ជាតិ
សង្គមជាតិ
ស្រីខ្មែរចាញ់បោកបុរសចិនម្នាក់ទៀត មកដល់កម្ពុជារសៀលនេះ
× ស្ត្រីខ្មែរម្នាក់ទៀតដែលត្រូវបានមេខ្យល់បញ្ឆោតយកទៅរៀបការជាមួយបុរសចិនត្រូវបានជួយសង្គ្រោះ និងត្រូវមកដល់ប្រទេសកំណើតវិញនៅរសៀលថ្ងៃអាទិត្យទី១១ខែមករានេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួងបានថ្លែងឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងក្វាងចូវនៃប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនដើម្បីជួយសង្គ្រោះស្ត្រីខ្មែរឈ្មោះ ធឿន ចាន់ឌឿន មកពីភូមិថ្មី ស្រុកសាឡុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ «ស្ត្រីរងគ្រោះបានចាញ់បោកមេខ្យល់ដែលបញ្ឆោតយកនាងទៅរៀបការជាមួយបុរសចិននៃខេត្តជាំងស៊ី ប្រទេសចិន»។ នេះការបញ្ជាក់របស់លោក កុយ គួង។
នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានរកឃើញសាកសពពលរដ្ឋខ្មែរ២នាក់ ដែលត្រូវបានគេដុលរោលខ្លោចមើលលែងស្គាល់។ សាកសពនេះត្រូវបានគេដុតនៅក្នុងចម្ការដំឡូងមួយក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា អគ្គកុងស៊ុលកម្ពុជាបានព្យាយាមធ្វើការជាមួយអាជ្ញាធរថៃដើម្បីធ្វើកោសល្យវិច័យរកអត្តសញ្ញាណសាកសព ដែលអាជ្ញាធរថៃ គិតថា ជាសាកសពជនជាតិថៃ។
លោក កុយ គួង បញ្ជាក់ថាក្រោយទទួលលទ្ធផលនៃការធ្វើកោសល្យវិច័យដែលបញ្ជាក់ថា សាកសពទាំងពីរជាជនជាតិខ្មែរ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរថៃដើម្បីស្នើអោយពួកគេចាប់យកជនល្មើសមកផ្តន្ទាទោស និងដើម្បីទាមទារសំណងជូនគ្រួសារសព៕
© រក្សាសិទ្ធិដោយ thmeythmey.com