម្បាំង​កាលពីប៉ុន្មាន​​ខែ​មុន​ម្តង​ហើយ។


មន្ត្រី​កូរ៉េ​យោធា​ខាងត្បូង បានអោយដឹងថា កូរ៉េខាងជើង​មាន​ចេតនា​ចង់​ទិន​យន្តហោះ​ប្រដេញ​និង​ចម្បាំង​ប្រភេទ​ទំនើប​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី ដោយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​បេសកជន​ពិសេស​របស់ខ្លួន​ទៅកាន់​ប្រទេស​រុស្ស៊ី។ លោក Choe Ryong-hae ដែលជា​បេសកជន​ពិសេស​របស់​ក្រុង​ព្យុងយ៉ាង​តំណាងអោយ​លោក គីម​ជុង​អ៊ុន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ម៉ូស្គូ កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុននេះ​ដើម្បី​ចរចា​សុំ​ទិញ​យន្តហោះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​យន្តហោះ​ដែល​ក្រុង​ព្យុងយ៉ាង​ចង់បាន​នោះ​មាន​ម៉ាក Su-35 ។

យ៉ាងណាក៏ដោយ​ព័ត៌មាន​តិចតួច​ទាក់ទិន​នឹង​ការចរចា​ទិញ​លក់​យន្តហោះ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ត្រូវបាន​គេ​ទម្លាយ​អោយដឹង​ជា​សាធារណ។ ក្រុង​ម៉ូស្គូ​បានប្រកាស​ផងដែរ​ថា កិច្ចប្រជុំ​មិនមែន​បើកចំហរ​ទៅកាន់​សាធារណជន និង​អ្នកសារព័ត៌មាន​ឡើង ដូច្នេះហើយ​ទើបបានជា​គេ​មិនអាច​ដឹងថា​កិច្ចប្រជុំ​ទ្វេភាគី​បិទទ្វារ​នោះ​និយាយ​ពីអ្វី​ខ្លះ។

តាមពិតទៅ​ប្រទេស​កូរ៉េខាងជើង​ផលិត​អាវុធ​ជាច្រើន​ប្រភេទ​នៅក្នុង​ស្រុក រួមទាំង​អាវុធ​នុយក្លេអ៊ែរ​ផង​នោះ ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ស្វែងរក​ការ​នាំចូល​យន្តហោះ​ចម្បាំង​ប្រភេទ​ទំនើបថ្មីៗ ដោយសារ​ការផលិត​យ​ន្ត​ហោះ​ចម្បាំង​ពិតជា​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់​និង​ស្មុ​គ្រ​ស្មាញ​បំផុត។ កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​ខ្លាំង គីម​ជុង​អ៊ុន មើលឃើញថា រុស្ស៊ី​ជាទី​ផ្សារ​សព្វាវុធ​ដ៏​ធំ និង​ជិតស្និទ្ធ​សម្រាប់​កូរ៉េខាងជើង ប៉ុន្តែ​ដោយសារ​ទណ្ឌកម្ម​សហគម​ន៍​អន្តរជាតិ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ត្រូវការ​ពេល​ដើម្បី​ពិចារណា​សិន។ មកទល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹងថា​តើ​ក្រុង​ព្យុងយ៉ាង​ត្រូវការ​យន្តហោះ​ប៉ុន្មាន​គ្រឿង​នោះឡើយ។

តាមពិតទៅ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​ប្រទេស​កូរ៉េខាងជើង​ស្នើសុំ​រុស្ស៊ី​អោយជួយ​គាំទ្រ​សមត្ថភាព​យោធា​ជើង​អាកាស​របស់ខ្លួន ព្រោះ​ប្រទេស​នេះ​ធ្លាប់​ស្នើសុំ​ទិញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី​កាលពី​ឆ្នាំ ២០១១ នៅពេលដែល​លោក គីម ជុង អ៊ី​ល ឳ​ពុក​គីម​ជុង អ៊ុន បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅពេលនោះ។ ចំណែក​កាលពី​ឆ្នាំ ២០១០ កូរ៉េខាងជើង​ប៉ុនប៉ង​ទិញ​យន្តហោះ​ចម្បាំង​ពី​ក្រុង​ប៉េកាំង​ប៉ុន្តែ ក្រុង​ប៉េកាំង​បាន​បដិសេធ​សំណើរ​នោះ។

យ៉ាងណាក៏ដោយ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន កូរ៉េខាងជើង​បាន​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​រុស្ស៊ី​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។កូរ៉េខាងជើង​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនោះ ហើយ​ត្រូវបាន​លោកខាងលិច​ទាមទារ​អោយ​តុលាការ​ព្រហ្មទណ្ឌ​និង​សហគមន៍​អន្តរជាតិ​កាត់ទោស​មេដឹកនាំ​កូរ៉េខាងជើង​ផងដែរ។ ចំណែក​រុស្ស៊ី​ក៏បាន​ប្រកាស​អញ្ជើញលោក គីម ជុង អ៊ុន អោយទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​ពិធី​បុណ្យខួប​នៃ​ការយក​ជ័យជម្នះ​លើ​ពួក​ណា​ស៊ី​អាឡឺម៉ង់​ក្នុងសម័យ​សង្គ្រាមលោកលើកទី២ផងដែរ​នៅក្នុង​ឆ្នាំ ២០១៥នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com