កីឡាជាតិ
ជាតិ
លោក David Ginola ចង់ដាក់ព្រឹត្តិការណ៍ World Cup នារី និងបុរស ឲ្យនៅជិតគ្នា 
លោក David Ginola ថតជាមួយលោក តុង សុប្រាជ្ញ ដែលជាអ្នកគាំទ្រក្រុមជម្រើសជាតិបារាំងនាអំឡុងទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីឆ្នាំ១៩៩៩
×![]()
លោក David Ginola អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង ដែលបានប្រកាសដាក់បេក្ខភាពរបស់ខ្លួនសម្រាប់ប្រជែងយកតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) មានបំណងរៀបចំព្រឹត្តិការណ៍ World Cup ទាំងផ្នែកបុរស និងនារី ក្នុងដំណាក់កាលប្រកៀកគ្នា ខណៈបច្ចុប្បន្ន ព្រឹត្តិការណ៍ទាំងពីរនេះ ត្រូវបានរៀបចំឡើងនៅប្រទេសផ្សេងគ្នា និងឆ្នាំខុសគ្នា។
លោក Ginola អាយុ៤៧ឆ្នាំ បានការពារគំនិតរបស់ខ្លួនថា ជាការលើកកម្ពស់បាល់ទាត់ផ្នែកនារី។ ប៉ុន្តែលោកត្រូវស្វែងរកការគាំទ្រមតិជាសកលមួយ។ អតីតកីឡាករឆ្នើមរបស់ក្លិប Paris Saint Germain, Tottenham Hotspur និង Newcastle រូបនេះ ទទួលបានជំនួយហិរញ្ញវត្ថុពីក្រុមហ៊ុនភ្នាល់មួយដើម្បីប្រជែងជតំណែងជាមួយលោក Sepp Blatter ។
លោកបានថ្លែងប្រាប់ BBC Radio 5 Live ថា៖ «យើងនិយាយអំពីសិទ្ធិស្មើភាពគ្នា ពីព្រោះយើងចង់លើកតម្កើងស្ត្រីឲ្យស្មើបុរស។ យើងចង់ឲ្យ World Cup ស្ត្រីត្រូវរៀបចំឡើងនាពេលបន្ទាប់ពីព្រឹត្តិការណ៍ផ្នែកបុរស»។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា នៅប្រទេសកាណាដា ពោលគឺជាងមួយឆ្នាំក្រោយព្រឹត្តិការណ៍បុរសនៅក្នុងប្រទេសប្រេស៊ីល។ នេះជាគម្រោងសំខាន់របស់លោក Ginola បន្ទាប់ពីលោកបានដាក់បេក្ខភាពរបស់ខ្លួនសម្រាប់តំណែងប្រធាន FIFA ។ បេក្ខជនសំខាន់ៗផ្សេងទៀតរួមមាន អនុប្រធាន FIFA ព្រះអង្គម្ចាស់ Ali Bin Al Hussein និងអតីតអ្នកការទូត លោក Jerome Champagne។
លោក Blatter អាយុ៧៨ឆ្នាំ បានធ្វើជាប្រធាន FIFA ចាប់តាំងពីឆ្នាំ១៩៩៨មក ហើយលោកកំពុងប្រជែងសម្រាប់តំណែងនេះក្នុងអណ្ណត្តិទី៥បន្តទៀត។
កាលពីឆ្នាំ១៩៩៩ លោក Ginola បានមកទស្សនកិច្ចនៅកម្ពុជាតាមរយៈយុទ្ធនាការអប់រំការយល់ដឹងអំពីមីននៅខេត្តកំពង់ស្ពឺ។ លោកក៏បានលេងបាល់មិត្តភាពជាមួយក្រុមកុមារ និងជនរងគ្រោះដោយសារមីននៅទីនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com