កីឡាជាតិ
ជាតិ
Hun Sen Cup៖ វគ្គ១/៤ ប៉ូលិសប៉ះបៀ​ល​ប្រាយ Albirex ជួប​ត្រាយ​អាស៊ី
31, Jan 2015 , 1:43 pm        
រូបភាព
កីឡាករ​របស់ប៉ូលិស បៀល​ប្រាយ ត្រាយអាស៊ី និងអាល់ប៊ិរិច។ រូប CAM Photo Agency/Masayori Ishikawa
កីឡាករ​របស់ប៉ូលិស បៀល​ប្រាយ ត្រាយអាស៊ី និងអាល់ប៊ិរិច។ រូប CAM Photo Agency/Masayori Ishikawa
ដោយ:
វគ្គ​ប្រកួត ១/៤ ចុងក្រោយ​នៃ​ពានរង្វាន់ Hun Sen Cup 2015 រៀបចំឡើង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង នឹង​ចាប់​ប្រកួត​ពីថ្ងៃ​ទី ៣១ មករា នេះ​ទៅហើយ​ដោយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ អគ្គស្នងការ​នគរបាល​ជាតិ (ប៉ូលិស) ត្រូវ​ប៉ះ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ ស្របពេល​ក្រុម​ដែលមាន​ក្បាលម៉ាស៊ីន ជា​ជនជាតិ​ជប៉ុន ២ គឺ Albirex Niigata Phnom Penh និង ត្រាយ​អាស៊ី​ភ្នំពេញ ត្រូវមាន​មួយ​ឡើងទៅ​ជុំ​បន្ទាប់។



ក្រុម​​ដែល​ស្ថិតនៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយនេះ​សុទ្ធតែ​ស្វែងរក​បានមកពី​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​រៀបចំ​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ចាប់ពី​ថ្ងៃទី ២១ ដល់ ២៨ មករា ឆ្នាំ ២០១៥ ដោយ​សុទ្ធតែជា​សមាជិក​នៅ​លី​ក​កំពូល​កម្ពុជា​រដូវ​កាល​មុន​ទាំងអស់។


ជើងឯក​ឆ្នាំ និង ជើងឯក​រង​ឆ្នាំ​ចាស់​ត្រូវមាន១ ធ្លាក់


ចំពោះ​ការប្រកួត​រវាង​ប៉ួ​លិ​ស និង បៀ​ល​ប្រាយ នឹង​ចាប់ផ្ដើម​មុនគេ​វេលា​ម៉ោង ៤ រសៀល នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទួ​រ​ទស្សន៍ BTV ថែម​ទៀតផង។

លោក អ៊ុង កង​យ៉ា​និ​ត កំពុងមាន​ចេតនា​ជួយ​ឱ្យ​ប៉ូលិស​លើក​ពាន​ជា​លើក​ទី២ ក្រោយ​រក្សា​កម្លាំងល្អៗ កាលពី​ឆ្នាំ​ចាស់​បាន​គង់វង្ស និង បន្ថែម​ពន្លក​ថ្មី​មួយចំនួនទៀត ខណៈ​បន្ត​ធ្វើជា​ក្រុម​ខ្លាំង​ប្រចាំ​ពូ​ល A មាន ៩ ពិន្ទុ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល។ ៣ ប្រកួត​កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល ក្រុម​ជើងឯក​ឆ្នាំ​ចាស់​នេះ​ដែល​ស្គាល់​រស់ជាតិ​ចាញ់​នោះទេ ដោយ​ឈ្នះ​ក្រុម​ត្បូងឃ្មុំ នៅ​ថ្ងៃ​បើកឆាក ៧ ទល់ ០, ឈ្នះ Albirex Niigata Phnom Penh ២ ទល់ ១ និង ឈ្នះ​ខេត្តក្រចេះ ៤ ទល់0 ។


