ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
មន្ត្រី​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ ឬ​គ្មាន​ឆន្ទៈ​ធ្វើការ គឺជា​កំហុស​ថ្នាក់ដឹកនាំ!
14, Jan 2015 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រីរាជការ​មួយចំនួន​មានការ​ងារ​ធ្វើ​ធម្មតា​តាម​គោលការណ៍​របស់​រដ្ឋ។ ប៉ុន្តែ​មន្ត្រី​មួយចំនួន​ផ្សេងទៀត​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​ទេ។ ហេតុអ្វី​បានជា​មន្ត្រី​រាជ​ការគ្មានការងារធ្វើ​ពិតប្រាកដ?



មាន​មូលហេតុ​មួយចំនួន​ដែល​ជំ​រុញអោយ​មន្ត្រី​មួយចំនួន​គ្មាន​ការងារ​ធ្វើ ឬ​គ្មាន​ឆន្ទៈ​ធ្វើ​ការងារ។ ទី១ ថ្នាក់លើ​មិន​បែងចែក​ការងារ​អោយ​ថ្នាក់ក្រោម​ធ្វើ។ ពេលខ្លះ ថ្នាក់លើ​បែងចែក​ដែរ តែ​បែងចែក​អោយតែ​បក្សពួក​របស់ខ្លួន។ អ្នក​ដែល​មិនមែនជា​បក្សពួក​របស់​ខ្លួន ត្រូវបាន​គេ​ទុកចោល​នៅ​គៀនជញ្ជាំង។ ទង្វើ​បក្សពួកនិយម​ជំ​រុញអោយ​មន្ត្រី​ផ្សេងទៀត​មិន​ចង់​ធ្វើការ ឬ​គ្មាន​ឆន្ទៈ​ធ្វើ​ការងារ​ឡើយ។

ទី២ ប្រាក់ខែ​តិច។ ប្រាក់ខែ​តិច​ជំ​រុញអោយ​មន្ត្រី​ខ្លះ មិន​ខ្វល់​នឹង​ការងារ​របស់​រដ្ឋ។ ពួកគេ​ធ្វើការ«លេង»ដើម្បី​យកឈ្មោះ​ជា​មន្ត្រីរាជការ​អោយគេ​ខ្លាចក្រែង​ប៉ុណ្ណោះ។

ទី៣ មន្ត្រី​ខ្លួនឯង​គ្មាន​សមត្ថភាព​ធ្វើការ​ដោយសារ​ខ្វះ​ចំណេះដឹង។ មើល​មួយ​ភ្លែត ត្រង់ចំណុច​នេះ គេ​គួរ​ស្តីបន្ទោស​មន្ត្រី​ថ្នាក់ក្រោម ប៉ុន្តែ​បញ្ហា​នេះ គឺជា​កំហុស​អ្នកគ្រប់គ្រង។ ប្រសិនបើ មន្ត្រី​ថ្នាក់ក្រោម​គ្មាន​សមត្ថភាព​ធ្វើការ ថ្នាក់លើ​ត្រូវតែ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជាប្រចាំ​ជូន​មន្ត្រី​របស់ខ្លួន។ វគ្គ​បណ្តុះបណ្តាល​ត្រូវតែ​ធ្វើជា​ប្រចាំ។

ទី៤ មន្ត្រី​ខ្លះ ខ្វះ​មនសិការ​ធ្វើ​កិច្ចការ​តែម្តង ពីព្រោះ ពួកគេ​ធ្លាប់​ធ្វើការ​ខ្ជីខ្ជា​តាំងពី​យូរយា​ណាស់​មកហើយ។

និង​ទី៥ ការតែងតាំង​ធ្វើឡើង​តាម​បណ្តាញ​សែស្រឡាយ​បក្សពួក។ ទង្វើ​នេះ​ធ្វើអោយ​មន្ត្រី
ដទៃទៀត​មិន​ចង់ ឬ​គ្មាន​ឆន្ទៈ​ធ្វើការ៕

សូ ភាសិត




© រក្សាសិទ្ធិដោយ thmeythmey.com