កីឡាជាតិ
ជាតិ
ពូល C និង D បើកការប្រកួតថ្ងៃនេះ ខណៈកាលពីម្សិលមិញ ឯក វណ្ណៈ រកបាន៥គ្រាប់ 
ឯក វណ្ណៈ រកបាន៥គ្រាប់ឲ្យអាល់ប៊ីរិចនៅថ្ងៃបើកឆាក
×![]()
សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅវេលារសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមករា ឆ្នាំ២០១៥នេះ ក្រុមដែលស្ថិតនៅក្នុងពូល C និង D ត្រូវបើកការប្រកួតរបស់ខ្លួន។ ជំនួបស្ថិតនៅលើទីលានចំនួនផ្សេងៗគ្នានៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីនាវេលាម៉ោង៣ និង៣០នាទីដំណាលគ្នា។
គូវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១០ គឺភ្នំពេញក្រោន និងក្រសួងការពារជាតិ ត្រូវប៉ះគ្នានៅទីលានទី២នៃមជ្ឈមណ្ឌលបាល់ទាត់ជាតិ ដោយមានការផ្សាយផ្ទាល់នៅលើទូរទស្សន៍បាយ័ន BTV ស្របពេលដែលបឹងកេតអង្គរអែហ្វស៊ី ប៉ះក្រុមសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបងសម្រាប់ជំនួបនៅក្នុងពូល C។
នៅក្នុងពូល D ក្រុមណាហ្គាវើល ត្រូវប៉ះជាមួយខេត្តព្រៃវែង ស្របពេលដែលស្វាយរៀង ជួបតទល់ជាមួយក្រុមអាជ្ញាធរអប្សរា ខេត្តសៀមរាប។
ដោយឡែកការប្រកួតកាលពីថ្ងៃម្សិលមិញ អាល់ប៊ីរ៉ិចនីហ្គាតាភ្នំពេញឡើងឈរចំណាត់ថ្នាក់លេខមួយពូល A ក្រោយឈ្នះខេត្តក្រចេះ១០ទល់នឹង ០ ដោយខ្សែបម្រើ ឯក វណ្ណៈ ស៊ុតបាល់បញ្ចូលទីតែម្នាក់៥គ្រាប់ ខណៈម៉ាត់ រ៉ូហ្វាស៊ី រកបាន៣គ្រាប់ និងម៉ាត់ ហាសាន់ បន្ថែមបាន២គ្រាប់។
ម្ចាស់ការពារតំណែងជើងឯក អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅចំណាត់ថ្នាក់លេខពីរនៃពូល A តាមរយៈជ័យជម្នះ ៧-០ លើក្រុមខេត្តត្បូងឃ្មុំ ដោយ ស៊ុន វ៉ាន់ដេត រកបាន៣គ្រាប់ នួន បូរី រកបាន២គ្រាប់ និងទិត្យ ឌីណា រកបាន១គ្រាប់។
សម្រាប់ពូល B ជើងឯករង បៀលប្រាយយូណាយធីត បានយកឈ្នះខេត្តកំពត ៥-០ ដោយ អ៊ូច ចំរើន រកបាន៣គ្រាប់ រស់ គង់រិទ្ធី និង ថៃ ផល្លា បានរួមចំណែកម្នាក់១គ្រាប់។ រីឯត្រាយអាស៊ីភ្នំពេញ និងគិរីវង់សុខសែនជ័យ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ។ នុត ស៊ីនួន រកគ្រាប់បាល់នាំមុខឲ្យត្រាយអាស៊ី ហើយ ហេង គឹមហុង វាយបកតាមស្មើវិញសម្រាប់គិរីវង់៕
© រក្សាសិទ្ធិដោយ thmeythmey.com