ជាតិ
ពិភពតារា៖ ធីតា នុត តារារះថ្មី កំពុងទទួលប្រជាប្រិយភាព 
×![]()
ភ្នំពេញ៖ អ្នកចម្រៀងជើងថ្មីកញ្ញា ធីតា នុត ដែលមានទេពកោសល្យច្រៀងទាំងផ្នែកចម្រៀងសម័យពីដើម និងចម្រៀងយុវវ័យសម័យបច្ចុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនគួរឱ្យកត់សម្គាល់ ពិសេសរូបសម្បត្តិដ៏ស្រស់ស្អាតពីធម្មជាតិថែមទៀតរបស់នាង។
ស្ថិតក្នុងវ័យ២៣ ឆ្នាំ តារាចម្រៀងដែលមានរាងស្រឡូន កញ្ញា ធីតា នុត បានឱ្យដឹងថា នាងបានប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០០៩ តាមរយៈបងស្រីជីដូនមួយ ដោយឱ្យនាងសាកល្បងឡើងច្រៀងក្នុងកម្មវិធីមួយ។ ដោយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ទស្សនិកជន ពីមួយថ្ងៃទីមួយថ្ងៃ ទើបនាងអាចចាប់យកអាជីពជាតារាចម្រៀងរហូតមកដល់សព្វថ្ងៃ។ ថ្វីត្បិតតែមិនទាន់មានឱកាសច្រៀងដាក់ថាស នៅក្នុងផលិតកម្មណាមួយនៅឡើយក៏ដោយ តែបើផ្អែកលើទេពកោសល្យ និងរូបសម្រស់ដ៏គួរឱ្យគយគន់របស់នាង គេកត់សម្គាល់ឃើញថា នាងនឹងឆក់បាននូវកេរ្តិ៍ឈ្មោះល្បី ប្រកបដោយប្រជាប្រិយភាពជាមិនខានឡើយ។
កញ្ញា ធីតា នុត បានប្រាប់ឱ្យដឹងផងដែរថា នាងស្រឡាញ់ និងចូលចិត្តសិល្បៈតាំងពីតូចមកម្ល៉េះ។ នាងបានខិតខំបំពេញការងារជាអ្នកសិល្បៈមិនខ្លាចនឿយហត់ឡើយ បើទោះជាសព្វថ្ងៃ នាងមានការងារមមាញឹកតាមកម្មវិធីតូចធំ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្តក្រុង ព្រមទាំងកម្មវិធីស្ថានីយទូរទស្សន៍នានាក៏ដោយ។ ដោយមានទឹកមុខស្រគត់ស្រគំ និងពូកែប្រើសំឡេងបានយ៉ាងពីរោះរណ្តំនោះ នាងត្រូវបានទស្សនិកជនសំណូមពរឱ្យច្រៀងបទពីដើមជាងបទសម័យឥឡូវ។
ពាក់ព័ន្ធនឹងសម្ព័នភាពស្នេហា តារាចម្រៀងមុខស្រទន់ប្រកបដោយមន្តស្នេហ៍រូបនេះ បានឆ្លើយថា បេះដូងរបស់នាងនៅទទេស្អាត ហើយក៏មិនចង់គិតឡើយ ដោយគិតតែពីការងារ និងក្រុមគ្រួសារតែប៉ុណ្ណោះ។
កញ្ញា ធីតា នុត មានកម្ពស់១,៦០ សង់ទីម៉ែត្រ ជាអ្នករាជធានីភ្នំពេញ និងជាកូនទី៣ ក្នុងចំណោមបងប្អូន៧នាក់។ នាងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ។ ទៅថ្ងៃខាងមុខនាងចង់មានមុខជំនួញផ្ទាល់ខ្លួនមួយ ប៉ុន្តែនាងពុំទាន់ប្រាប់ថា ជាមុខជំនួញអ្វីនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ទោះបីជានាងមានមុខជំនួញផ្ទាល់ខ្លួន ក៏នាងនឹងមិនបោះបង់អាជីពជាអ្នកសិល្បៈនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com