កីឡាជាតិ
ជាតិ
Hun Sen Cup៖ ក្រុម​​ខ្លាំង​ណា​​ខ្លះ​​​ត្រូវ​ឡើងទៅ​​វគ្គ​​១/២​តាម​ប៉ូលិស និង​ត្រាយអាស៊ី?
01, Feb 2015 , 11:07 am        
រូបភាព
កីឡាករ​របស់បឹងកេត ណាហ្គា ស្វាយរៀង និង​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
កីឡាករ​របស់បឹងកេត ណាហ្គា ស្វាយរៀង និង​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
ដោយ:
វគ្គ​ជក់ចិត្ត​នៃ​ពាន​រង្វាន់ Hun Sen Cup 2015 បាន​មក​ដល់​ហើយ ដោយ​រក​ឃើញ​ក្រុម​ចំនួន ២ មាន ត្រាយអាស៊ី​ភ្នំពេញ និង អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) មាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុន​គេ បន្ទាប់​ពី​រក​ឃើញ​ជ័យជម្នះ​ដូច​គ្នា​កាល​ពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ស្រប​ពេល​ថ្ងៃ​នេះ​ក្រុម​ខ្លាំង​ចំនួន ៤ មាន​ភ្នំពេញក្រោន, បឹងកេតអង្គរ, ស្វាយរៀង និង ណាហ្គាវើល ត្រូវ​មាន​២ ធ្លាក់​ចេញ​ពី​វគ្គ ១/៤ នេះ។



ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ ប៉ូលិស និង ត្រាយអាស៊ី ឡើង​ទៅ​ជួបគ្នានៅ​វគ្គ​១/២

សរុប​លទ្ធផល​វគ្គ​ជម្រុះ ៨ ក្រុម​ចុង​ក្រោយ​ម្សិលមិញ ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​យក​ឈ្នះ​ក្រុម​ជើង​ឯករង បៀលប្រាយយូណាយធិត ៣ ទល់ ១ ហើយ​គូ​បន្ទាប់​ក្រុម​ត្រាយអាស៊ីភ្នំពេញ ឈ្នះ​ក្រុម Albirex Niigata Phnom Penh ដោយ​លទ្ធផល ២ ទល់ ០។

ទិត្យ ឌីណា បាន​ស៊ុត​បាល់​ប៉េណាល់ទីនាំមុខ​សម្រាប់ក្រុម​ប៉ូលិស​នៅនាទី ទី​១០  ហើយ រ៉ឺង ប៊ុន​ហៀង តាម​ស្មើ​សម្រាប់បៀល​ប្រាយវិញនៅនាទី ទី​៤១។ ប៉ូលិស​បង្កើត​គ្រាប់​បាល់​បញ្ចូលទី​ពីរ​ទៀត​ដែល​សម្រេច​បាន​ដោយ លី អារីហ្វីន នៅ​ក្នុងនាទី​បន្ថែម​តង់ទីមួយ និង​ស្រី ឧត្តម នៅពាក់កណ្តាល​តង់ទីពីរ។ រីឯ​ជ័យ​ជម្នះ​ ២-០ របស់​ត្រាយអាស៊ី លើ​អាល់ប៊ីរិច សម្រេច​បាន​ដោយ តាំង សុភក្ត្រ និង សួង វិរៈ នៅ​ដើម និង​ចុង​តង់ទីពីរ។

ក្រុម​​ខ្លាំង​ទើប​ដូរ​ឈ្មោះ​ខាង​ចុង ២ ត្រូវ​ប៉ះ​គ្នា​ស្វែង​រក​ហ៊ុងស៊ុយ
ក្រុម​​ចម្ការកៅស៊ូបឹងកេត ទើប​ប្ដូរ​ឈ្មោះ​ទៅ​ជា​បឹងកេត​អង្គរ ត្រូវ​ប៉ះ​ក្រុម​ណាហ្គាខប ដែល​ប្ដូរ​ឈ្មោះ​ទៅ​ជា​ណាហ្គាវើល នៅ​វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃ​ទី ១ កុម្ភៈ នេះ លើ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ដោយ​មាន​ផ្សាយ​​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ BTV។

សម្រាប់​ក្រុម​បឹងកេតអង្គរ នេះ​ជា​លើក​ទី៤ ហើយ​ដែល​បង្ហាញ​មុខ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី២ ក្នុង​ស្រុក​មួយ​នេះ ដោយ​ឆ្នាំ​​ ២០១២ ជា​​ការ​ចូលរួម​លើក​ដំបូង​​តែ​​​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ ហើយ​ឆ្នាំ​បន្ទាប់​ធ្លាក់​ត្រឹម​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ចាញ់​ភ្នំពេញក្រោន ១ ទល់ ០ និង ឆ្នាំ​២០១៤ កន្លង​ទៅ​​ឈរ​ចំណាត់​ថ្នាក់​លេខ ៣ ក្រោយ​ឈ្នះ​ក្រុម​ណាហ្គាខប ៣ ទល់ ០។ លោក John Mcglynn គ្រូ​បង្វឹក​ថ្មី ដឹកនាំ​​ឈ្នះ​ទាំង ៣ ប្រកួត​នៅ​វគ្គ​ជម្រុះ​តាម​ពូល ដោយ​ឈ្នះ​ទាំង​​ក្រសួងការពារជាតិ, ភ្នំពេញក្រោន និង ខេត្ត​បាត់ដំបង។

