កីឡាជាតិ
ជាតិ
Hun Sen Cup៖ ជើងឯក និង ជើងឯករងឆ្នាំចាស់ ចេញប្រកួតវគ្គជម្រុះតាមពូលមុនគេ 
×![]()
វគ្គជម្រុះតាមពូលនៃពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន លើកទី ៩ ឆ្នាំ ២០១៥ (Hun Sen Cup) បានចាប់ផ្ដើមប្រកួតពីថ្ងៃទី ២១ ខែ មករា នេះតទៅហើយដោយមាន ៤ គូត្រូវប្រជែងគ្នាមុនគេលើ ទីលានបាល់ទាត់មជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។ ក្រុមជើងឯកឆ្នាំចាស់ អគ្គស្នងការនគរបាលជាតិ និង ក្រុមជើងឯករងឆ្នាំចាស់ បៀលប្រាយ ក៏មានឈ្មោះប្រកួតនៅថ្ងៃដំបូងនេះដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ ត្បូងឃ្មុំ
ក្រុមទាំង ២ ស្ថិតនៅពូល A ត្រូវប៉ះគ្នានៅវេលាម៉ោង ៣:៣០ នាទីរសៀល លើទីលានមជ្ឍមណ្ឌលបាទី ១ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ BTV ផងដែរ។
សម្រាប់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ២០១៤ និង ជាក្រុមអង្គុយចាំនៅវគ្គ ១៦ ក្រុមចុងក្រោយនេះ។ សមាសភាពក្រុមនេះមិនមានការផ្លាស់ប្ដូរច្រើននោះទេ ស្របពេលលោក អ៊ុង កងយ៉ានិត គ្រូបង្គោលបានចាប់ប្រមូលផ្ដុំតាំងពី៣ ខែមុននេះដើម្បីត្រៀមកៅអីវគ្គបន្ទាប់របស់ខ្លួន។
ចំណែកក្រុមខេត្តត្បូងឃ្មុំ ជាក្រុមជំនួសតំណែងក្រុមអាស៊ីអឺរ៉ុប ដែលបានដកខ្លួន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចជ្រើសរើសយកក្រុមខេត្តត្បូងឃ្មុំ មកពីមណ្ឌលខាងកើត ដែលរៀបចំនៅខេត្តព្រៃវែង ព្រោះតែក្រុមនេះមានចំណាត់ថ្នាក់ និង ពិន្ទុប្រកួតល្អជាងគេ បើធៀបទៅនឹងក្រុមចំណាត់ថ្នាក់លេខ ២ តាមមណ្ឌលនានា។
ខេត្តក្រចេះ ជួប Albirex Niigata Phnom Penh
ក្រុមទាំង ២ ស្ថិតនៅពូល A ដូចគូខាងលើដែរ ដោយត្រូវជួបគ្នានៅម៉ោង ៣:៣០ នាទីរសៀលលើវាលស្មៅមជ្ឍមណ្ឌលបាទី ។ ក្រុមទាំង ២ ទើបឡើងមកពីវគ្គជម្រុះតាមមណ្ឌលដូចគ្នា ដោយក្រុមខេត្តក្រចេះ ជាជើងខ្លាំងមកពីមណ្ឌលខាងជើង ចំណែកក្រុម Albirex Niigata Phnom Penh ជាក្រុមឈ្នះនៅវគ្គប្រកួតស្វែងរកក្រុមចំណាត់ថ្នាក់លេខ ២ ល្អជាងគេប្រចាំមណ្ឌលភ្នំពេញ។
បៀលប្រាយ ប៉ះ ខេត្តកំពត
២ ក្រុមនេះចេញមកពីពូល B ដោយត្រូវជួបគ្នានៅម៉ោង ៣:៣០ នាទីរសៀលលើទីលានមជ្ឍមណ្ឌលបាទី ។ ចំពោះបៀលប្រាយ ជាក្រុមឈរចាំនៅវគ្គ ១៦ ក្រុមចុងក្រោយជាស្រេច ព្រោះរដូវកាលមុនក្នុងលីកកំពូលកម្ពុជា ក្រុមសាកលវិទ្យាល័យមួយនេះឈរ នៅចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមក្រុមទាំង ១។ ម្យ៉ាងវិញទៀតបៀលប្រាយ ជាក្រុមជើងឯករងឆ្នាំចាស់ ក្រោយចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ២ ទល់ ១។
ចំពោះក្រុមខេត្តកំពត វិញជាក្រុមខ្លាំងមកពីមណ្ឌលខាងត្បូងដែលរៀបចំនៅខេត្តតាកែវ។ នៅវគ្គជម្រុះតាមពូលខេត្តកំពត បានយកឈ្នះម្ចាស់នៅប្រកួតបើកឆាកដោយលទ្ធផល ៣ ទល់ ០ នៅទីលានគរុកោសល្យខេត្ត ចូលដល់ប្រកួតទី២ ក្រុមខេត្តភ្ញៀវមួយនេះបានបន្តយកឈ្នះ ២ ទល់ ១ ទៀតព្រោះមណ្ឌលនេះមានតែ ២ ក្រុមចូលរួម។
ត្រាយអាស៊ី ភ្នំពេញ Vs គីរីវង់សុខសែនជ័យ
ត្រាយអាស៊ី និង គីរីវង់ មកពី ពូល B ត្រូវជួបគ្នានៅម៉ោង ៣:៣០ នាទីរសៀល លើទីលានមជ្ឍមណ្ឌលបាទី ។ សម្រាប់ត្រាយអាស៊ី ជាក្រុមឈរចាំនៅវគ្គចែកពូលនេះជាស្រេច ព្រោះក្រុមមួយនេះស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងលីកកម្ពុជា កាលពីរដូវកាលមុន។ ទោះជាលោកគ្រូបង្គោល Daisuke Yoshioka ចាកចេញពីក្រុមយ៉ាងណាក៏ដោយតែក្លិបមួយនេះមិនទាន់បង្ហាញមុខគ្រូបង្វឹកថ្មីនៅឡើយនោះទេ។
ចំណែកក្រុមគីរីរង់សុខសែនជ័យ ជាជើងខ្លាំងមកពីវគ្គជម្រុះ ពូល B នៅមណ្ឌលភ្នំពេញ ក្រោយប្រកួត ៣ លើកឈ្នះទាំង ៣ ក្នុងនោះឈ្នះ ខណ្ឌទួលគោក ៣ ទល់ ០, ឈ្នះ Albirex Niigata Phnom Penh ១ ទល់ ០ និង ឈ្នះក្រុមជ្រោយចង្វា ២ ទល់១ ។
រូបថត៖ FFC (ទីលានបាល់ទាត់បាទី)
© រក្សាសិទ្ធិដោយ thmeythmey.com