ពីនេះ ពីនោះ
អន្តរជាតិ
ស្ត្រី​អាមេរិក​ម្នាក់​សម្រាលកូន ១ម៉ោង​ក្រោយ​ពេទ្យ​ពិនិត្យឃើញថា​នាង​មាន​ផ្ទៃពោះ
12, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

វា​ជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ តែ​វា​បានកើត​ឡើង​ទៅលើ​ស្ត្រី​ម្នាក់ ដែល​រស់នៅក្នុង​រដ្ឋ​Massachusetts សហរដ្ឋអាមេរិក នៅពេលដែល​នាង​មាន​អា​ការៈឈឺ​ក្នុង​ពោះ ហើយ​នាង​ត្រូវបាន​មិត្ត​ប្រុស​ជូនទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ។ លទ្ធផល​នៃ​ការពិនិត្យ​បង្ហាញថា នាង​មាន​ផ្ទៃពោះ ៩ ខែ​ហើយ ខណៈពេលដែល​នាង​មិន​ដែលមាន​អារម្មណ៍​ថា ខ្លួន​ចាញ់កូន​ឬ​មាន​អ្វី​ប្លែក​ក្នុង​ខ្លួន​នោះ។ នេះ​បើ​យោងតាម​កាសែត New York Daily News ។



កាសែត​ដដែល​នេះ​បាន​ផ្សាយ​ថា ក្រោយ​ពេលដែល​គ្រូពេទ្យ​ពិនិត្យឃើញថា នាង Katherine Kropasមាន​ផ្ទៃពោះ​ហើយ​នោះ មិត្ត​ប្រុស​របស់​នាង​គឺ​លោក Dan Keefeបាន​ប្រាប់​ឪពុកម្តាយ​របស់​នាង ឲ្យ​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ។ រយៈពេល ១ ម៉ោង​ក្រោយមក នាង Katherine សម្រាល​បានកូន​ស្រី​ម្នាក់ ទម្ងន់ ៤,៦ គីឡូក្រាម ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា ទាំង​ម្ដាយ និង​ទារក គឺមាន​សុខភាព​ល្អ​ធម្មតា​ទេ។

រឿងរ៉ាវ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រ​ហ​ស្បិ៍​សប្ដាហ៍​មុន នៅពេលដែល​នាង Katherine អាយុ ២៣ ឆ្នាំ រស់នៅក្នុង​ទីក្រុង Weymouthរដ្ឋ​Massachusetts មានការ​ឈឺចាប់​ក្នុង​ពោះ​របស់​នាង ហើយ​នាង​បាន​ហៅ​មិត្ត​ប្រុស​របស់​នាង ឲ្យ​ជូនទៅ​មន្ទីរពេទ្យ។ ក្រោយមក​គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា នាង​មាន​ផ្ទៃពោះ ៩ ខែ​ហើយ រយៈពេល មួយ​ម៉ោង​ក្រោយមក នាង​បង្កើតបាន​កូនស្រី​មួយ​ដ៏​ស្រស់ស្អាត។

នាង Katherine បាន​ប្រាប់​កាសែត​ខាងលើ​ថា នាង​គ្មាន​អារម្មណ៍​ថា ខ្លួន​មាន​ផ្ទៃពោះ​នោះទេ​ព្រោះថា ក្នុង​ខ្លួន​របស់​នាង​គឺ​គ្មាន​អាកា​រៈ​ប្លែក​អ្វី​ទាល់តែសោះ សូម្បីតែ​ការ​ចាញ់កូន។ នៅ​មុនពេល​មានកូន​នេះ នាង​និង​មិត្ត​ប្រុស ធ្លាប់បាន​ពិភាក្សាគ្នា​ថា ចង់បាន​កូន​ម្នា​ក់នៅ​ថ្ងៃ​ណាមួយ ហើយ​ពេលនេះ នាង​មានកូន​ទាំង​មិនដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រំភើប​ជាខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com