ចំណែក​ណាហ្គាវើល វិញ​​ជា​ក្រុម​ដែល​ធ្លាប់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ច្រើន​ជាង​គេ​បង្អស់​គិត​តាំង​ពី​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ពោល​គឺ ៧ លើក​ដោយ​ក្នុង​នោះ​ឈ្នះ​ជើង​ឯក ១ លើក​នៅ​ឆ្នាំ ២០១៣ និង ជើង​ឯក​រង ៣ លើក នៅ​ឆ្នាំ​ ២០០៧, ២០០៩ និង ២០១២ ស្រប​ពេល​​តំណែង​លេខ ៣ ធ្លាប់​ឈ្នះ​នៅ​ឆ្នាំ ២០១១ និង ឈរ​ចំណាត់​ថ្នាក់​លេខ ៤ ចំនួន ២ លើក​នៅ​ឆ្នាំ ២០១០ និង ២០១៤។ លោក មាស ចាន់ណា ទើប​តែ​ដំឡើង​តំណែង​ពី​គ្រូជំនួយ ទៅ​ជា​គ្រូ​ធំ កំពុង​មាន​ឥទ្ធិពល​លើ​កូន​ក្រុម​ជា​ខ្លាំង ព្រម​ទាំង​​ជួយ​ក្រុម​ឱ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល។

ម្ចាស់​ជើង​ឯក ២ សម័យកាល ប៉ះ​គ្នា​រក​កៅអី​វគ្គ​បន្ទាប់
គូ​បន្ទាប់ ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ស្វាយរៀង ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ ២ សម័យកាល គឺ​នៅ​ឆ្នាំ ២០១១ និង ២០១២ ត្រូវ​ជួប​​ក្រុម​ជើង​ខ្លាំង​ភ្នំពេញក្រោន ដែល​ធ្លាប់​ឈ្នះ​ពាន​ ២ សម័យកាល​ដូច​គ្នា នៅ​ឆ្នាំ​ ២០០៨ និង ២០០៩ វេលា​ម៉ោង ៦ ល្ងាច ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​តាម​ប៉ុស្ដិ៍ BTV ផង​ដែរ។

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុមខេត្តស្វាយរៀង កំពុង​តែ​មាន​សំទុះ​ទឹក​ចិត្ត​ខ្លាំង​ព្រោះ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទឹកដី​របស់​ខ្លួន ព្រម​ទាំង​មាន​អ្នក​គាំទ្រ​ផ្ទាល់​ជា​ច្រើន​នៅ​ទីនោះ។ កីឡាករ ប្រាក់ មុន្នីឧត្តម, ជា សំណាង, ហួយ ផល្លីន, ផានី អ៊ីរដ្ឋា, សំអឿន ពិដោ, អាំ សុវណ្ណរ៉ាត់, នេន សុធារ័ត្ន, ឡាយ រស្មី, មូល ដារ៉ាវ័ន្ត សុទ្ធ​សឹង​​ធ្លាប់​ជួយ​ក្រុម​​ដណ្ដើម​បាន​ជ័យជម្នះ​នាពេល​កន្លង​មក។ស្វាយរៀង ជា​ក្រុម​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​វគ្គ​ជម្រុះ​តាម​ពូល ដោយ ៣ ប្រកួត​រក​បាន ៣០​គ្រាប់ និង របូត​តែ ២ គ្រាប់​ប៉ុណ្ណោះ។

ចំណែក​ក្រុម​ភ្នំពេញក្រោន វិញ​ទោះ​អវត្ថមាន​កីឡាករ ៤ នាក់​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​ជា​តួ​សំខាន់​យ៉ាង​ណា​ក៏​ដោយ តែ​លោក Samuel Schweingruber គ្រូ​បង្វឹក​ហាក់​មិន​ចាញ់​ប្រៀប​គូ​ប្រកួត​នោះ​ទេ ដោយ​ប្រកួត​បើក​​វគ្គ​ជម្រុះ​ជម្រុះ​តាម​ពូល​ឈ្នះ ក្រុម​ក្រសួងការពារជាតិ ៤ ទល់ ០, ឈ្នះ​ក្រុម​ខេត្ត​បាត់ដំបង ១៥ ទល់ ០ តែ​ចាញ់​បឹងកេតអង្គរ ១ ទល់ ០ ។ កីឡាករ ធារី ចន្ថាប៊ីន, សុះ ស៊ូហាណា, ឡេង មករា, កុក បូរីស, អ៊ុក សុធី, យុគ អៈរី និង វ៉ា ឃ្វីនទីន សុទ្ធ​តែ​ជា​កូន​​កូន​សោ​សំខាន់​ នាពេល​កន្លង​មក។

តើ​ក្រុម ២ ណា​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០១៥ នេះ?

សកម្មភាព​ប្រកួតកាលពី​ម្សិលមិញ៖

អគ្គ​ស្នងការ​ដ្ឋាននគរបាលជាតិ ៣-១ បៀល​ប្រាយយូណាយធីត
Displaying 128‐20150131004−3H8A5946.jpg

Displaying 136‐20150131004−3H8A6016.jpg

Displaying 157‐20150131004−3H8A6133.jpg

ត្រាយអាស៊ី ២-០ អាល់ប៊ីរិចនីហ្គាតា

Displaying 215‐20150131004−3H8A6286.jpg

Displaying 213‐20150131004−3H8A6275.jpg

Displaying 141‐20150131004−3H8A6044.jpg



© រក្សាសិទ្ធិដោយ thmeythmey.com