ជាតិ
ឧទ្ធរណ៍​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​ឪពុកម្តាយ ថោង សារ៉ាត់
20, Jan 2015 , 10:18 am        
រូបភាព
ដោយ:
លោក ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃ​អង្គារ ទី២០ ខែមករា នេះ បានចេញ​ដីកា​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ដែលជា​ឪពុក​របស់​ឧកញ៉ា ថោង សារ៉ាត់។



លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ជាមួយ​មនុស្ស​ប្រមាណ១០នាក់​ទៀត​ក្នុង​សំណុំរឿង​ទាក់ទង​នឹង​ការសម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយ​អាជ្ញាធរ​បាន​ចោទ លោក ថោង សារ៉ាត់ ម្ចាស់​បុរី៩៩៩ ថា ជា​មេខ្លោង។

ក្រោយមក សាលាដំបូង​បានសម្រេច​ឃុំខ្លួន​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី រួមទាំង​អង្គរក្ស៥នាក់​ទៀត។ អង្គរក្ស​ទាំង​បួន​ត្រូវបាន​តុលាការ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន។

លោក ថោង សារ៉ាត់ តាមរយៈ​ឃ្លី​ប​វីដេអូ​ពី​កន្លែង​រត់គេចខ្លួន បាន​បដិសេធ​នូវ​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ និង​តុលាការ។ លោក​បាន​អះអាងថា ខ្លួន​មិនដែល​មានការ​ងារ​រក​ស៊ី​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក អ៊ឹង ម៉េង​ជឺ​នោះឡើយ។

លោក ស៊ី សត្យា មេធាវី​ឪពុកម្តាយ លោក ថោង សារ៉ាត់ បានចាត់ទុក​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ថា ជា​រឿង​អយុត្តិធម៌។ លោក​នៅតែ​ទាមទារ​ឲ្យ​កូនក្តី​របស់លោក​ស្ថិតនៅ​ក្រៅ​ឃុំ ជាពិសេស​លោក ថោង ចំរើន ដែលមាន​ជំងឺថ្លើម​ដ៏​ធ្ងន់ធ្ងរ៕




© រក្សាសិទ្ធិដោយ thmeythmey.com