កីឡាជាតិ
ជាតិ
Hun Sen Cup៖ នគរបាលជាតិ និងបៀលប្រាយមានកៅអីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ 
×![]()
ម្ចាស់ការពារតំណែងជើងឯក អគ្គស្នងការដ្ឋាននគរបាលជាតិ និងជើងឯករង បៀលប្រាយយូណាយធីត បានកក់កៅអីរួចជាស្រេចសម្រាប់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះពីរលើកជាប់ៗគ្នានារសៀលថ្ងៃសៅរ៍នេះ នៅលើទីលាននៃមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ។
នៅក្នុងការប្រកួតពូល A អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលជ័យជម្នះ ២-១ លើ Albirex Niigata Phnom Penh ស្របពេលដែលត្បូងឃ្មុំ និងក្រចេះ បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ។ នគរបាលជាតិដែលឈ្នះត្បូងឃ្មុំ ៧-០ នាការប្រកួតបើកឆាក ទទួលបាន៦ពិន្ទុនៅក្នុងដៃ ហើយកក់កៅអីរួចជាស្រេចនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ Albirex នៅមិនទាន់មានសុវត្ថិភាព១០០ភាគរយឡើយ ដោយត្បូងឃ្មុំ និងក្រចេះ នៅតែមានឱកាសដ៏ស្តួចស្តើង។
សម្រាប់ពូល B បៀលប្រាយយូណាយធីត បានបន្តឈ្នះគិរីវង់សុខសែនជ័យ ៣-១ បន្ទាប់ពីពួកគេបំបាក់កំពត ៥-០ ។ ការទទួលបាន៦ពិន្ទុនាំឲ្យបៀលប្រាយមានកៅអីនៅវគ្គបន្ត។ ត្រាយអាស៊ីភ្នំពេញដែលបានបំបាក់កំពតយ៉ាងចាស់ដៃ ១១-១ ត្រូវប្រជែងកៅអីជាមួយគិរីវង់ ខណៈកំពតនៅតែការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com