កីឡាជាតិ
ជាតិ
កម្ពុជា និង ឡាវ គ្រោងចាប់ដៃគូអភិវឌ្ឍន៍កីឡាជាតិ 
×![]()
តំណាងស្ថាប័នកីឡាប្រទេសកម្ពុជា និង ឡាវ បានជួបគ្នាត្រៀមសហការចុះអនុសារណៈយោគយល់គ្នា (MOU) លើការចាប់ដៃរៀបចំព្រឹត្តិការណ៍ពហុកីឡា និង ចែករំលែកការហ្វឹកហាត់របស់កីឡាករ រវាងប្រទេសទាំង២ ទៅវិញទៅមក។
ការសម្រេចបែបនេះក្រោយលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក In Hara Kasem អនុប្រធានអូឡាំពិកឡាវ ជួបគ្នា នារសៀលថ្ងៃទី ២៣ មករា ឆ្នាំ ២០១៤ ម្សិលមិញ ក្នុងស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតក្រោយចប់កិច្ចពិភាក្សាថា MOU នេះនឹងធ្វើក្នុងឆ្នាំ ២០១៥ នេះ ក្រោយចប់កីឡាស៊ីហ្គេម នៅប្រទេសសិង្ហបុរី ព្រោះខាងភាគីឡាវបានអញ្ជើញកម្ពុជាទៅពិភាក្សាបន្ថែម មុនចុះហត្ថលេខា។
កម្ពុជា នឹងសិក្សាពីបទពិសោធន៍របស់ឡាវ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០០៩ កន្លងមក ទាំងវិជ្ជមាន និង អវិជ្ជមាន ដើម្បីដាក់ក្នុងផែនការមេមួយ ក្នុងដំណើរឆ្ពោះទៅកាន់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខ។
អ្វីដែលផ្ដល់ផលចំណេញរៀងខ្លួនរបស់ប្រទេស ២ មួយទៀតគឺ កីឡាករកម្រិតខ្ពស់របស់ប្រទេសភាគីអាចបញ្ជូនទៅហ្វឹកហាត់ពីក្នុងទៅវិញទៅមកបាន ករណីភាគីម្ខាងទៀតមានគ្រូបង្វឹកល្អ ឬ មានសក្ដានុពល លើកីឡាប្រភេទណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com