ជាតិ
លោក ស៊ុន ចាន់ថុល៖ លោកស៊ីនច័ន្ទឆាយាជាអ្នកដែលទាមទារឲ្យគោរពកម្មសិទ្ធិបញ្ញា 
×![]()
មរណភាពដ៏មិននឹកស្មានដល់របស់លោក ស៊ីន ច័ន្ទឆាយា កូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ គឺជារឿងដ៏គួរឲ្យសោកស្តាយបំផុត។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានទៅចូលរួមរំលែកទុក្ខដ៏ផ្ទាល់ជាមួយគ្រួសារសព។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា លោកស៊ីនច័ន្ទឆាយាជាតន្ត្រីករដ៏ឆ្នើមមួយរូបដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួននិងជាអ្នកទាមទារក្នុងការធ្វើយុទ្ធនាការស្វែងរកសិទ្ធិអ្នកនិពន្ធដើម្បីការពារស្នាដៃបទចំរៀងរបស់ឪពុកខ្លួនក្នុងនាមជាក្រុមគ្រួសារ។លោកបានសរសេរថា៖ «ប្រជាជាតិខ្មែរយើងបានបាត់បង់និមិត្តរូបតំណាងឲ្យវប្បធម៌ជាតិយើងមួយរូបទៀតហើយនៅថ្ងៃនេះហើយយើងខ្ញុំមានពិតជាមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ធំដ៏ធំធេងនេះ»។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថាក្រសួងកំពុងសហការជាមួយក្រសួងវប្បធម៌ដើម្បីរៀបចំការប្រគំតន្ត្រីបទចម្រៀងរបស់លោកស៊ីនស៊ីសាមុតនៅមុនពេលចូលឆ្នាំខ្មែរខាងមុខ។ហើយលោកក៏បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងផងដែរចំពោះមរណភាពរបស់លោកស៊ីនច័ន្ទឆាយាកាលពីថ្ងៃអង្គារដែលមិនបានឃើញការប្រគំតន្ត្រីរំលឹកដល់បទចម្រៀងជំនាន់ដើមរបស់ឪពុកលោកខាងមុខនេះ។
លោកបន្ថែមថា៖«ខ្ញុំមានការសោកស្ដាយគ្មានអ្វីក្រៅពីស្ដាយទេព្រោះលោកឆាយា ជាកូនរបស់សិល្បករល្បីមួយរូបលោកតាស៊ីនស៊ីសាមុត។ហើយក្រសួងពាណិជ្ជកម្មកំពុងពិភាក្សាជាមួយក្រសួងវប្បធម៌និងលោកឆាយ៉ាដែរក្នុងការរៀបចំការប្រគំតន្ត្រីបទចម្រៀងរបស់លោកស៊ីនស៊ីសាមុតដើម្បីប្រមូលថវិការជូនគ្រួសារលោកឆាយាតែសោកស្ដាយពេលនេះគាត់បានស្លាប់។តែគាត់បានដឹងឭគ្រាន់តែមិនបានឃើញប៉ុណ្ណោះ»។
កាលពីពេលថ្មីៗនេះលោកស៊ីនច័ន្ទឆាយា និងក្រុមគ្រួសារទើបតែទទួលបានកម្មសិទ្ធិបញ្ញាលើបទចម្រៀងឪពុករបស់ខ្លួនចំនួន៧៣បទតាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌។លោកស៊ីនច័ន្ទឆាយ៉ាគឺជាកូនប្រុសរបស់លោកស៊ីនស៊ីសាមុតដែលជាអ្នកចម្រៀងដ៏ល្បីមួយរូបកាលពីក្នុងទស្សវត្សរ៍ទី១៩៦០ ។លោកស៊ីនច័ន្ទឆាយាបានទទួលមរណភាពកាលពីថ្ងៃអង្គារម្សិលមិញដោយសារដាច់សរសៃឈាមក្រោយដួលប៉ះទង្គិចចំក្បាលនៅមុខផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com