ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើព្រហ្មចារីជារឿងចាំបាច់ទៀតឬទេ?
× ភ្នំពេញ ៖ កាលពីដើមឡើយ បុរសមួយចំនួនតែងតែទាមទារព្រហ្មចារីពីដៃគូរស្នេហ៏របស់ខ្លួន។ ប៉ុន្តែ ផ្នត់គំនិតមួយនេះ បានរសាយបាត់បន្តិចម្តងៗពីអារម្មណ៍របស់យុវជនខ្មែរមួយចំនួននាសម័យថ្មី។ អ្នកជំនាញនិយាយថា ព្រហ្មចារីមានខ្លឹមសារផ្នែកចិត្តសាស្ត្រ ប៉ុន្តែ វាគ្មានន័យសម្រាប់សេចក្តីសេ្នហាពិតប្រាកដនោះទេ។
សង្គមផ្លាស់ប្តូរ ផ្នត់គំនិតរបស់មនុស្សក៏ផ្លាស់ប្តូរដែរ។ កាលពី២០ឬ៣០ឆ្នាំមុន ព្រហ្មចារីនៅតែមានតម្លៃមិនអាចកាត់ថ្លៃបានដដែលសម្រាប់សង្គមខ្មែរ ប៉ុន្តែក្នុងរយះពេលមួយទសវត្សរ៍ចុងក្រោយនេះពាក្យថាព្រហ្មចារីហាក់បីដូចជាបាត់បង់តម្លៃរបស់វាបន្តិចម្តង។ មូលហេតុគឺដោយសារយុវវ័យសម័យថ្មីមួយចំនួនបានបណ្តែតបណ្តោយខ្លួនគេអោយបាត់បង់ព្រហ្មចារីមុនពេលរៀបការ។
ព្រហ្មចារីនៅតែជារូបភាពចាំបាច់
អ្នកផ្តល់បទសម្ភាសន៏បានផ្តល់មតិផ្សេងៗពីគ្នា។ អ្នកខ្លះបាននិយាយថា ព្រហ្មចារីមិនមានអ្វីសំខាន់ទេប៉ុន្តែអ្នកខ្លះទៀតបញ្ចេញទស្សនៈផ្ទុយទៅវិញថា ព្រហ្មចារីនៅតែមានសារៈសំខាន់សម្រាប់គូរស្វាមីភរិយាថ្មី។
លោក សុខ មេត្តា អាយុ៥៨ឆ្នាំ ជាមន្ត្រីរាជការម្នាក់ នៅតែអោយតម្លៃលើព្រហ្មចារីដដែល។ បុរសដែលមានគំនិតអភិរក្សរូបនេះបានរម្លឹកថា កាលពីដើមឡើយ មុននឹងរកប្រពន្ធអោយបានល្អនោះ គេត្រូវការចំណាយពេលច្រើនឆ្នាំដើម្បីតាមពិនិត្យពូជវង្សសាវតារបស់កូនក្រមុំយ៉ាងយូរ។ ការតាមដាននេះគឺដើម្បីចង់ដឹងថាតើកូនស្រីនោះជាមនុស្សយ៉ាងដូចម្តេច? ធ្លាប់មានគេចូលស្តីដណ្តឹងឬអត់? ធ្លាប់មានសេ្នហាលួចលាក់ឬទេ?
