កីឡាជាតិ
ជាតិ
ជម្រើសជាតិសាកជើងជាមួយ ស្វាយរៀង មុនប៉ះក្រុមមកពីកូរ៉េខាងត្បូង 
×![]()
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលចាប់ប្រមូលផ្ដុំពីថ្ងៃទី ២ មកម៉្លះនៅទីលានមជ្ឈមណ្ឌល និង សាលាបាល់ទាត់ជាតិទន្លេបាទី នឹងត្រូវស្វាគមន៍ក្រុមខេត្តស្វាយរៀង នៅវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះនៅទីលានហ្វឹកហាត់របស់ខ្លួនមុនចេញទៅប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុម Hwaseong FC មកពីប្រទេសកូរ៉េខាងត្បូង។
សម្រាប់ក្រុមជម្រើសជាតិដែលដឹកនាំដោយលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon មានពេលហ្វឹកហាត់ជុំគ្នាចំនួន ៥ ថ្ងៃប៉ុណ្ណោះដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ ប៉ុន្ដែក្នុងពេលហ្វឹកហាត់នោះក៏មានប្រកួតសមជើងដំបូងសិនដែរ ដោយជ្រើសរើសយកស្វាយរៀង មកសាកសមត្ថភាព។
កម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយក្រុម Hwaseong FC នៅវេលាម៉ោង ៥:៣០ នាទីល្ងាចថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនៅកីឡដ្ឋានខេត្តស្វាយរៀង ព្រមទាំងផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ BTV ថែមទៀតផង។ ចំណែកតម្លៃសំបុត្រចូលទស្សនាមានតម្លៃ ២០០០ រៀលចំពោះកន្លែងមានកៅអីអង្គុយ ហើយ ៥០០ រៀលសម្រាប់អ្នកឈរទស្សនា។
ចំណែកក្រុមខេត្តស្វាយរៀង នេះជាការប្រកួតកម្ដៅសាច់ដុំរបស់ខ្លួនដែរ ដើម្បីត្រៀមប្រកូតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Hun Sen Cup 2015 លើទឹកដីរបស់ខ្លួន នៅថ្ងៃទី ១១ ខែ កុម្ភៈ ជាមួយក្រុមត្រាយអាស៊ីភ្នំពេញ វេលាម៉ោង ៦:៣០ នាទីល្ងាច។ កីឡាករសមាជិកក្រុមខ្លួនល្អៗ ចំនួន ៤ នាក់មាន ប្រាក់ មុន្នីឧត្តម សឿយ វិសាល មួន ណារ៉ា និង ហួយ ផល្លីន បានជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិបាត់ទៅហើយ៕
លទ្ធផលឈ្នះ ឬ ចាញ់ សម្រាប់ការប្រកួតរសៀលនេះសុទ្ធផ្ដល់ផលវិជ្ជមានដល់ក្រុមទាំង ២ ដើម្បីកែតម្រូវក្រុមខ្លួនមុនការប្រកួតសំខាន់មកដល់។
© រក្សាសិទ្ធិដោយ thmeythmey.com