កីឡាជាតិ
ជាតិ
បញ្ចប់វគ្គបំប៉នដល់មន្ត្រីដឹកនាំ និងអនុរក្ស ពង្រឹងការប្រមូលផ្ដុំត្រៀមស៊ីហ្គេម 
×![]()
វគ្គ បំប៉នផែនការហ្វឹកហាត់ និងទ្រឹស្ដីហ្វឹកហាត់ដល់គ្រូជម្រើសជាតិ ត្រៀមក្នុងពេលប្រមូលផ្ដុំមុនចេញទៅប្រកួតកីឡាស៊ីហ្គែមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ចាប់ផ្ដើមតាំងពីថ្ងៃទី ១២ ដល់ ១៤ ខែមករា ឆ្នាំ២០១៥ នា បានបញ្ចប់ទៅហើយនៅរសៀលម្សិលមិញនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមសរុប៨៨នាក់ ដែលក្នុងនោះគ្រូបង្វឹក គ្រូជំនួយចំនួន៦២នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន២៣ និងអនុរក្សជាមន្ត្រីរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន២៦ នាក់។
មុនពេលប្រមូលផ្ដុំកីឡាជម្រើសជាតិរៀងរាល់ឆ្នាំ គឺតែងតែមានការបើកវគ្គបំប៉នបែបនេះ ព្រោះវាជាការពង្រឹងគុណភាព ប្រសិទ្ធភាពនៃការបង្ហាត់ និងហាត់របស់ក្រុមជម្រើសជាតិឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សម្រាប់ការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិ នៅឆ្នាំនេះមានរយៈពេលតែ៥ខែប៉ុណ្ណោះ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមករារហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា។
នៅក្នុងវគ្គបំប៉ននេះគឺមានការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសសំខាន់ៗ ដែលមានជំនាញផ្នែកកីឡា រួមមានលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក កែវ សារ៉េតអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលជាវេជ្ជបណ្ឌិតអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
ប្រធានបទ សំខាន់ៗនៅក្នុងវគ្គបំប៉ននេះ មានការរៀបចំផែនការរយៈពេល ៥ ខែ ពីការអនុវត្តក្នុងពេលប្រមូលផ្ដុំ មានបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រង ការហ្វឹកហាត់ក្នុងមណ្ឌលប្រមូលផ្ដុំ យន្តការនៃការគ្រប់គ្រងការប្រមូលផ្ដុំ។ នីតិវិធីនៃការផ្លាស់ប្ដូរគ្រូបង្វឹកនិង កីឡាករ កីឡាការិនីជម្រើសជាតិ។ របបចំណីអាហារការវាយតម្លៃក្នុងសៀវភៅតាមដាន វិធីសាស្ត្រ និង ចិត្តសាស្ត្រការសង្គ្រោះបន្ទាន់ និងការយល់ដឹងអំពីការប្រឆាំងសារធាតុដូប៉ាក្នុងកីឡា។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិង កីឡា បានលើកឡើងថា ទោះជាឆ្លងកាត់វគ្គសិក្សានេះមែនតែទាមទារឲ្យអ្នកដឹកនាំ គ្រប់គ្រង និងកីឡាករ កីឡាការិនី ដែលជាអ្នកចូលរួមមានការប្ដេជ្ញាចិត្ត និងឆន្ទៈខ្ពស់ លះបង់ពេលវេលា ខិតខំជំនះគ្រប់ឧបសគ្គ គួបផ្សំនឹងវិន័យ សីលធម៌ ប្រកបដោយស្មារតីវិជ្ជាជីវៈខ្ពស់ ទើបការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ មានលទ្ធភាពដណ្តើមបានជ័យជំនះជូនជាតិបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com