បន្ទាប់ពីក្រេបកាហ្វេមួយក្អឹកហើយ លោក មេត្តា បានឆ្លើយដោយខ្លួនឯងថា៖«បើគេដឹងថានាងធ្លាប់មានស្នេហាជាមួយបុរសណាហើយនោះ គេពិតជាដកឃ្លាពិចារណាមួយរយៈ បន្ទាប់មកគេនិយាយយ៉ាងខ្លីថា គេខ្លាចនាងជ្រុលខ្លួនប្រាណជាមួយបុរសនោះ»។
អ្នកស្រីម្នាក់ទៀតនៅអង្គុយមិនឆ្ងាយប៉ុន្មានពីលោក សុខ មេត្តា ដែរនោះបាននិយាយថា៖«កាលពីដើមឡើយបន្ទាប់ពីរៀបការហើយបើប្តីដឹងថាប្រពន្ធគ្មានភាពបរិសុទ្ធបញ្ហានឹងកើតឡើងភ្លាមពេលខ្លះឈានទៅដល់ការចែកផ្លូវគ្នាក៏មានដែរ»។ ស្ត្រីស្ថិតក្នុងវ័យ ៦០ ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្តទៀតថា៖«បើគ្មានព្រហ្មចារី បុរសគិតថាប្រពន្ធខ្លួនមានសាហាយឬមិនស្មោះត្រង់នឹងខ្លួន។ កាលពីដើម គេត្រូវការស្ត្រីព្រហ្មចារីទាំងកាយ ទាំងចិត្ត មាន័យថា បរិសុទ្ធទាំងកាយនិងបរិសុទ្ធទាំងចិត្ត»។
មិនថាពីដើមឬបច្ចុប្បន្នទេព្រហ្មចារីនៅតែជារឿងសំខាន់ដដែល។ លោក បូរ៉ា មានអាយុប្រមាណជា២៦ឆ្នាំបានសម្តែងការសោកស្តាយថា យុវជននិងយុវនារីបច្ចុប្បន្នមួយចំនួនបានបណ្តែតបណ្តោយខ្លួនអោយបាត់បង់ព្រហ្មចារីតែម្តង។ ដោយក្រសែភ្នែកសម្លឹងទៅកាន់យុវជនកំពុងឌុបម៉ូតូគ្នាលោក បូរ៉ាបាននិយាយថា បើទោះបីជាយុវវ័យមួយចំនួនបានបាត់បង់ព្រហ្មចារីក៏ដោយក៏លោកនៅតែគិតថានៅមានស្ត្រីមួយចំនួនរក្សាភាពបរិសុទ្ធរបស់ពួកគេបានល្អដដែល។ លោកបូរ៉ានិយាយថា៖«បុរសនៅតែគិតថាព្រហ្មចារីឬភាពបរិសុទ្ធគឺជាកត្តាសំខាន់ដដែល»។
កញ្ញា ផាលីន បានយល់ស្របទៅនឹងគំនិតរបស់លោកបូរ៉ាដែរ។ ស្ថិតនៅក្នុងវ័យប្រមាណជា២០ឆ្នាំកញ្ញាបន្តទាំងទឹកមុខម៉ឺងម៉ាត់ថា៖«យើងជាស្ត្រីខ្មែរព្រហ្មចារីវាជារឿងសំខាន់។ បើយើងគ្មានភាពបរិសុទ្ធសម្រាប់ស្វាមីទេនោះយើងមានអារម្មណ៏ថាយើងមិនស្អាតស្អំនិងម្យ៉ាងទៀតយើងមានអារម្មណ៏ថាយើងបានធ្វើអ្វីមួយមិនគប្បីសម្រាប់ស្វាមី»។ បុរសខ្មែរមួយចំនួនត្រូវការព្រហ្មចារីពីនារី ពីព្រោះពួកគេមានអារម្មណ៍ថា នារីនោះជានារីទីមួយសម្រាប់ពួកគេ និងមិនទាន់មាននណាប៉ះពាល់។ សម្រាប់រឿងស្នេហាស៊ីជម្រៅវិញ វាមិនមានអ្វីខុសគ្នានោះទេ។
គ្មានព្រហ្មចារី គ្មានបញ្ហា
បើទោះបីជាមនុស្សមួយចំនួននៅគិតអំពីតម្លៃនៃព្រហ្មចារីក៏ដោយក៏អ្នកផ្តល់បទសម្ភាសន៏ដទៃទៀតមួយចំនួនបាននិយាយថាព្រហ្មចារីមិនគួរក្លាយជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។
