អន្តរជាតិ
មនុស្ស​ប្រហែល​ពីរពាន់​នាក់​ស្លាប់​ដោយ​ការវាយប្រហារ​បន្តបន្ទាប់​គ្នា​នៅ​នី​ហ្សេ​រី​យ៉ា
11, Jan 2015 , 7:38 pm        
រូបភាព
អង្គការ​លើកលែងទោស​អន្តរជាតិ​បានប្រកាសថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម មាន​រហូតដល់ ២០០០នាក់​ក្នុងការ​វាយប្រហារ​បង្ហូ​រ​ឈាម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ ក្រុម​ភេរវជន​ជ្រុលនិយម​នេះ មាន​ចេតនា​ផ្តួល​រលំ​រដ្ឋាភិបាល​និង​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម​មួយ​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​តែម្តង។


ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម បាន​បន្ត​វាយប្រហារ​លើ​កងកម្លាំង​ប្រដាប់អាវុធ​រដ្ឋាភិបាល និង​ប្រជាជន​ស៊ី​រិល​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ក្នុងការ​វាយប្រហារ​ចុងក្រោយថ្មីៗនេះ វា​ធ្វើអោយ​ចំនួន​អ្នកស្លាប់​បាត់បង់​ជីវិត​កើនឡើង​ដល់២០០០នាក់​ឯណោះ។ ចំនួន​អ្នកស្លាប់​ច្រើនសន្ធឹក​សន្ធាប់​នេះ ត្រូវបាន​បង្ហាញ​អោយដឹងពី​អង្គការ​លើកលែងទោស​អន្តរជាតិ ហើយ​ក្រុម​ភេរវជន​នេះ​បាន​បន្ត​វាយប្រហារ​លើ​ទីក្រុង Baga ជា​ញឹកញាប់​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។

បើសិនជា​ចំនួន​អ្នកស្លាប់​រហូតដល់២០០០នាក់​ដូច​ការលើកឡើង​របស់​អង្គការ​នេះ​មែន​នោះ ករណី​វាយប្រហារ​របស់​ក្រុម​ភេរវជន​ជ្រុលនិយម​នេះ ក្លាយជា​អំពើ​ព្រៃផ្សៃ​ខ្លាំង​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នី​ហ្សេ​រី​យ៉ា។ យ៉ាងណា​ក​ដ៏​ដោយ​បើតាម​ការអោយ​ពី​សំណាក់​ប្រជា​ការពារ​ស្រុក លោក Yanaye Grema មាន​វ័យ៣៨ឆ្នាំ ប្រជា​ជននី​ហ្សេ​រី​យ៉ា​នៅក្នុង​ស្រុក​នាំគ្នា​រត់​ចាកចោល​ភូមិ​ស្រុក​ដើម្បី​រក​កន្លែង​សុវត្ថិភាព ហើយ​ខ្លះទៀត​សម្ងំ​នៅតែ​ក្នុងផ្ទះ​បិទទ្វារ​ជិត​មិន​ហ៊ាន​ចេញ​ទៅណា​ឡើយ។

លោក​បាន​បន្ថែមថា ក្រុម​ភេរវជន​បាន​បាញ់ប្រហារ​ជន​ស៊ីវិល​មិន​ញរ​ញើ​តដៃ ហើយ​ក្រោយ​ករណី​វាយប្រហារថ្មីៗនេះ​គេ​ឃើញ​សាកសព​ប្រជាជន​និង​ទាហានរ​ណូ​ក​រណែល​រាប់រយ​សាកសព។ ចំណែក​អ្នកនាំពាក្យ​រដ្ឋ​ភិ​បាល​បានអោយដឹងថា កងកម្លាំង​រដ្ឋាភិបាល​កំពុង​បន្ត​ជាប់ដៃ​ប្រយុទ្ធ នៅ​ជុំវិញ​ទីក្រុង​ប្រឆាំង​ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ ដោយសារ​កាលពី​សប្តាហ៍​មុន​ក្រុម​ភេរវជន​នេះ​បាន​ដណ្តើម​កាន់កាប់​ទីតាំង​មូលដ្ឋាន​យោធា​បាន។

ចាប់តាំងពី​មានការ​ផុស​រូបរាង​ឡើង​របស់​កងកម្លាំង​ភេរវជន​បូ​កូ​ហា​រ៉ា​ម​នេះ នី​ហ្សេ​រី​យ៉ា​រង​ការ​ការវាយប្រហារ​ដោយ​ក្រុម​នេះជារឿយៗ ហើយ​គេ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ​ការវាយប្រហារ​មាន​រហូតដល់ ១០០០០នាក់​ក្នុង​ឆ្នាំ២០១។ ដោយឡែក​ការបន្ត​សកម្មភាព​វាយប្រហារ​ដោយ​ក្រុម​ភេរវជន​នេះ បាននិងកំពុង​ធ្វើអោយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាហ្វ្រិក​នី​ហ្សេ​រី​យ៉ា​នេះ​ជួប​បញ្ហា ហើយ​ធ្វើអោយ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​លោក Goodluck Jonathan ក្រពុលមុខ​និង​ឈឺក្បាល​មិន​លែង​ទេ។

នៅ​ខែកុម្ភៈ​ខាងមុខនេះ​ប្រទេស​នី​ហ្សេ​រី​យ៉ា​នឹង​រៀបចំ​ការបោះឆ្នោត​មួយ ហើយ​ប្រធានាធិបតី​ខាងលើ​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​មកពី​គណបក្សប្រឆាំង ហើយ​បញ្ហា​អសន្តិសុខ និង​អស្ថិរភាព​ធ្វើអោយ​លទ្ធភាព​នៃ​ការប្រកួតប្រជែង​របស់​គណបក្សប្រឆាំង​មាន​កាន់តែ​ច្រើនឡើង។ យ៉ាងណាក៏ដោយ​ចលនា​ភេរវកម្ម​បូ​កូ​ហា​រ៉ា​ម​មិន​ត្រឹមតែ​បង្ក​អស្ថិរភាព​ដល់​នី​ហ្សេ​រី​យ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេសជិតខាង​ប្រទេស​នេះ​មានដូចជា​កា​មេ​រ៉ូ​ន ឆាត ជាដើម​ផង​នោះ​ក៏​រងគ្រោះថ្នាក់​ដូចគ្នា​ដែរ។ ចលនា​វាយប្រហារ​បាន​កើតឡើងជារឿយៗនៅតាម​ព្រំដែន​ប្រទេស​ទាំងនោះ ហើយ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com