ជាតិ
ពីនេះ ពីនោះ
ទុក្ខ​របស់​អ្នកកាសែត!
31, Jan 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
ស្មេរ​ចំនួន​ជាង២០នាក់​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកកាសែត​ស្តីពី​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ​ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ បាន​ត្អូញត្អែរ​យ៉ាងខ្លាំង​ពី​ទុក្ខលំបាក​ក្នុង​អាជីព​ជា​អ្នកកាសែត និង​ជា​អ្នក​ស្មេរ​ជា​លក្ខណៈ​បុគ្គល។ តើ​អ្វីខ្លះ​ទៅជា​ទុក្ខ​របស់​អ្នកកាសែត​កម្ពុជា?



អ្នកកាសែត​បានលើកឡើង​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការប្រមូល​ព័ត៌មាន ឬ​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​នោះ។
ពេល​ទូរ​សព្ទ​ទៅ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ទាំងនោះ​ខ្លះ​ស្តីបន្ទោស​ត្រឡប់មកវិញ​បែប​ចំអក​ថា ទូរ​សព្ទ​មក​ធ្វើ​អ្វី​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ពួកគេ​កំពុង​បោក​ខោអាវ ឬ​កំពុង​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ជាដើម។

នៅក្នុង​ថ្ងៃ​ធ្វើការ មន្ត្រី​ខ្លះ​យក​លេស​ថា ពួកគេ​ជាប់រវល់​មិន​អាចធ្វើ​សេចក្តី​អត្ថាធិប្បាយ​បានទេ។ មន្ត្រី​ខ្លះ ស្តីបន្ទោស​អ្នកកាសែត​ថា ជា​អ្នក​រំខាន។ មន្ត្រី​ខ្លះ មិន​លើក​ទូរ​សព្ទ​តែម្តង។
មន្ត្រី​ខ្លះទៀត គ្រាន់តែ​ឃើញ​លេខ​ទូរ​សព្ទ​អ្នកកាសែត ក៏​ហុច​ទូរ​សព្ទ​អោយ​អ្នកផ្សេង​ទទួល​ហើយ​អោយ​និយាយថា ម្ចាស់​ទូរ​សព្ទ​មិន​នៅទេ​ជាប់រវល់។ អ្នកកាសែត​ខ្លះ​ធ្លាប់មាន​បទពិសោធន៍​ត្រូវបាន​គេ​គំរាម​ជីវិត​តាម​ពាក្យសម្តី។ អ្នកកាសែត​ខ្លះ​ត្រូវបាន​គេ​សំណូមពរ​អោយធ្វើ​កំណែ​លើ​អត្ថបទ បើទោះបីជា​សំណេរ​របស់ខ្លួន​មិន​ខុស​អ្វី​ក៏ដោយ។

អ្នកកាសែត​មួយចំនួន​ខកចិត្ត និង​តូចចិត្ត​ដោយសារតែ​អាជីព​របស់​ពួកគេ​ត្រូវបាន​មាក់ងាយ​ដោយ«មន្ត្រី​ខិលខូច»។ ប្រសិនបើ​មន្ត្រី«ស្អាតស្អំ»ស្តីអោយ​អ្នកកាសែត​មិន​អាជីព វា​គឺជា​រឿង​ធម្មតា។ បើ​មន្ត្រី​ខ្លួនឯង«ខិលខូច» តែ​បែរជា​ស្តីបន្ទោស​អ្នកកាសែត​អាជីព​ទៅវិញ វា​ជា​រឿង​មិនធម្មតា និង​ជា​រឿង​គួរអោយ​ចម្លែក៕ 



© រក្សាសិទ្ធិដោយ thmeythmey.com