កីឡាជាតិ
ជាតិ
ទ្រីយ៉ាត្លុង ដាក់ផែនការហ្វឹកហាត់នៅក្រៅប្រទេសមុនស៊ីហ្គេម 
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា
×![]()
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានចេញកាលវិភាគប្រចាំឆ្នាំ ដើម្បីឱ្យកីឡាករជម្រើសជាតិហ្វឹកហាត់ ក្នុងនោះក៏មានសកម្មភាពនៅក្រៅប្រទេសដែរ មុនចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសឹង្ហបុរី មកដល់។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានលើកឡើងថា លោកកំពុងដាក់សំណើទៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីអនុគ្រោះដល់ក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅខេត្ត Rayong ប្រទេសថៃចាប់ពីថ្ងៃទី១ ដល់ ២៧ ខែ មីនា មុនការប្រកួតអន្តរជាតិនៅទីនោះ ក្នុងថ្ងៃទី ២៩ មីនា។
លោកអគ្គលេខាធិការបានបញ្ជាក់ថាការហ្វឹកហាត់នៅប្រទេសក្បែរខាងមួយនេះនឹងផ្ដល់បទពិសោធន៍លើឆាកអន្តរជាតិដល់កីឡាករជម្រើសជាតិ មុនការប្រកួតផ្លូវការមកដល់។ ពេលត្រឡប់មកវិញ ក្រុមកីឡាករកម្ពុជា នឹងយកចំណេះដឹងទាំងនេះ ចេញដំណើរទៅហ្វឹកហាត់នៅខេត្តកែប រយៈពេល ១ ខែ មុនធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេម។
យោងតាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងពេលប្រមូលផ្ដុំ ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងមានគ្នាចំនួន ៤ នាក់រួមមាន កីឡាករ ឈុន ប៊ុនថន, ចេង ចាន់តារ៉ា, សៃ សុភស និង នាង ពេជ្រពិសិដ្ឋ ក្រោមការបង្វឹកពីអ្នកស្រី សូ រ៉ាន់ដេត ជាគ្រូបង្វឹក។
សម្រាប់កម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធដែលបានចុះហត្ថលេខាទទួលស្គាល់ដោយលោក ងិន សុបញ្ញា មានរៀបចំការប្រកួត CCC Aquathlon នៅខែកុម្ភៈ ការចេញទៅហ្វឹកហាត់ និង ប្រកួតនៅប្រទេសថៃ ក្នុងខែ មីនា ការប្រកួតពានរង្វាន់ Duathlon ពានរង្វាន់សម្ដេច ហ៊ុន សែន នៅខែឧសភា នៅកោះពេជ្រ មុនចេញទៅប្រកួតស៊ីហ្គេម ក្នុងខែ មិថុនា។ ក្នុងនោះដែរ សហព័ន្ធនឹងរៀបចំការប្រកួត Triathlon Championship នៅខេត្តកែប ក្នុងខែ តុលា និង ចូលបង្ហាញខ្លួនក្នុងពិធីបុណ្យសមុទ្រ ចុងឆ្នាំ នៅខេត្តកំពត៕
© រក្សាសិទ្ធិដោយ thmeythmey.com