ចំណែក​ក្រុម​បៀ​ល​ប្រាយ ក៏​មិនអាច​មើលរំលង​បានដែរ ព្រោះ​ជា​ក្រុម​លេខ ២ មកពី​ពូ​ល B ក្រោយ​ប្រកួត ៣ លើក​ឈ្នះ ២ ចាញ់ ១ ពោលគឺ​ឈ្នះ​ក្រុម​ខេត្តកំពត ៥ ទល់ ០ ឈ្នះ គីរីវង់​សុខ​សែន​ជ័យ ៣ ទល់ ១ និង ចាញ់​ក្រុម​ត្រាយ​អាស៊ី ២ ទល់ ។ លោក លាស់ សា​ឡាស់​ខាន់ គ្រូបង្វឹក​ប្រចាំ​ក្រុម​បៀ​ល​ប្រាយ បាន​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ខ្មែរ​ថា​ជា​គ្រូបង្វឹក​មុនគេ​បង្អស់​ដែល​បាន​កាន់​ពាន Hun Sen Cup ក្នុង​គ្រា​ដែល​លោក​ជា​គ្រូបង្វឹក​ក្រុម​ខេមរា​កីឡា កាលពី​ឆ្នាំ ២០០៧ បន្ទាប់ពី​ជួយ​ក្រុម​យកឈ្នះ​ណាហ្គា​ខ​ប នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កាលនោះ។


ក្រុម​ដែលមាន​ថៅកែ ជា​ជនជាតិ​ជប៉ុន​ត្រូវមាន​មួយ​ឡើង

ក្រុម Albirex Niigata Phnom Penh និង ត្រាយ​អាស៊ី​ភ្នំពេញ ត្រូវ​ចូល​ធ្វើជា​គូ​ទី២ នៅថ្ងៃនេះ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង វេលា​ម៉ោង ៨:៣០ នាទី​តទៅ។

ចំពោះ Albirex Niigata Phnom Penh ជា​ក្រុម​លេខ ២ មកពី​ពូ​ល A បន្ទាប់ពី​ឈ្នះ​ក្រុម​ខេត្តក្រចេះ ៩ ទល់ ០ តែ​ចាញ់​ក្រុមប៉ូលិស ២ ទល់ ១ និង ឈ្នះ​ក្រុម​ត្បូងឃ្មុំ ១ ទល់ ។ លោក ហុក សុ​ជី​វ័​ន្ត និង លោក ប៉ុក ចាន់ថន បាន​ចាប់ដៃគ្នា​ធ្វើជា​គ្រូ​បណ្ដោះអាសន្ន ដឹកនាំ​ក្រុម​សម្រាប់​ពានរង្វាន់​មួយ​នេះ។

ចំណែក​ក្រុម ត្រាយ​អាស៊ី​ភ្នំពេញ ជា​ជើង​ខ្លាំង​នៅ​ពូ​ល B មាន ៧ ពិន្ទុ ដោយ​ស្មើ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ ១ ទល់ ១ បន្ត​ឈ្នះ​ខេត្តកំពត ១៣ ទល់ ១ និង ឈ្នះ​បៀ​ល​ប្រាយ ២ ទល់ ។ ទោះជា​មិនទាន់​លេចមុខ​គ្រូបង្វឹក​ថ្មី​យ៉ាងណាក៏ដោយ​តែ ត្រាយ​អាស៊ី មិនទាន់​បង្ហាញ​ពី​ចំណុចខ្សោយ​របស់ខ្លួន​នៅឡើយ​នោះទេ។ លោក ឈូក សុ​ភ័​ក្រ ពី​អ្នកបកប្រែ ឡើងជា​គ្រូបង្វឹក​បណ្ដោះអាសន្ន ស្របពេល​កីឡាករ គួច ដា​នី, សុខ ចាន់​រស្មី, ហែម ស៊ី​ម៉ៃ, នុត ស៊ីនួន ធ្លាប់ជា​កូនសោ​សំខាន់​របស់​ក្រុម​នាពេល​កន្លងមក។

វគ្គ ១/៤ នឹង​បន្ត​ប្រកួត​ជម្រុះ ២ គូ​ទៀត​នៅ​ថ្ងៃស្អែក​ដោយ​ក្រុម បឹងកេត​អង្គរ ជួប​ក្រុម​ណាហ្គា​វើ​ល ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ជួប​ក្រុម​ម្ចាស់​ស្រុក​ខេត្តស្វាយរៀង។

តើ ២ ក្រុម​ដំបូង​ណា​អាច​កក់​កៅអី​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន Hun Sen Cup 2015 មុនគេ​នៅ​ឆ្នាំនេះ?



© រក្សាសិទ្ធិដោយ thmeythmey.com