ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារីៗស្អប់បុរសមិនស្មោះ ក្រោយបង់ប្រាណ
× ស្ត្រីមួយចំនួនបានត្រឹមពោលពាក្យថាស្តាយក្រោយ បន្ទាប់ពីបុរសជាសង្សារតែងប្រែចិត្ត ក្រោយពីទទួលបានស្នេហាស៊ីជម្រៅពីនាង។ នារីខ្លះទៀតហ៊ាននិយាយដល់ស្អប់មនុស្សប្រុសទូទៅទៀតផង។
កញ្ញា ស៊ឹម ពិសី មានអាយុ២៦ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរម្នាក់ ធ្លាប់រងគ្រោះនឹងរឿងស្នេហាក្បត់ចិត្តរបស់បុរសម្នាក់ ក្រោយពីបានកសាងស្នេហាជាមួយគ្នាបាន២ឆ្នាំ។ ការឈឺចាប់របស់ពិសី នៅមិនទាន់រសាយនៅឡើយ។ ពិសី ដែលនិយាយលាយឡំនឹងកំហឹង បានរម្លឹកថា ដៃគូស្នេហារបស់ខ្លួន បានចាប់ផ្តើមនិយាយផ្អែមល្ហែម និងស្រឡាញ់នាង តែពីដំបូងប៉ុណ្ណោះ ប៉ុន្តែក្រោយពីនាងដាក់ចិត្តស្រឡាញ់វិញ បុរសជាដៃគូក៏បានចាប់ផ្តើមដកចិត្តពីនាងវិញ។ ពិសី ដែលតែងនិយាយថា ស្នេហាធ្វើឲ្យខ្លួនឈឺចាប់នោះ បានរៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួនយ៉ាងដូច្នេះថា៖«ពេលស្រលាញ់គ្នាដំបូង គេនិយាយប្រើពាក្យផ្អែមណាស់ ធ្វើអ្វីក៏ធ្វើដែរដើម្បីយើង។ តែនៅពេលដែលយើងស្រលាញ់គេខ្លាំងដែរ គេក៏ធ្វើចាប់ផ្តើមធ្វើឬកពារប្លែកៗ ហាក់មិនពេញចិត្តយើងឡើយ។ ពេលខ្លះគេនៅមនុស្សស្រីថ្មី ធ្វើឲ្យខ្ញុំប្រចណ្ឌ និងយំទៀតផង។ ចុងក្រោយ គេក៏និយាយថា បើខ្ញុំទ្រាំមិនបាន ឲ្យខ្ញុំបែកពីគេទៅ»។
និយាយអំពីស្នេហា កញ្ញា ជឹម ផល្លា លែងចង់ឮទៀតហើយ។ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងជានិស្សិតផង ផល្លា បានសារភាពថាកញ្ញាធ្លាប់បានបង់ខ្លួនប្រាណជាមួយសង្សារ ហើយវាក៏នៅតែសុបិន្តអាក្រក់ដែលតាមលងអារម្មណ៍របស់ខ្លួនជានិច្ច។ ជាងមួយឆ្នាំមកនេះ គឺជាពេលវេលាដែលផល្លាបានបាត់បង់មនុស្សប្រុសដែលខ្លួនបានដាក់ចិត្តស្រឡាញ់។ ផល្លា ដែលឆ្នាំនេះមានអាយុ២៤ឆ្នាំបានប្រាប់យ៉ាងដូច្នេះថា៖«ខ្ញុំសោកស្ដាយ ក្រោយពេលដែលខ្ញុំបានសម្រេចចិត្តស្រឡាញ់គេ ហើយខ្ញុំដឹងថាគេមានការទាក់ទងជាមួយនារីផ្សេងៗច្រើននាក់ទៀត។ រាល់ពេលដែលខ្ញុំសួរគេអំពីរឿងនេះ គេនៅតែអះអាង គេស្រឡាញ់តែខ្ញុំ។ នៅពេលដែលខ្ញុំសួរគេបញ្ជាក់ច្រើនដង គេបានប្រាប់ឲ្យខ្ញុំបែកពីគេ បើខ្ញុំមិនជឿគេ។ ខ្ញុំក៏ព្រមបែកពីគេ»។
កញ្ញា ធីតា ក៏ស្អប់មនុស្សប្រុសជាអតីតសង្សារដែលធ្លាប់ធ្វើឲ្យកញ្ញាខូចចិត្តដែរ។ មិនត្រឹមតែស្អប់បុរសអតីតសង្សារដែលធ្លាប់លួងលោមបោកប្រាស់ចិត្ត និងយកបានខ្លួនប្រាណនាងទេ ប៉ុន្តែធីតាមានអារម្មណ៍ស្អប់មនុស្សទាំងអស់ទៀតផង។
ជាអ្នកធ្លាប់រងគ្រោះដោយសារស្នេហារបស់បុរសមិនស្មោះ អឹម លីដា ចង់ផ្ញើសារទៅនារីគ្រប់រូប មិនត្រូវឆាប់ជឿជាក់ និងដាក់ចិត្តទទួលយកការលួងលោមរបស់បុរសឆាប់ពេកនោះទេ ហើយជាពិសេសការដាក់ចិត្តស្រឡាញ់បុរស។ យល់ឃើញស្រដៀងគ្នានេះ អ្នកស្រី វ៉ាន់ បុប្ជា ដែលរៀបការមានកូន៣នាក់ហើយនោះ បានផ្តល់ដំបូន្មានដល់នារីគ្រប់គ្នាថា សេចក្តីស្នេហារបស់បុរសពិតប្រាកដ យ៉ាងហោចណាស់ត្រូវស្តែងចេញតាមរយៈការស្តីដណ្តឹងរៀបការ៕
© រក្សាសិទ្ធិដោយ thmeythmey.com