ជាតិ
ពីនេះ ពីនោះ
ខ្ទីងមានទម្ងន់៥០០-១០០០គីឡូក្រាម និងមានកម្ពស់២ម៉ែត្រ
× ភិនភាគ៖ ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង។ កខ្លីបន្តិច រាងមាំដោយមានបូរនៅផ្នែកខាងក្រោម។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ។ នៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល។ កូនរបស់វាមានពណ៌ត្នោតរហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។
ខ្ទីងញីមានមាឌ និងស្នែងតូចជាងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ប្រជាជនដែលរស់នៅតាមតំបន់ព្រៃភ្នំច្រើនហៅឈ្មោះសត្វនេះថា “ខ្ទីងភ្នំ” ។
ស្នែងខ្ទីងមានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គ.ក។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ម៉ែត្រ និងញី ១,៦០ម៉ែត្រ។ ខ្ទីងឈ្មោលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ២ម៉ែត្រ។
ជីវសាស្ត្រ៖ ខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ)។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង។ ជាធម្មតាខ្ទីងចេញរកស៊ី នៅពេលព្រឹង និងពេលល្ងាច។ វាចូលចិត្តរស់នៅជាហ្វូង។ អាហាររបស់វាគឺ ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ខ្ទីងញីអាចបង្កើតកូនបាន១បន្ទាប់ពីពពោះរយៈពេល៩ខែ។
រប៉ាយរស់នៅ៖ ខ្ទីងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឲ្យព្រួយបារម្ភ។ ខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិសាត់ (ជួរភ្នំក្រវាញ) និងកំពង់ស្ពឺជាដើម។ រប៉ាយរបស់ប្រភេទនេះមាននៅប្រទេឥណ្ឌា រហូតដល់អាស៊ីអាគ្នេយ៍។
ស្ថានភាពអភិរក្ស៖ ខ្ទីងស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ប្រភេទនេះមានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាមានរស់នៅតាមវាលទំនាបណាស់ ព្រោះសត្វនេះមិនចូលចិត្តកម្តៅថ្ងៃយូរពេកនោះទេ។ សត្វខ្ទីងកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។
ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕
© រក្សាសិទ្ធិដោយ thmeythmey.com