ជាតិ
ពិភពតារា៖ សុគន្ធ រូហ្សា សារភាពថាមានអ្នកសុំស្រឡាញ់ច្រើន 
×![]()
ភ្នំពេញ៖ តារាចម្រៀង និងសម្តែងកញ្ញា សុគន្ធ រូហ្សា ជាស្រីស្អាតមួយរូបក្នុងពិភពសិល្បៈ ដែលមានរូបសម្ផស្សផូរផង់ប្រៀបបានជាកូលាបមួយទងកំពុងចោលក្លិនក្រអូបសាយធ្វើឱ្យហ្វូងកន្លង់ហើរក្រវែលចង់ក្រេបលំអងផ្កា។ យ៉ាងណាម៉ិញ សុគន្ធ រូហ្សា បានសារភាពប្រាប់ថានាងមានអ្នកសុំស្រឡាញ់ច្រើន ប៉ុន្តែនាងមិនទាន់ឆ្លើយយ៉ាងណានោះទេ ព្រោះនាងនៅស្រឡាញ់អាជីពសិល្បៈ។
ការវិលត្រឡប់មកវេទិការសិល្បៈជាថ្មីរបស់កញ្ញា សុគន្ធ រូហ្សា បន្ទាប់ពីបានដកខ្លួនអស់រយៈពេលបីឆ្នាំមកនោះ បានធ្វើឱ្យមិត្តអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា តារារូបនេះវិលមកចាប់អាជីពសិល្បៈជាថ្មីម្តងទៀត។ តែអ្វីដែលធ្វើឱ្យមានគេកោតសរសើរជាងនេះទៅទៀតនោះគឺ សុគន្ធ រូហ្សា ហាក់មានសាច់ឈាមទ្រលុកទ្រលន់ និងសម្រស់ស្រស់ស្អាតជាងមុន។
សកម្មភាពនេះធ្វើឱ្យមានមតិជាច្រើនបានលើកឡើងថា ប្រហែលជារឿងស្នេហាដំណើរការយ៉ាងរលូន និងអាជីពក្រៅសិល្បៈកាក់កបហើយបានជាមានការផ្លាស់ប្តូរបែនេះ។ទោះយ៉ាងណា ត្រូវបានកញ្ញា សុគន្ធ រូហ្សា តបយ៉ាងញញឹមថា កាក់កបដែរព្រោះការងាររកស៊ីបើកហាងនៅផ្ទះមានអតិថិជនគាំទ្រច្រើន ចំណុចនេះហើយដែលធ្វើឱ្យនាងសប្បាយចិត្តមិនកើតទុក្ខនាំឱ្យក្រៀមសាច់មិនស្អាតនោះទេ។ដោយឡែកចំពោះរឿងរ៉ាវស្នេហាវិញនោះនាងមិនមានជាប់ដៃជាប់ជើងជាមួយបុរសណាម្នាក់ទេគឺអត់តែម្តង។
គូររំឭកថា កាលដែល កញ្ញា សុគន្ធ រូហ្សា ដកខ្លួនចេញសង្វៀនសិល្បៈកាលពីបីឆ្នាំមុននេះ ក៏ធ្លាប់មានព័ត៌មានចាមអារ៉ាមថា នាងឈប់ពីអាជីពសិល្បៈព្រោះតែមានអ្នកឃាត់មិនឱ្យប្រឡូកនឹងអាជីពនេះ ហេតុដូច្នេះហើយ ទើបនាងព្យាយាមដកខ្លួនទាំងចិត្តមិនចង់។ ព័ត៌មាននេះពេលសាកសួរបញ្ជាក់ សុគន្ធ រូហ្សា បានបដិសសេធថា ការដែលនាងដកខ្លួនចេញពីអាជីពសិល្បៈកាលពីបីឆ្នាំមុននោះគឺមិនមែនបណ្តាលមកពីហេតុផលដូចគេនិយាយនោះទេ ការពិតនាងជាប់ទៅសិក្សាបញ្ចប់ថ្នាក់វិទ្យាល័យដើម្បីយកសញ្ញាបត្រមកកាន់ក្នុងដៃសិន។
ដោយឡែកហេតុផលដែថា មានគេឃាត់មិនឱ្យនាងចាប់អាជីពសិល្បៈនោះ គឺខុសទាំងស្រុងតែម្តង ព្រោះនាងមិនមានអ្នកហាមឃាត់ឡើយ។ តារាវ័យ២២ឆ្នាំរូបនេះបញ្ជាក់ថា នៅពេលនេះនាងបានវិលមកកាន់អាជីពចាស់វិញ ហើយការវិលត្រឡប់លើកនេះនាងលែងបោះបង់ទាំងកណ្តាលទីដូចមុនទៀតទេ ព្រោះប្រជាប្រិយភាពពិបាកសាងឡើងខ្លាំងណាស់វាមិនដូចការងាររកស៊ីឡើយ។
ចំពោះរឿងរ៉ាវបេះដូង សុគន្ធ រូហ្សា បានបញ្ជាក់ថា សព្វថ្ងៃនេះនាងមិនខ្វះទេអ្នកតាមសុំស្រឡាញ់ មានទាំងក្មេង ចាស់ អ្នកជំនួញ មន្ត្រីរាជការ គឺមានច្រើន តែនាងមិនទាន់គិតរឿងស្នេហាព្រោះថានាងនៅក្មេង និងចង់ស្រវាចាប់កេរ្តិ៍ឈ្មោះសិល្បៈមួយរយៈសិនចាំគិតរឿងនេះនៅពេលក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com