អន្តរជាតិ
តួ​ក​គី៖ ស្រី​ជនសង្ស័យ​ក្នុងការ​វាយប្រហារ​នៅ​បារាំង​ប្រហែល​ទៅដល់​ស៊ី​រី
11, Jan 2015 , 4:30 pm        
រូបភាព
ជនសង្ស័យ​ជា​ស្រី្ត​ម្នាក់​ឈ្មោះ Hayat Boumeddiene ដែល​ពាក់ព័ន្ធ​ក្នុងករណី​វាយប្រហារ​នៅក្នុង​ប្រទេស​បារាំង ត្រូវបាន​អាជ្ញាធរ​តួ​ក​គី​អះអាងថា​បាន​ឆ្លង​ចូល​ប្រទេស​តួ​ក​គី​តាំង​ពីថ្ងៃ ២មករា​ម្ល៉េះ ហើយ​បច្ចុប្បន្ននេះ​នាង​ប្រហែលជា​ស្ថិតនៅ​ប្រទេស​ស៊ី​រី។ នេះ​មានន័យថា នាង​នៅក្រៅ​ប្រទេស​បារាំង​ខណៈពេលដែល​ដៃគូ​របស់​នាង​វាយប្រហារ​នៅ​បារាំង​និង​សម្លាប់​ប៉ូលីស​ស្ត្រី​ម្នាក់។


ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ឈ្មោះ Hayat Boumeddiene ដែល​គេ​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ក្នុងប្រទេស​បារាំង នោះ​ត្រូវបាន​អាជ្ញាធរ​តួ​ក​គី អះអាងថា​បាន​ឆ្លង​ចូលក្នុង​ទឹកដី​តួ​ក​គី​តាំងពី​ថ្ងៃ ២មករា​មកម្ល៉េះ ហើយ​បច្ចុប្បន្ននេះ​នាង​ប្រហែលជា​ស្ថិតនៅ​ប្រទេស​ស៊ី​រី។ នេះ​មានន័យថា នាង​ស្ថិតនៅ​ក្រៅប្រទេស​បារាំង ខណៈពេលដែល​ដៃគូ​របស់​នាង​វាយប្រហារ​នៅ​បារាំង​និង​សម្លាប់​ប៉ូលីស​ស្ត្រី​ម្នាក់។

យ៉ាងណាក៏ដោយ​នេះ​ជាការ​លើកឡើង​របស់​អា​ជ្ញា​ធរ​តួ​ក​គី តែប៉ុណ្ណោះ ប៉ុន្តែ​កាលពី​ម្សិលមិញ បើតាម​ការ​អោយដឹងពី​សំណាក់​ប៉ូលីស​បារាំង ស្ត្រី​ជនសង្ស័យ​មានឈ្មោះ​Hayat Boumeddiene ហើយ​គេ​សង្ស័យថា​នាង​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​អំឡុង​ពេលដែល​ប៉ូលីស​វាយប្រហារ​រំដោះ​ចំណាប់ខ្មាំង និង​មាន​ភាពចលាចល​នៅក្នុង​កន្លែងកើតហេតុ​នោះ​នៅ​ហាង​លក់​គ្រឿងទេស​ភាគ​ខាងកើត​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ។

យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បារាំង​បានបញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍ ស្ត្រី​ខាងលើនេះ​ទំនងជា​បាន​ឆ្លង​ទៅដល់​ប្រទេស​តួ​ក​គី​បាត់ទៅហើយ​ក្នុងពេលដែល​មានការ​វាយប្រហា​រ​នៅក្នុង​ការិយាល័យ​ទស្សនា​វ​ដ្តី Chalie Hebdo និង​វាយប្រហារ​ប៉ូលីស​ស្ត្រី​ម្នាក់​កាលពីដើម​សប្តាហ៍​នេះ។ ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ​នេះ​ត្រូវបាន​គេ​បញ្ជាក់ថា ជា​សង្សារ​របស់​ជនដៃដល់​ម្នាក់​ឈ្មោះ Amedy Coulibaly វ័យ៣២ឆ្នាំ ដែល​ត្រូវបាន​ប៉ូលីស​សម្លាប់​កាលពី​ម្សិលមិញ​នេះ។

ពួកគេ​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​តាមបែប​សាសនា ប៉ុន្តែ​មិនបាន​ទទួលស្គាល់​ឬ​រៀបការ​តាមច្បាប់​បារាំង​នោះឡើយ។ ការឆ្លង​ដែន​ពី​បារាំង​ទៅ​តួ​ក​គី និង​ឆ្លងទៅ​ស៊ី​រី​របស់​ជនសង្ស័យ​នេះ កំពុង​ធ្វើអោយ​តួ​ក​គី​ឈឺក្បាល​ជាថ្មី​ព្រោះ​លោកខាងលិច ជាពិសេស​សហភាព​អឺរ៉ុប​បាន​បន្ត​ចោទប្រកាន់ និង​ដាក់​គំនៀប​តួ​ក​គី​អោយ​បិទ​និង​រឹតបន្តឹង​ច្រកព្រំដែន​ដើម្បី​ទប់ស្កាត់​ការឆ្លង​ចូល​របស់​ក្រុម​ភេរវជន​ជ្រុលនិយម។ ប៉ុន្តែ​ជានិច្ច​ជា​កាល​តួ​ក​គី​បានប្រកាស​ទាត់ចោល​ការ​ចោទប្រកាន់ ដោយ​លើកឡើងថា​ខ្លួន​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​បិទ​ច្រកព្រំដែន​ការពារ​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com