អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទំនាក់ទំនង​ឥណ្ឌា-អាមេរិក​កាន់តែ​ស្អិតល្មួត​ក្នុង​អាណត្តិ​លោក​ម៉ូ​ឌី
26, Jan 2015 , 4:19 pm        
រូបភាព


កាលពី​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់លោក​ទៅកាន់​ប្រទេស​ឥណ្ឌា ហើយ​លោក​កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ឥណ្ឌា​មុន​ចាកចេញ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត។ លោក អូ​បា​ម៉ា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​ចូលរួម​ក្នុង​ថ្ងៃ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​ថ្ងៃ​ចន្ទ​នេះ។  អ្វីដែល​សំខាន់ ដំណើរ​ទស្សនកិច្ច​នៅពេលនេះ​ភាគី​ទាំងពីរ​អាមេរិក​និង​ឥណ្ឌា​បានសម្រេច​រឹតចំណង​មិត្តភាព​រួម​គ្នា ដោយ​សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​អស់៦ឆ្នាំ​ហើយ​នោះ​ផងដែរ។ ក្រៅពី​សម្រេចបាន​ផ្លែផ្កា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​មេដឹកនាំ​ទាំងពីរ​ក៏​នឹង​ជជែក​គ្នា​ពី​ការពង្រឹង​ចំណង​សេដ្ឋកិច្ច និង​ការពារជាតិ​ផងដែរ។ ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​អាមេរិក​លើក​នេះ​បង្ហាញថា​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ​ត្រលប់មក​ស្អិតល្មួត​ជាថ្មី ក្រោយ​ពេលដែល​ទំនាក់ទំនង​នេះ​ស្ថិតក្នុង​ភាពល្អក់​ករក​អស់​ពេល​ច្រើន​ឆ្នាំ​ក្នុង​អាណត្តិ​មុន​ដោយសារ​វិបត្តិ​ការទូត។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖



កាលពី​ម្សិលមិញ​រឿងរ៉ាវ​ដែល​គេ​មិន​នឹកស្មាន​ដល់​នោះ​គឺ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​អញ្ជើញ​ទៅកាន់​ព្រលានយន្តហោះ​ដោយផ្ទាល់​ដើម្បី​ទទួល​ស្វាគមន៍​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​ចុះ​ពីលើ​យន្តហោះ។ តាមពិតទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី បាន​រំលោភ​លើ​ពិធីការ​ដោយ​អញ្ជើញ​ទៅ​ទទួល​លោក អូ​បា​ម៉ា​ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​វា​មិនមែនជា​លើកទីមួយ​ទេ ដ្បិដ​កាលពី​ឆ្នាំ ២០១០ អតីត​នាយករដ្ឋមន្ត្រី Manmohan Singh ក៏បាន​ធ្វើ​ដូចគ្នា​ដែរ។ សកម្មភាព​របស់​មេដឹកនាំ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ បញ្ជាក់​ពី​ចំណង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់​ល្អក់​ករករ​នោះ បាន​ត្រលប់​មករក​ភាពល្អប្រសើរ​និង​ស្អិតល្មួត​ជាថ្មី​វិញ​ហើយ។

