កីឡាជាតិ
ជាតិ
ជាង ២០០០ នាក់ចុះឈ្មោះបានមុនគេត្រៀមរត់ប្រណាំងថ្ងៃទិវានៃក្ដីស្រលាញ់ 
×![]()
យ៉ាងហោចណាស់មានអ្នកចុះឈ្មោះបានមុនគេប្រមាណជាង ២០០០ នាក់ហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងទិវារត់ប្រណាំង «ស្ដ្រីនិងកីឡា រត់ដើម្បីសេចក្ដីស្រលាញ់ ( Woman and Sport Valentine’s Day) » ដែលរៀបចំនៅព្រឹកថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៥ ប៉ុន្មានថ្ងៃខាងមុខ នៅ City Hall កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
តាមពិតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយ Wsestec Media Limited រៀបចំព្រឹត្តិការណ៍ដើម្បីបង្កើតភាពសប្បាយរីករាយ ដែលបង្កើនការចូលរួមភាគច្រើនពីស្ត្រី ផ្សារភ្ជាប់និងការអប់រំកាយនិងកីឡា ជាពិសេសគឺអប់រំយុវវ័យឱ្យកាន់តែយល់ច្បាស់ពីអត្ថន័យនៃថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ពិតប្រាកដ។
គណៈកម្មការរៀបចំវិញ្ញាសាចំនួន ២ ដល់ឱ្យបេក្ខជនប្រកួតប្រជែង ដោយមានរត់ចម្ងាយ ៥ គីឡូម៉ែត្រ សម្រាប់អាយុ ក្រោម ១៥ ឆ្នាំ, ពី ១៥ ដល់ ៣០ ឆ្នាំ និង ៣០ ឆ្នាំ ឡើង និង វិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រដោយតម្រូវឱ្យបុរសម្នាក់ និង នារីម្នាក់ ចង់ជើងម្ខាងម្នាក់ជាប់គ្នា (រត់ជើងបី)។ ចំណែកតម្លៃនៃការចុះឈ្មោះសម្រាប់ជនជាតិខ្មែរចំនួន ៣ ដុល្លារសហរដ្ឋអាមេរិក និង ៥ ដុល្លារសម្រាប់ជនជាតិបរទេស។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកគ្រោងនឹងផ្ដល់វត្ថុ អនុស្សាវរីយ៍ដល់តំណាងអតីតកីឡាការិនីជម្រើសជាតិពីសម័យមុនដែលនៅ រស់រានមានជីវិត ធ្លាប់សាងស្នាដៃជូនជាតិ ប្រមាណពី ៥ ទៅ ១០ នាក់ នៅថ្ងៃនោះផងដែរ។
លោកបន្ថែមថា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មាធិការស្ត្រី និង កីឡា តំណាងមន្ត្រីរបស់ក្រសួងកិច្ចការនារី តំណាងមន្ត្រីរបស់ក្រសួងវប្បធម៌ តំណាងមន្ត្រីរបស់សាលារាជធានីភ្នំពេញ ព្រមទាំងស្ដ្រីមកពីតាមសហព័ន្ធនានាទាំងអស់នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
សម្រាប់មហាជនដែលមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះចូលរួមប្រកួតអាចទាក់ទងទៅកាន់ Smart Store, JaiKon Store (Aeon Mall ជានទី1), សាខារបស់ Chatime, សាខារបស់រោងភាពយន្តលេជេន ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com