កីឡាជាតិ
ជាតិ
ប្រកាសរកជើងខ្លាំងអុកចត្រង្គ ត្រៀមប្រកួតពេលចូលឆ្នាំខ្មែរខាងមុខ 
×![]()
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះហត្ថលេខាលើលិខិតលេខ ០១៨ គ.ជ.អ.ក នៅថ្ងៃទី ២៦ មករា នេះ ជូនដំណឹងដល់មហាជនដែលនិយមលេងល្បែងអុកចត្រង្គ ទាំងអស់ឱ្យប្រញាប់ចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ដែលនឹងរៀបចំក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឯខេត្តសៀមរាប។
តាមលិខិតជូនដំណឹងមួយនេះការប្រកួតធ្វើឡើងចំនួន ២ ដងដោយជម្រុះលើកដំបូងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ ៧ ខែ មីនា ឆ្នាំ ២០១៥។ តាមគម្រោងជើងខ្លាំងចំនួន ៨ នាក់នឹងមានឈ្មោះទៅលេងជុំចុងក្រោយដែលរៀបចំនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥។
វិញ្ញាសាដែលដាក់ឱ្យប្រកួតមានតែ ១ ប៉ុណ្ណោះគឺ ១ ទល់ ១ ដោយមិនប្រកាន់ភេទ តែបេក្ខជនត្រូវមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅ។ ទឹកប្រាក់ចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិក ត្រៀមម្ចាស់ជើងឯកនៅឆ្នាំនេះ ហើយជើងឯករងនឹងទទួលបាន ២០០០ ដុល្លារ ចំពោះអ្នកលេខ ៣ ទទួលបាន ១០០០ ដុល្លារ និងលេខ ៤ នឹងទទួល ៥០០ ដុល្លារ។
ចំពោះជយលាភីកាលពីចូលឆ្នាំខ្មែរកន្លែងទៅ លោក ឈាវ បូរ៉ា ជាម្ចាស់ជើងឯក ទទួលបានប្រាករង្វាន់សរុប ៤៨០០ ដុល្លារ ហើយលោក គ្រួច ចន្ថារិទ្ធ ជាជើងឯករងទទួលបាន ៣៣០០ ដុល្លារ។ ចំណែកលោក សូ សំភី ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបាន ១៨០០ ដុល្លារនិង លោក កែវ វឌ្ឍនា ជាប់ចំណាត់ថ្នាក់លេខ ៤ អមដោយទឹកប្រាក់ ១៤០០ ដុល្លារ។
គណៈកម្មការរៀបចំការប្រកួតចាប់ទទួលពាក្យរហូតដល់ថ្ងៃទី ០២ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ១១:០០ នាទីព្រឹកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬ ទាក់ទងព័ត៌មានលំអិតតាមលេខទូរសព្ទ ០១៩៧២៥៨ / ០៧៨ ៦៦៨ ៣៦៦៕
រូបថត៖ Cambodia SPORT Documentary
© រក្សាសិទ្ធិដោយ thmeythmey.com