កីឡាជាតិ
ជាតិ
កីឡា ៣ ប្រភេទ​មានឈ្មោះ​ទៅ​ហាត់​នៅក្រៅ​ប្រទេស​ត្រៀម​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី
06, Feb 2015 , 9:57 am        
រូបភាព
ដោយ:
កម្ពុជា នឹង​បញ្ជូន​កីឡា​ចំនួន ៣ ប្រភេទ​ក្នុងចំណោម ២៣ ប្រភេទ​ដែល​ត្រៀម​ដាក់ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី នា​ខែមិថុនា​ខាងមុខ ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ប្រជែង​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ។



យោងតាម​ប្រភព​មកពី​មន្ត្រី​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹងថា​កីឡា​ទាំង ៣ប្រភេទ​នោះ​មាន សី​ប៉ា​ក់តា​ក្រ, ទ្រី​យ៉ា​ត្លុង និង វាយ​កូន​បាល់ ដោយមាន​កីឡាករ​កីឡាការិនី សរុប​ចំនួន ២១ នាក់។

ចំពោះ​កីឡា​សី​ប៉ា​ក់តា​ក្រ នឹង​បញ្ជូន​កីឡាករ-កីឡាការិនី សរុប​ចំនួន១០នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជួយឧបត្ថម្ភ​សំបុត្រ​យន្តហោះ និង​ប្រាក់​ប្រចាំខែ​ដល់​ពូកគេ​នៅ​ទីនោះ។

ចំណែក​កីឡា​ទ្រី​យ៉ា​ត្លុង (ហែល​ទឹក-រត់ ជិះ​កង់) នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ខេត្ត Rayong ប្រទេស​ថៃ​រយៈពេល ១ ខែ ចាប់ពី​ថ្ងៃទី១ ដល់ ២៧ ខែ មីនា ឆ្នាំ ២០១៥ ដោយមាន​កីឡាករ​ចំនួន ៦ នាក់ ក្រោម​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា។ នៅ​ចុងខែ មីនា កីឡាករ​កម្ពុជា នឹងធ្វើ​តេស្ដ​ក្នុង​កម្មវិធី​ប្រកួត​ខ្នាត​អន្តរជាតិ នៅ​ទីនោះ​ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព​របស់ខ្លួន។

សម្រាប់​ប្រភេទ​កីឡា​វាយ​កូន​បាល់ វិញ​នឹង​បញ្ជូន​កីឡាករ​របស់ខ្លួន​ទៅ​ក្រៅប្រទេស​ចំនួន៦ រូប​ដោយ​ក្នុងនោះ​មាន​ម្នាក់​ទៅ​ហាត់​រយៈពេល២ខែ​នៅ​សហរដ្ឋអាមេរិក ម្នាក់​ទៅ​ហាត់ និង​ប្រកួត​រយៈពេល២០ថ្ងៃ​នៅ​ប្រទេស​ស្រីលង្កា និង ៣នាក់​ដែលជា​ឈុត​យុវជន ចេញទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម។

សព្វថ្ងៃ​កម្ពុជា កំពុង​ប្រមូលផ្ដុំ​កីឡា​ចំនួន ២៣ប្រភេទ​ដែលមាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន៣៩២គ្រូបង្វឹក និង គ្រូ​ជំនួយ៦២នាក់ និង អនុរក្ស ២៦នាក់​រយៈពេល៥ខែ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ចេញទៅ​បង្ហាញខ្លួន​ក្នុង​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៨ នេះ។ មិន​ខុសពី​លើក​មុន​ទេ​ការប្រមូលផ្ដុំ​នេះ​ចែកចេញជា ៣ ដំណាក់កាល​គឺ​ដំណាក់កាល​ហាត់​កម្លាំង ដំណាក់កាល​ហាត់​បច្ចេកទេស និង ដំណាក់កាល​ហាត់​កលល្បិច ។

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​ប្រទេស​សិង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៥ ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ដែល​បើក​ឱ្យមាន​ប្រភេទ​កីឡា​ចំនួន៣៦ ចូល​ប្រកួតប្រជែង​លើ ៤០២ វិញ្ញាសា ស្មើនឹង ៤០២ មេដាយមាស៕


© រក្សាសិទ្ធិដោយ thmeythmey.com