ជាតិ
រូបស្រីថតអាក្រាតនៅតំបន់អង្គរមិនមែនជាករណីទីមួយនោះឡើយ 
×![]()
អាជ្ញាធរអប្សរា ហាក់ដូចជាដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការចាត់វិធានការ និងថ្កោលទោសចំពោះរូបភាពអាក្រាតពាក់កណ្តាលខ្លួនរបស់ស្ត្រីម្នាក់ឈរនៅមុខប្រាសាទអង្គរ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនារយៈពេលចុងក្រោយនេះ។ ប៉ុន្តែតាមពិតទៅ រូបថតអាក្រាតបែបនេះ មិនមែនជាលើកទីមួយនោះឡើយ។
កាលពីអំឡុងឆ្នាំ២០១៣ កន្លងមក នារីបង្ហាញម៉ូតរុស្ស៊ីម្នាក់ឈ្មោះ Nadezhda Svitalskaya ក៏ធ្លាប់ថតរូបដ៏អាសអាភាសបែបនេះ នៅបរិវេណបេតិកភណ្ឌពិភពលោករបស់កម្ពុជាផងដែរ។ បើតាមការបកប្រែក្រៅផ្លូវការពីភាសារុស្ស៊ី តាមរយៈ Google Translation រូបថតអាក្រាតរបស់នាង Svitalskaya នៅតំបន់អង្គរ បាននាំឲ្យនាងជាប់ជាតារាឆ្នើមរបស់ទស្សនាវដ្តី Playboy សម្រាប់ខ្មែរមិថុនា ឆ្នាំ២០១៣ (Russian Playboy Girl of the Month in June 2013) ។
តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា អាជ្ញាធរដែលទទួលបន្ទុកអភិរក្សតំបន់អង្គរ បានលើកឡើងថា ការថតបង្ហាញកាយអាក្រាតរបស់ស្ត្រីនោះ ជាអំពើដែលប្រាសចាកផ្ទុយទាំងស្រុងពីសីលធម៌ និងវប្បធម៌ខ្មែរ ព្រមទាំងនាំឲ្យមានការអាប់ឱនយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌ និងកិត្តិយសនារីភេទ។
ករណីរូបថតថ្មីៗនេះ ដែលមានភ្ជាប់ឈ្មោះ «WANIMAL» មិនទាន់រកឃើញប្រភពច្បាស់លាស់ឡើយ។ ប៉ុន្តែសម្រាប់អ្នកនិយមអានទស្សនាវដ្តី Playboy ឬស្គាល់តារាបង្ហាញម៉ូតរុស្ស៊ី Svitalskaya ពួកគេអាចឃើញរូបអាក្រាតរបស់នាងនៅតំបន់អង្គរ ដោយគ្រាន់តែវាយឈ្មោះរបស់នាង «Nadezhda Svitalskaya» ហើយរុករកតាមរយៈ google។
អាជ្ញាធរអប្សរាស្នើសុំកិច្ចសហការណាមួយជាមួយរដ្ឋបាលលោក វ្លាឌីមៀ ពូទីន ដែរឬទេ? រូបនាង Svitalskaya ក៏កំពុងចរាចរណ៍ពេញបណ្តាញហ្វេសប៊ុកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com