កីឡាជាតិ
ជាតិ
បឹងកេត​ទទួលបាន​អ្នកចាំទី ស៊ូ យ៉ា​ទី ប៉ុ​ន្តែ​​បែកផ្លូវ​ជាមួយ​គ្រូបង្វឹក​អូស្ត្រាលី
05, Feb 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​រយៈពេល​ខុសគ្នា​តែមួយ​ម៉ោង​ប៉ុណ្ណោះ នា​ថ្ងៃ​ពុធ ទី៤ ខែកុម្ភៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ក្លិប​បឹងកេត​អង្គរ បានផ្តល់​ដំណឹង​ខកចិត្ត​ផង និង​ដំណឹង​រីករាយ​ផង។ រឿង​ដែល​មិន​នឹកស្មាន​ដល់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ បានប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​អូស្ត្រាលី លោក John Mcglynn រីឯ​រឿង​ដ៏​រីករាយ​សម្រាប់​ក្រុម​អ្នកគាំទ្រ​នោះ គឺ​ការទទួល​អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី ពី​ក្លិប​ភ្នំពេញ​ក្រោ​ន។



ទាក់ទង​នឹង​ការបញ្ចប់​កិច្ចសន្យា​គ្រូបង្វឹក លោក John Mcglynn ក្លិប​បឹងកេត​អង្គរ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះឡើយ។ «ក្លិប​បឹងកេត​អង្គរ​បានសម្រេច​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​ជនជាតិ​អូស្ត្រាលី John Mcglynn ហើយ។ ក្លិប​សូម​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់លោក​សម្រាប់​ក្លិប​មួយរយ:មកនេះ ហើយ​ក្លិប​សូម​ជូនពរ​ឱ្យ​លោក​ជួបតែ​ជោគជ័យ​នាពេលខាងមុខ»។

ខណៈដែល​ក្លិប​ប្រកាស​ស្វែងរក​គ្រូ​បរទេស​ថ្មី​ម្នាក់ទៀត លោក  ហៅ សុជាតិ ដែលជា​គ្រូ​ជំនួយ ហៅ សុជាតិ ត្រូវ​រ៉ាប់រង​ការដឹកនាំ​បង្វឹក​ជា​បណ្តោះអាសន្ន។ លោក John Mcglynn អាយុ៤៨ឆ្នាំ បានមក​ដឹកនាំ​ក្លិប​បឹងកេត​កាលពី​អំឡុង​ខែកញ្ញា ក្រោយ​ការចាកចេញ​របស់លោក ប្រាក់ វុទ្ធី។

ក្រោម​ការដឹកនាំ​របស់​អតីត​ជំនួយការ​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះ ក្លិប​បឹងកេត​អង្គរ អតីត​ចម្ការកៅស៊ូ​បឹងកេត ទទួលបាន​កំណត់ត្រា​នៃ​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការប្រកួត​ Displaying 049‐20150201008−3H8A6655.jpg ល​ក្ខ​ណៈ​មិត្តភាព ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ខកចិត្ត​នោះ លោក​បាន​បរាជ័យ​ក្នុងការ​ដឹកនាំ​បឹងកេត​ឲ្យ​ឈាន​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ចាញ់​ណាហ្គា​វើ​ល ក្នុង​លទ្ធផល ៣-០ ។ កន្លងមក​នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​មិត្តភាព​មួយ​នៅ​វៀតណាម បឹងកេត​បាន​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ខណៈ​ក្រុម​ពីរផ្សេងៗទៀត​របស់​កម្ពុជា​សុទ្ធតែ​ត្រឡប់មកវិញ​ជាមួយនឹង​ប្រាក់រង្វាន់។

ដោយឡែក ទាក់ទង​នឹង​ការទទួលបាន​អ្នកចាំទី ស៊ូ យ៉ា​ទី ពី​ក្លិប​ភ្នំពេញ​ក្រោ​ន វា​ជា​ដំណឹង​មួយ​ដ៏​គួរ​ឲ្យ​រីករាយ។ ក្លិប​បានប្រកាសថា​អ្នកចាំទី ស៊ូ យ៉ា​ទី បាន​ចុះកិច្ចសន្យា​ប្រកប​អាជីព​ជាមួយ​ខ្លួន។ អ្នកចាំទី ស៊ូ យ៉ា​ទី ដែលមាន​បញ្ហា​ផ្ទៃក្នុង​នៅ​ក្លិប​ចាស់​ភ្នំពេញ​ក្រោ​ន បានសម្រេច​មក​រួមរ​ស់​ជាមួយ​ក្រុម​បឹងកេត​អង្គរ ពី​ពេលនេះ​តទៅ​ហើយ​ក្រោយ​គ្មាន​ឈ្មោះ​បង្ហាញខ្លួន​នៅក្នុង​ពានរង្វាន់ Hun Sen Cup 2015 ។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅតែ​មានឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Lee Tae Hoon។

ស៊ូ យ៉ា​ទី គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម៤នាក់​ដែល​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​ដាក់ពិន័យ។ គេ​បាន​ចូលរួម​ជាមួយ ហុង ផេង ដែលជា​អតីត​មិត្ត​រួម​ក្លិប​ភ្នំពេញ​ក្រោ​ន ខណៈ​កីឡាករ​ពីរ​នាក់​ទៀត គឺ ឃឹម បូរី និង​គួច សុគ​ម្ភៈ បាន​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល។

ក្លិប​ជើងឯក​លី​ក​អាជីព​កម្ពុជា​ឆ្នាំ ២០១២ មួយ​នេះ​អាច​នឹងមាន​អ្វី​ថ្មី ហើយ​ប្លែក​ប្រាប់​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​មុន​រដូវ​កាល​ថ្មី​មកដល់ ស្របពេល​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ប្រជុំ​ចែក​ពូ​ល​ពាន Hun Sen Cup ថា​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុងពេលឆាប់ៗ ជុំវិញ​បញ្ហា​របស់​ក្លិប៕



© រក្សាសិទ្ធិដោយ thmeythmey.com