កីឡាជាតិ
ជាតិ
ពានរង្វាន់​បាល់ទះ​ជើងឯក​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ដល់​វគ្គ១/៤ ហើយ
03, Feb 2015 , 11:03 am        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទះ​សម្រាប់តែ​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​Western Cup 2015 បាន​រកឃើញ​ក្រុម​ឡើងទៅ​វគ្គ៨ ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​បញ្ចប់​យុទ្ធនាការ​ជម្រុះ​តាម​ពូ​ល​ដែលមាន​ក្រុម​ចូលរួម​ចំនួន៣២ ក្រុម​ចែកជា ៤ ពូ​ល​ចាប់​ប្រកួត​តាំងពី​ថ្ងៃទី៥ មករា មកម្ល៉េះ។



ក្រុម​ដែលមាន​កៅអី​នៅ​វគ្គ៨ ក្រុម​ចុងក្រោយ​នេះ​មាន​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ និង វិទ្យាល័យ​ព្រែក​ឯង​មកពី​ពូ​ល​A វិទ្យាល័យ​ព្រែកលៀប​និង វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​កោះដាច់​មកពី​ពូ​ល​B វិទ្យាល័យ​ពងទឹក​និង វិទ្យាល័យ​ជាស៊ីម សាមគ្គី​មកពី​ពូ​ល​C វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន និង និង​វិទ្យាល័យ​ហ៊ុន សែន ភ្នំពេញ​ថ្មី​មកពី​ពូ​ល​D។

នៅ​វគ្គ ១/៤នេះ​វិទ្យាល័យ ពងទឹក និង​វិទ្យាល័យ ឬ​ស្សី​កែវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​ជម្រុះ​ស្របពេល​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​រសៀល​ម៉ោង២ និង ម៉ោង ៤ ថ្ងៃទី ៦ និង ៧ខែ កុម្ភៈ ខាងមុខ។ ៤ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​នឹង​កក់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត។

សាកលវិទ្យាល័យ​វេ​ស្ទើ​ន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដោយ​សហការ​បច្ចេកទេស​ជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ។សម្រាប់​ដែល​អាច​ដណ្ដើមបាន​ជើងឯក​នៅ​ឆ្នាំនេះ​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ១០ លាន​រៀល​ហើយ​ក្រុម​ជើងឯក​រកបាន៦ លាន​រៀល ក្រុម​លេខ ៣ទទួលបាន​ទឹកប្រាក់ ៤ លាន​រៀល​និង​ក្រុម​លេខ ៤ ចំនួន ៣លាន​រៀល។

Western Cup រៀបចំឡើង​បាន​រយៈពេល៥ ឆ្នាំ​ជាប់​គ្នា​មកហើយ​ដោយ​ឆ្នាំ ២០១០ដែលជា​លើកដំបូង​ជើងឯក​បាន​ទៅ​វិទ្យាល័យ​ឬ​ស្ស​កែវ​ហើយ​ឆ្នាំ ២០១១ធ្លាក់​តំណែង​ជើងឯក​ទៅ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ២០១២ វិទ្យាល័យ​ព្រែកលៀប​ទទួលបាន​ជើងឯក​ម្ដង​ប៉ុន្ដែ​ចូលដល់​ឆ្នាំ២០១៣ វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន ដណ្ដើមបាន​មកវិញ​និង ចុងក្រោយ​ឆ្នាំ ២០១៤តំណែង​ជើងឯក​បានមក​វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញ​ថ្មី។

យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នករៀបចំ​កម្មវិធី ឆ្លងកាត់​ការចាប់​ឆ្នោត​ជ្រើសរើស​គូ​កាលពី​ល្ងាចម្សិលមិញ​រកឃើញ​ក្រុម​ប្រកួត​ដូចជា​ថ្ងៃទី ៦ កុម្ភៈ ម៉ោង ២ ដល់៤ រសៀល នៅ​ទីលាន​វិទ្យាល័យ​ពងទឹក​មាន វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​ជួប វិទ្យាល័យ​ព្រែកលៀប និង​វិទ្យាល័យ​ហ៊ុនសែន​កោះដាច់​ប៉ះ វិទ្យាល័យ​ព្រែក​ឯង។ចំណែក​ថ្ងៃទី ៧ កុម្ភៈ​នៅ​ទីលាន​វិទ្យាល័យ​ឫស្សីកែវ​ក្រុម​វិទ្យាល័យ ពងទឹក​ប៉ះ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​និង វិទ្យាល័យ​ហ៊ុនសែន​ប៊ុន​រា​នី​ផ្សារ​ដើមថ្កូវ​ជួប វិទ្យាល័យ​ហ៊ុនសែន​ជ​ម្ព​វ័​ន្ត៕

រូបថត៖ Western University



© រក្សាសិទ្ធិដោយ thmeythmey.com