យ៉ាងណាមិញ​ទំនាក់ទំនង​ឥណ្ឌា អាមេរិក​ធ្លាប់​ធ្លាក់ចុះ​ខ្លាំង​កាលពី​ឆ្នាំ ២០១៣ ក្រោយ​មានការ​ចាប់ខ្លួន​និង​ឃុំខ្លួន​មន្ត្រី​ទូត​ឥណ្ឌា​នៅក្នុង​ទីក្រុង​ញូវយ៉ក។ ទង្វើ​របស់​រដ្ឋាភិបាល​អាមេរិក​បានធ្វើអោយ​រដ្ឋា​ភិ​បាល​ឥណ្ឌា​ខឹងសម្បារ និង​ធ្វើអោយមាន​ការប្រឈមមុខ​គ្នា​ផ្នែ​ការទូត​ផងដែរ។  ម្យ៉ាងវិញទៀត គេ​ធ្លាប់​ដឹងថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​បច្ចុប្បន្ន​ធ្លាប់មាន​រឿងអាស្រូវ និង​ធ្លាប់​ស្ថិតក្នុង​បញ្ជី​ហាមឃាត់​មិនអោយ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ផង កាលពី​ឆ្នាំ២០០៥ ខណៈពេលដែល​លោក​កំពុង​បំពេញ​តួនាទី​ជា​អភិបាលរដ្ឋ Gujarat។ កាលនោះ​លោក ម៉ូ​ឌី បរាជ័យ​ក្នុងការ​ទប់ស្កាត់​ហិង្សា​របស់​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​ប្រឆាំង​ក្រុម​ជនជាតិ​ភា​គិ​តិច​ឥស្លាម ដែល​កើតឡើង​នៅក្នុង​តំបន់​របស់លោក​ផ្ទាល់ ប៉ុន្តែ​ក្រោយ​លោក​ឈ្នះឆ្នោត​ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន ការហាមឃាត់​នេះ​ត្រូវបាន​ដកចេញ​ហើយ​លោក​ត្រូវបាន​រដ្ឋាភិបាល​លោក អូ​បា​ម៉ា អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ផងដែរ។ បច្ចុប្បន្ននេះ គេ​មើលឃើញថា​ចំណង​ការទូត​ប្រទេស​ទាំងពីរ​បាន​វិ​វ​ត្តិ​មករក​ភាពប្រសើរឡើង និង​រឹងមាំ​វិញ​ក្រោម​អណ​ត្តិ​របស់លោក ម៉ូ​ឌី ដ្បិដ​មេដឹកនាំ​ម្នាក់នេះ​មាន​ទំនោរ​ទៅរក​លោកខាងលិច​ផងដែរ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក អូ​បា​ម៉ា មកកាន់​ឥណ្ឌា​បាន​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី២ហើយ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក ហើយ​បើ​និយាយ​ទៅ​មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ទស្សនកិច្ច​នៅ​ឥណ្ឌា​ពីរដង និង​អាច​ទទួល​ការអញ្ជើញ​អោយចូល​រួម​ថ្ងៃ​ខួប​ប្រកាស​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ឥណ្ឌា។ យ៉ាងណាក៏ដោយ ដំណើរ​ទស្សនកិច្ច​លើក​នេះ ត្រូវ​បន្ថយ​មក​ត្រឹមតែ​បី​ថ្ងៃ ដោយ​លោក​អូ​បា​ម៉ា​មិនអាច​បន្ត​ទស្សនកិច្ច​នៅ​វិមាន​TajMahalបានឡើយ​ដោយ​លោក​មានធុរៈ​ត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ផ្តល់​ការគោរព​ដល់​វិញ្ញាណ​ខ័​ក្ខ​ន្ធ​អតីតព្រះមហាក្សត្រ Abdullah ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត។ លោក អូ​បា​ម៉ា ក្រៅពី​ជជែក​ពិភាក្សា​លើបញ្ហាសំខាន់ៗមួយចំនួន​ជាមួយ​លោក ម៉ូ​ឌី លោក​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​ឥណ្ឌា​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​ចូលរួម​ក្នុង​ថ្ងៃ​ខួប​ប្រកាស​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ( 1950 ក្រោយ​ទទួលបាន ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស)។