លោក រតនៈ អាយុ២៨ឆ្នាំកំពុងត្រៀមខ្លួនចូលរោងការណ៏ក្នុងពេលដ៏ខ្លីខាងមុខនេះបាននិយាយថា៖«បញ្ហរឿងព្រហ្មចារីមិនមែនជារឿងសំខាន់សម្រាប់រូបលោកនោះទេ។ បញ្ហាសំខាន់របស់លោកគឺការរស់នៅជាមួយគ្នាចុះសម្រុងនឹងគ្នានិងមានសុភមង្គល»។ បុរសបុគ្គលិកក្រុមហ៊ុនឯកជនរូបនេះកត់សម្គាល់ឃើញថា៖«យុវវ័យ៩០%ឥឡូវមានសេ្នហាបើកចំហរ។ ដូច្នេះកត្តាព្រហ្មចារីមិនគូរត្រូវគិតខ្លាំងពេកគេ»។
កញ្ញា សារីរ័ត្ន និស្សិតរៀននៅឆ្នាំទីបីនៅទីក្រុងភ្នំពេញបានគិតថាស្ត្រីមានព្រហ្មចារីលែងសំខាន់ទៀតហើយសម្រាប់បុរសនាពេលបច្ចុប្បន្ននេះ។ អ្វីដែលសំខាន់គឺការស្រលាញ់គ្នា។ នាងនិយាយថា៖«ឥឡូវមនុស្សមួយចំនួនមិនគិតពីអតីតៈកាលទេពោលគឺគេគិតតែអំពីការស្រលាញ់គ្នានាពេលបច្ចុប្បន្នប៉ុណ្ណោះ»។
កញ្ញម្នាក់ទៀតឈ្មោះ សុផា ឡែន បានចោទប្រកាន់បុរសបន្តិចថា បុរសមួយចំនួនខូចខិលនៅខាងក្រៅច្រើនមែនប៉ុន្តែពួកគេនៅតែត្រូវការប្រពន្ធបរិសុទ្ធដដែល។ អ្នកនាងគិតថា៖«ព្រហ្មចារីមិនសំខាន់ទេ។ បើបុរសស្រលាញ់តែព្រហ្មចារី រីឯព្រហ្មចារីមានតែម្តងក្នុងមួយជីវិត ដូច្នេះបើអស់ព្រហ្មចារីបុរសឈប់ស្រលាញ់ឬ?»។
អ្វីដែលអយុត្តិធម៌រវាងបុរសនិងស្ត្រីគឺនៅត្រង់ថាបុរសមួយចំនួនតែងតែចង់បានប្រពន្ធម្នាក់បរិសុទ្ធមានព្រហ្មចារីប៉ុន្តែខ្លួនគេវិញ ពួកគេបានបណ្តោយខ្លួនអោយបាត់បង់ព្រហ្មចារីមុនពេលចូលរោងការ។
ស្ត្រីមួយចំនួនបាននិយាយថាពួកគេមិនសូវគិតពីភាពបរិសុទ្ធរបស់បុរសនោះទេ។ កញ្ញ អាតា បាននិយាយដោយសម្រាលអារម្មណ៏ថា៖«បុរសមានចារិកខិលខួចជារឿងធម្មតាទេ»។
ព្រហ្មចារីឬមិនព្រហ្មចារីវាដូចតែគ្នាទេ។ នេះជាការអះអាងបញ្ជាក់របស់វេជ្ជបណ្ឌិត សេង ថារិទ្ធ។ អ្នកជំនាញខាងរោគស្ត្រីរូបនេះធ្លាប់បានរិះគន់ទៅលើបុរសមួយចំនួនដែលអោយសារៈសំខាន់ជ្រុលខ្លាំងពេកទៅលើព្រហ្មចារី។ លោក ថារិទ្ធ បានពន្យល់ថា៖«មានព្រហ្មចារីឬក៏គ្មានពេលគេងជាមួយគ្នាវាដូចតែគ្នាទេ»។
លោកបានរម្លឹកថា កាលពីពេលមុន បុរសមួយចំនួនតែងតែទ្រាប់ក្រណាត់សរដើម្បីចង់ដឹងថាភរិយារបស់ខ្លួននៅមានព្រហ្មចារីឬក៏អត់។ បើមានព្រហ្មចារីវាមានឈាមហើយផ្ទុយទៅបើមិនមានព្រហ្មចារីវាមិនមានឈាមទេ។ ការធ្វើយ៉ាងនេះគឺជាការធ្វើតាមគ្នាតៗមក ប៉ុន្តែវាគ្មានតម្លៃជាលក្ខណៈវិទ្យានោះទេ។ ចំពោះអ្នកវិទ្យាសាស្ត្រវិញព្រហ្មចារីមិនមានន័យទេ។
លោក ថារិទ្ធ បានច្រានចោលគំនិតយល់ច្រឡំដែលថាសន្ទះព្រហ្មចារីដាច់នៅពេលរួមភេទតែមួយមុខនោះ។ តាមពិត ជួនកាល សន្ទះព្រហ្មចារីអាចដាច់ដោយសារស្ត្រីលេងកីឡាលោតហក់ខ្លាំងពេកឬធ្វើចលនាផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com