អន្តរជាតិ
អាមេរិក​ប្រុង​ជើងការ​ការពារ​ករណី​វាយប្រហារ​ដោយ​ក្រុម​ភេរវជន
11, Jan 2015 , 7:30 pm        
រូបភាព
ក្រោយ​មានការ​ណី​វាយប្រហារ​បន្ត​គ្នា​នៅ​បារាំង និង​មានការ​ព្រមាន​ពី​ក្រុម​ភេរវជន​អាល់​កៃ​ដា​នៅ​យេ​ម៉ែន​ថា​នឹងមាន​ការវាយប្រហារ​ផ្សេងទៀត​ប្រឆាំង​លោកខាងលិច នៅពេលនេះ​សហរដ្ឋអាមេរិក​បានប្រកាស​ក្រើនរំលឹក​ប្រជាជន​ខ្លួន​អោយ​ប្រុងប្រយ័ត្ន និង​រក​វិធានការ​រឹតបន្តឹង​សន្តិសុខ​ក្នុងប្រទេស។ ប​ច្ច​ប្បន្ន​នេះ ក្រុម​ភេរ​ជន​បច្ចុប្បន្ន​បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី ដោយ​វាយប្រហារ​តែ​ក្នុងប្រទេសធំៗដែល​ធ្វើសង្គ្រាម​ប្រឆាំង​ប្រទេស​ឥស្លាម​តែប៉ុណ្ណោះ។

សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ 




សហរដ្ឋអាមេរិក​ជា​មុខសញ្ញា​ធំ​បំផុត​របស់​ក្រុម​ភេរវជន ដោយសារ​ប្រទេស​នេះ​ដើរតួនាទី​សំខាន់​ជា​គេ​ក្នុងការ​តាម​កម្ចាត់​ក្រុម​ភេរវជន និង​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​ជ្រុលនិយម​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយ​ករណី​វាយប្រហារ​បន្តបន្ទាប់​គ្នា​នៅ​បារាំង កំពុង​ធ្វើអោយ​មហាអំណាច​យោធា​នេះ​អាមេរិក​នេះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន​ដែរ ហើយ​មេដឹកនាំ​ប្រទេស​នេះ​បាន​អំពាវនាវ​អោយ​មានការ​រឹតបន្តឹង​សន្តិសុខ​ក្នុងប្រទេស​ទប់ស្កាត់​ករ​ណី​ភេរវកម្ម។ ម្សិលមិញ​នេះ​គេ​ឃើញ​ក្រសួងការបរទេស​អាម​រិ​ក​បានប្រកាស​ក្រើនរំលឹក​ដល់​ប្រជាជន​ខ្លួន​នៅ​បរទេស​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ទប់ស្កាត់​ករណី​វាយប្រហារ​ប្រឆាំង​អាមេរិក​ផងដែរ។

ក្រោយ​មាន​ករណី​វាយប្រហារ​នៅ​បារាំង ក្រុម​អាល់​កៃ​ដា​នៅ​យេ​ម៉ែន បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ ហើយ​ក្រុម​នេះ​បានប្រកាស​ព្រមាន​ថា​ខ្លួន​នឹង​បើក​ការវាយប្រហារ​ផ្សេងទៀត​ប្រឆាំង​លោកខាងលិច​ផ្សេង​ពី​បារាំង​មាន​អង់គ្លេស និង​អាមេរិក​ជាដើម។ ពួកគេ​ព្រមានចំៗថា បើ​ចង់​នៅ​សុខ​ស្រួល និង​សុវត្ថិភាព លោកខាងលិច​ទាំងនោះ​គួរ​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​ប្រឆាំង​ដោយ​ការធ្វើ​សង្គ្រាម និង​ធ្វើទុក្ខបុកម្នេញ​លើ​បណ្តា​ប្រទេស​ឥស្លាម​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ។

ហើយ​ពួកគេ​សង្កត់ធ្ងន់ថា ក្រុម​ភេរវជន​ទាំងអស់​លែង​វាយប្រហារ​ប្រទេស​តូច​ហើយ ហើយ​ពួកគេ​កំពុង​អនុវត្ត​គោលនយោបាយ​វាយ​ក្បាល​ពស់។ ដែល​នេះ​មានន័យថា​ពួកគេ​នឹង​អុកឡុក និង​វាយប្រហារ​នៅក្នុង​ប្រទេស​ដែល​ដឹកនាំ​កងកម្លាំង​ធ្វើសង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន និង​ប្រទេស​ឥស្លាម​មួយចំនួនទៀត។ ក្រុម​ភេរវជន​អាច​នឹង​បើក​ការវាយប្រហារ​ប្រឆាំងនឹង​ប្រទេសធំៗជាពិសេស​សហរដ្ឋអាមេរិក ដែល​ដើរតួនាទី​សកម្ម​ជាងគេ​នៅ​មជ្ឈិមបូព៌ា ហើយ​វា​ជាការ​ដាក់​សម្ពាធ​អោយ​លោកខាងលិច​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ពួកគេ​នៅ​មជ្ឈិមបូព៌ា​ថែម​ទៀតផង។

ដោយឡែក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លោក នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ កា​មេ​រ៉ូ​ន​នៅ​ថ្ងៃ ១៥មករា​ខាងមុខនេះ ដោយ​ប្រធានបទ​សំខាន់​សម្រាប់​ការពិភាក្សា​របស់​មេដឹកនាំ​ទាំងពីរ​នេះ​គឺ​បញ្ហា​សន្តិសុខ​សាកល ជាពិសេស​ការប្រឆាំង​ក្រុម​ភេរវជន និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ជាដើម។ តាមពិតទៅ​មេដឹកនាំ​ទាំងពីរ​នាក់​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ខ្លាំង ហើយ​លោក​អូ​បា​ម៉ា​ធ្លាប់​ហៅ​លោក កា​ម៉េ​រូ​ន ប្អូនប្រុស​ថែមទៀត​ផង។

ក្នុងជំនួប​ពិភាក្សា​នាពេលខាងមុខ សម​ភាគី​ទាំងពីរ​នឹង​លើកឡើង​ករណី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជ្រុលនិយម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ និង​វិធានការ​ប្រឆាំង​ក្រុម​ភេរវជន​ផ្សេងទៀត​ផងដែរ។ អង់គ្លេស​តែងតែ​គាំទ្រ និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក​នៅក្នុង​ការធ្វើ​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន តាំងពី​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​បច្ចុប្បន្ន​អង់គ្លេស​ក៏​កំពុង​ជួយ​ទម្លាក់​គ្រាប់​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​ថែមទៀត​ផង។ ចំណែក​ទាក់ទិន​ករណី​វាយប្រហារ​ទស្សនា​វ​ដ្តី​ត្លុក​នៅ​បារាំង អាមេរិក និង​អង់គ្លេស​បាន​ប្រកាន់​ជំហរ​រួមគ្នា​គាំទ្រ​បារាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​តទល់​ជាមួយ​ក្រុម​ភេរវជន៕


© រក្សាសិទ្ធិដោយ thmeythmey.com