មុននឹង​ចាកចេញ​ពី​ឥណ្ឌា​គេ​ឃើញ​ភាគី​ទាំងពីរ​លោក អូ​បា​ម៉ា និង​លោក​នា​រិ​ន្ទ្រា ម៉ូ​ឌី​សម្រេចបាន​ជោគជ័យ​ប្រវត្តិសាស្ត្រ​លើ​ការចុះ​កិច្ចព្រមព្រៀង​លើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដែល​កិច្ចព្រមព្រៀង​នេះ​ជាប់គាំង​អស់​ប្រហែល ៦ឆ្នាំ​មកហើយ​នោះ។ អាមេរិក​នឹង​ក្លាយជា​ប្រទេស​ដែល​ជួយ​ផ្គត់ផ្គង់​និង​ផ្តល់​បច្ចេកវិទ្យា​សម្រាប់​ឥណ្ឌា​ក្នុង​ការផលិត​ថាមពលនុយគ្លេអ៊ែរ​បម្រើ​ប្រយោជន៍​ស៊ីវិល​ផងដែរ។ ក្រៅពី​កិច្ចព្រមព្រៀង​ដ៏​មាន​ផ្លែផ្កា​នេះ មេដឹកនាំ​ពិភពលោក​ទាំងពីរ​ក៏​ពិភាក្សា​លើ​ការបង្កើន​ចំណង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​ផងដែរ ដោយ​ឥណ្ឌា​រំពឹងថា​នឹង​អាច​ទាក់ទាញ​អ្នកជំនួញ អាមេរិក​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា​នាពេល​ខាងមុខនេះ។ បើ​និយាយ​ពី​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង ១០០ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ភាគី​ឯកភាពគ្នា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ​នៅពេល​ខាងមុខ។ អ្វីដែល​គេ​ចាប់អារម្មណ៍​ក្រៅពី កិច្ចការ​ពាណិជ្ជកម្ម ប្រមុខរដ្ឋ​អាមេរិក និង​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​ពិភាក្សាគ្នា​លើ​គម្រោង​ផលិត​យន្តហោះ​យកការណ៍​រួមគ្នា និង​ផែនការ​រឹតចំណង​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​ផង ដោយសារ​ឥណ្ឌា​ជាទី​ផ្សារ​សព្វាវុធ​ដ៏​ធំ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​ការ​រឹតបន្តឹង​វិស័យ​ការពារជាតិ​រួមគ្នា​ជា​បញ្ហា​យុទ្ធសាស្ត្រ​សម្រាប់​រដ្ឋ​ទាំងពីរ។

ដោយឡែក​ក្រៅពី បញ្ហា​ខាងលើ មេដឹកនាំ​អាមេរិក និង​ឥណ្ឌា​បាន​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​សាកល​ដែល​ក្នុងនោះ​បញ្ហាសំខាន់​គឺ​ការប្រែប្រួល​អាកាសធាតុ​តែម្តង។ រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​មើលឃើញ​ការចូលរួម​របស់​ឥណ្ឌា​ដែលជា​មហាអំណាច​ពិភពលោក​នោះ​ជា​អ្វី​មិនអាច​ខ្វះ​បាន​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​អន្តរជាតិ​នៅពេល​ខាងមុខ។ ដោយឡែក ប្រធានាធិបតី​អាមេរិក ក៏​ចង់​លើកយក​បញ្ហា​តំបន់​អាស៊ី​កណ្តាល វិបត្តិ​អសន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​យកមក​ពិភាក្សា​ជាមួយ​លោក ម៉ូ​ឌី ផងដែរ ដោយសារ​អា​ហ្វ​ហ្កា​នី​ស្ថាន​កំពុង​ប្រឈមមុខ​បញ្ហា​អស្ថិរភាព​ខ្លាំង​ក្រោយ​កងកម្លាំង​ណា​តូ​ដក​កងទ័ព​ចេញ​ដើមខែ​មករា​នេះ។

យ៉ាងណាក៏ដោយ​ឥណ្ឌា​មិន​ភ្លេច​ឡើយ​ក្នុងការ​លើកឡើង​ពី​ការ​កំណែទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សាសន្តិសុខ ដោយ​ភាគី​ឥណ្ឌា​ស្នើ​សុំអោយ​អាមេរិក​ជួយ​ជ្រោមជ្រែង​ខ្លួន​ដើម្បី​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ប្រធានាធិបតី​អាមេរិក​លោក អូ​បា​ម៉ា​បាន​សន្យាថា​លោក​ក្នុងនាម​ជា​ប្រមុខរដ្ឋ​អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​ឥណ្ឌា​ដែលជា​មហាអំណាច​អាស៊ី​ខាងត្បូង ដើម្បី​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផង៕




© រក្សាសិទ្ធិដោយ thmeythmey.com