ជាតិ
ពិភពតារា៖ សា នីកា សំខាន់ឲ្យតែគេមានចិត្តស្មោះ 
×![]()
ភ្នំពេញ៖ អ្នកចម្រៀងកញ្ញា សានីកា ដែលបានបន្សាត់ខ្លួនមកពីទឹកដីខេត្ត ពោធិ៍សាត់ ត្រូវបានមហាជនទទួលស្គាល់ថា នាងមានទឹកដមសម្លេងយ៉ាងក្រអួនក្រអៅ គួរឲ្យកត់សម្គាល់ថ្មីៗនេះ នាងបានបង្ហើបពីរឿងជីវិតផ្ទាល់ខ្លួនឲ្យដឹងថា ចំពោះរឿងរ៉ាវបេះដូង នាងធ្លាប់រងរបួសម្តង ដូច្នេះ បើមានស្នេហាលើកក្រោយ នាងមិនប្រកាន់វ័យនោះទេ សំខាន់ឲ្យឲ្យតែគេមានចិត្តស្មោះ។
បើទោះបីជានៅមិនទាន់មានទ្រនំច្រៀងនៅឡើយ ប៉ុន្តែ កញ្ញា សានីកា ត្រូវបានមហាជនទទួលស្គាល់ពីទឹកដមសម្លេងរបស់នាង ដែលនិយមច្រៀងបទកញ្ញា មាស សុខសោភា និងត្រូវបានអ្នកគ្រប់គ្រងតារាចម្រៀងនៅផលិតកម្ម ថោន ទាក់ទងនាងឲ្យធ្វើតេស្តសម្លេងក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងបំណងឲ្យនាងបានក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ថោន ផងដែរ។
អ្នកចម្រៀងវ័យ២៤ ឆ្នាំ រូបនេះ បានចូលប្រឡូកសិល្បៈកាលពីឆ្នាំ២០០៨ និងបានលេចវត្តមានក្នុងខ្សែវីដេអូភាគ រឿង “រសជាតិជីវិត” សម្តែងជាតួលេខារបស់ក្រុមហ៊ុនឯកជនមួយដែលបានបោកមនុស្សស្រីយកទៅលក់នៅភ្នំពេញ។
នាងឲ្យដឹងថា ចម្រៀង ជាជំរើសដែលនាងចូលចិត្តតាំងពីដឹងក្តីមក ខណៈដែលរៀននៅបឋមសិក្សា នាងជាប់ចំណាត់ថ្នាក់ល្អ ក្នុងវិស័យចម្រៀងនេះ ហើយត្រូវបានលោកគ្រូឲ្យឡើងច្រៀងនៅរៀងរាល់ចុងសប្តាហ៍ទៀតផង។
ទាក់ទិននឹងជីវិតផ្ទាល់ខ្លួនវិញ កញ្ញា សានីកា បានបង្ហើបឲ្យដឹងថា សព្វថ្ងៃ បេះដូងនាងនៅមិនទាន់មានអ្នកណាឃុំគ្រងនៅឡើយទេ ប៉ុន្តែមិនមានន័យថា គ្មានអ្នកស្រលាញ់នោះដែរ។ សានីកា អះអាងថា មានអ្នកតាមស្រលាញ់ដែរ តែនាងនៅមិនទាន់ចង់គិត ដ្បិតអីនាងធ្លាប់របួសបេះដូងម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ ។ នាងបញ្ជាក់ឲ្យដឹងថា នាងធ្លាប់មានស្នេហាជាមួយបុរសម្នាក់ ដែលមានជីវភាពធូធាជាងនាង ប៉ុន្តែដោយសារមិនសូវចុះសម្រុងគ្នា និងមិនអាចផ្គាប់ចិត្តអនាគតម៉ែក្មេកបាននាងក៏សុំបែកផ្លូវគ្នាដោយសន្តិវិធី។
ទោះជាបែបណា សានីកា ប្រាប់ថា បើពើបប្រទះស្នេហាលើកក្រោយ នាងមិនយកបុរសណាដែលមានវ័យតិចជាងនាងនោះទេ។ នាងអះអាងថា បើរើសគូអនាគតវ័យចាស់ទុំបន្តិច គឺកាន់តែប្រសើរ ព្រោះនាងគិតថា ស្នេហាវ័យចំណាស់ គឺចេះថ្នាក់ថ្នម។ លើសពីនេះ បើទោះជាពោះម៉ាយ ក៏នាងមិនប្រកាន់ដែរ សំខាន់ឲ្យតែពោះម៉ាយពិត។
សានីកា ជាកូនទោលនៅក្នុងគ្រួសារ ដែលមានស្រុកកំណើតនៅភូមិ ក្បាលហុង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ នាងរៀនបានត្រឹមថ្នាក់ទី១០ ប៉ុណ្ណោះ ដោយសារជីវភាពខ្វះខាត និងជាកូនតែមួយគត់ក្នុងគ្រួសារ នាងក៏សម្រេចចិត្តឈប់រៀនទាំងសោកស្តាយ ដើម្បីងាកខ្លួនមកជួយរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដែលមានឪពុកម្តាយវ័យចំណាស់ទៅហើយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com