ជាតិ
ពីនេះ ពីនោះ
ក្របីព្រៃទម្ងន់មាន៧០០-១២០០គីឡូក្រាម និងរហ័សរហូនជាងក្របីស្រុក
×
ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្តែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ទម្ងន់មានពី៧០០-១២០០គ.ក វាមានពណ៌ប្រផេះ ឬត្នោងខ្មៅ។ នៅខាងក្រោមក មានពណ៌ស រាងជាអក្សរ (V)។ ស្នែងទាំងពីរមានរាងសំប៉ែតគន្លាក់ៗបត់ទៅក្រោយ ក្របីព្រៃមានតម្លាតស្នែងធំជាងក្របីស្រុក។ ក្របីព្រៃឈ្មោលមានកម្ពស់រហូតដល់២ម៉ែត្រ។
ជីវសាស្ត្រ៖ ក្របីព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃរស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅព្រឹកព្រលឹម និងពេលល្ងាច។ វាទំពារអៀងនៅពេលដេក ឬពេលត្រាំទឹក។ ក្របីព្រៃញីដោយឈ្មោលនៅកំឡុងខែតុលា រហូតដល់វិច្ឆិកា និងបង្កើតបានកូន១ បន្ទាប់ពីបានពពោះរយៈពេល ១០ខែ។
រប៉ាយរស់នៅ៖ ក្របីព្រៃជាប្រភេទសត្វកម្រ វាមានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ក្របីព្រៃមានវត្តមាននៅតែប៉ុន្មានខេត្តប៉ុណ្ណោះ ដូចជាខេត្តមណ្ឌលគីរី ព្រះវិហារ និងរតនគីរី។ វាមានវត្តមានរស់នៅផងដែរនៅប្រទេសឥណ្ឌា និងនេប៉ាល់។
ស្ថានភាពអភិរក្ស៖ ក្របីព្រៃស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកលដែលបានចុះក្នុងបញ្ជីក្រហម IUCN (EN) ។ នៅប្រទេសកម្ពុជាប្រភេទនេះមានវត្តមានតិចតួចបំផុត។ ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់៕
© រក្សាសិទ្ធិដោយ thmeythmey.com