កីឡាជាតិ
ជាតិ
លីកបាល់បោះឆ្នាំ ២០១៥ ចាប់ផ្ដើមនៅខែ មីនា ខាងមុខ
× លីកបាល់បោះប្រចាំឆ្នាំ ២០១៥ (CBL) ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់បោះកម្ពុជា នឹងចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនពីថ្ងៃទី ១៤ ខែ មីនា ខាងមុខនឹងគ្រោងបញ្ចប់នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៥ ក្នុងទីលានវិមានពហុកីឡដ្ឋានជាតិ រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចុងសប្ដាហ៍។
សហព័ន្ធបានជូនដំណឹងកាលពីពេលថ្មីៗ ឱ្យក្រុមកាលពីឆ្នាំទាំងអស់ឱ្យទៅទទួលពាក្យ ចុះឈ្មោះត្រៀមប្រកួតនៅរដូវកាលថ្មី ឱ្យបានមុនថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ មកដល់នៅទីស្នាក់ការសហព័ន្ធកីឡាបាល់បោះកម្ពុជា(បន្ទប់លេខ ១១ នៃអគ្គនាយកដ្ឋានកីឡា)ក្នុងពហុកីឡដ្ឋានជាតិ។
លីកបាល់បោះប្រចាំឆ្នាំនេះបង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍវិស័យបាល់បោះឲ្យមានការរីកចំរើន។ ជាពិសេស សម្រាប់ស្រទាប់យុវជនដើម្បីជួយជំរុញឲ្យពូកគេចូលរួមហ្វឹកហាត់ វិស័យបាល់បោះហើយឈានទៅរកការចូលរួមចំណែកក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
អ្នករៀបចំកម្មវិធីប្រកួតបានកំណត់ថាក្រុមនីមួយអាចសុំធ្វើការចុះឈ្មោះកីឡាករបានចំនួន ១៦ នាក់ ហើយនៅគ្រប់ពេលប្រកួតត្រូវបំពេញឈ្មោះកីឡាករ ក្នុងបញ្ជីរាយនាមចំនួន ១២ នាក់ផ្ដល់ឲ្យគណៈកម្មការប្រកួត សម្រាប់ក្រុមកីឡាបាល់បោះបរទេសត្រូវមានកីឡាករកម្ពុជាយ៉ាងតិច ០៣ នាក់ហើយម្នាក់ត្រូវលេងនៅលើទីលានប្រកួតគ្រប់វគ្គទាំងអស់។
សហព័ន្ធត្រៀមប្រាក់រង្វាន់ចំនួន ៣០០០$ ដល់ក្រុមដែលអាចដណ្ដើមបានជើងឯកក្នុងរដូវកាលថ្មីនេះ ចំណែកក្រុមចំណាត់ថ្នាក់លេខ ២នឹងបានទឹកប្រាក់ ២០០០$ និងក្រុមចំណាត់ថ្នាក់លេខ ៣ត្រូវទទួលបានប្រាក់ ១០០០$។ សម្រាប់រដូវកាលឆ្នាំ ២០១៤ កន្លងទៅក្រុមជើងឯកបានទៅ Pate 310 ហើយក្រុម Davies Paints ជាជើងឯករងនិងក្រុមលេខ៣ បានទៅ Mekong Tigers។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរស័ព្ទលេខ០១២ ៤១៧ ២៥៤ឬ Facebook Page Cambodia Basketball Federation៕
© រក្សាសិទ្ធិដោយ thmeythmey.com