ជាតិ
សង្គមជាតិ
ការចាក់​ថ្នាំ​នឹង​សេរ៉ូម​ជា​មូលហេតុ​សំខាន់​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា
12, Jan 2015 , 2:59 pm        
រូបភាព
បន្ទាប់ពី​ករណី​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស​ន៍​នៅក្នុង​ឃុំ​រកា​ស្រុក​សង្កែ​ខេត្តបាត់ដំបង​ក្រសួងសុខាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ធ្វើការ​អង្កេត​និង​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍ ដែល​បានរួម​បញ្ចូល​ការសិក្សា​លើ​ករណី​ឆ្លង​ឬ​មិន​ឆ្លង​មេរោគ​អេដស៍។តាមរយៈ​ការស្រាវជ្រាវ បាន​បង្ហាញថា អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​ចាក់​ថ្នាំ និង​ចាក់​សេរ៉ូម​មាន​កម្រិត​ខ្ពស់ជាង​អ្នក​មិន​ឆ្លង​មេរោគ​អេស​ដស៍។



អ្នក​ឃុំ​រកា​ចំនួន២១២នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ក្នុងចំណោម​អ្នកភូមិ​ចំនួន១៩៤០នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ទទួល​ការប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ចាប់ពី​ថ្ងៃទី៨ដល់​ថ្ងៃទី៣១ធ្នូ​ឆ្នាំ២០១។ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន២១២នាក់​នោះ​មាន​កុមារ​ក្រោម១៤ឆ្នាំ​ចំនួន៣៩នាក់ មនុស្ស​អាយុ​ចន្លោះ​ពី១៥ដល់៥៩ឆ្នាំ មាន​ចំនួន១២៧នាក់ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី៦០ឆ្នាំ​ឡើងទៅ​មាន​ចំនួន៤៦នាក់។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួងសុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក(WHO)និង​អង្គការ​UNAIDSកាលពី​ថ្ងៃទី៩មករា ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន៧៥នាក់​ដែល​បាន​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ(HCV)មាន៣៦នាក់​បាន​ឆ្លង​មេរោគ​នេះ។ហើយ​ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំង២១២នាក់​មាន១៦១នាក់​បាន​ចុះឈ្មោះ​នៅ​សេវា Pre-ARTក្នុងនោះ៧៨នាក់​បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍។

ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ គ្រូពេទ្យ យ៉ែម ជ្រិ​ន ត្រូវបាន​គេ​សង្ស័យថា​ជា​អ្នកប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា​បង្ក​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ពលរដ្ឋ​ពេញ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង។ លោក យ៉ែម ជ្រិ​ន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៧ ខែធ្នូ​ឆ្នាំ២០១៤ ហើយ​បច្ចុប្បន្នកំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង។ គ្រូពេទ្យ​ប្រចាំ​ភូមិ​រូបនេះ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់ ពីបទ​ឃាតកម្ម អំពើ​ឃោរឃៅ (មាត្រា ២០៥) នៃ​ក្រមព្រហ្មទណ្ឌ ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ​អ្នកដទៃ (មាត្រា១៨ និង​មាត្រា៥០)នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍/ជំងឺអេដស៍ និង​បទ​ធ្វើ​អាជីវកម្ម​ពេទ្យ​ដោយ​គ្មាន​ការអនុញ្ញាត។ ប្រសិនបើ​តុលា​ការរក​កំហុស​ដូច​បទចោទប្រកាន់ លោក​នឹងត្រូវ​ប្រឈមមុខ​ជាប់​ក្នុង​ពន្ធនាគារ អស់​មួយជីវិត៕


© រក្សាសិទ្ធិដោយ thmeythmey.com