ជាតិ
អាំ អារីយ៉ា ម្តាយថានៅក្មេងវ័យពេក 
×![]()
ភ្នំពេញ៖ តារាចម្រៀងទើបនឹងរះថ្មី អាំ អាលីយ៉ា ឬអ៊ីវ៉ា ទី២ ដែលនាងទើបតែមានវ័យ១៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងមានរូបសម្បត្តិស្រស់ផូរផង់ ដូចផ្កាមួយទង គួរឲ្យចេតនានៃសត្វកន្លង់ទាំងពួងចោមរោម។ ទោះយ៉ាងណាម្តាយនាងហាមថា មិនអនុញ្ញាតឲ្យនាងមានសង្សារក្នុងវ័យនេះទេ ព្រោះនៅក្មេងវ័យពេក។
តារាចម្រៀងវ័យក្មេង ដែលមិនត្រឹមតែមានទឹកដមសម្លេងពិរោះដូចបេះបិទទៅនឹងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានទម្រង់មុខ មាត់ ដូចទៅនឹងនាង អ៊ីវ៉ា ស្ទើរតែទាំងស្រុងផងដែរ ដែលនាំឲ្យមហាជនមួយចំនួនហៅនាងថា អ៊ីវ៉ា ទី២ រហូតមក។
បើទោះបីជានៅមិនទាន់ក្លាយជាតារាចម្រៀងអាជីព មានទ្រនំច្រៀងដូចតារាសិល្បៈដទៃនៅឡើយក្តី ប៉ុន្តែ ស្រីអាំ ឬ អ៊ីវ៉ា ទី២ កំពុងទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ពីមហាជន និងភ្ញៀវកិត្តិយសមួយចំនួន ដែលបានអញ្ជើញទៅញ៉ាំអាហារនៅភោជនីយដ្ឋាន ពិភពរាត្រីថ្មី និងបានកោតសរសើរពីទឹកដមសម្លេងយ៉ាងពិរោះក្រអួនក្រអៅ ប្រកបដោយរូបសម្បត្តិស្រស់សោភារបស់នាង ដែលស្រស់ស្អាតមិនចាញ់ អ៊ីវ៉ា ពិតប្រាកដនោះប៉ុន្មានទេ។
ក្នុងជំនួបផ្ទាល់ជាមួយ “ថ្មី” នៅស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ កាលពីពេលកន្លងទៅ ស្រីអាំ បានបរិយាយឲ្យដឹងពីដំណើរចូលសិល្បៈជាលើកដំបូងរបស់នាងថា នាងបានបោះជំហានចូលប្រឡូកក្នុងវិស័យចម្រៀងនៅឆ្នាំ២០១០ តាមរយៈម្តាយរបស់នាង គឺតារាកំប្លែង ពុំពុយ ដែលបានណែនាំឲ្យនាងចូលច្រៀងនៅភោជនីយដ្ឋាន ពិភពរាត្រី កាលពីដើមឆ្នាំ២០១១ ។
ដោយសារមានឈាមជ័រជាអ្នកសិល្បៈ ស្រីអាំ មិនត្រឹមតែមានដុង និងនិស្ស័យចូលចិត្តតែលើការច្រៀងនោះទេ នាងក៏ចង់ហក់ចូលប្រឡូកដូចម្តាយនាងដែរ ក្នុងអាជីពកំប្លែង សម្តែងភាពយន្ត និងដើរម៉ូដ ប៉ុន្តែដោយសារវ័យនេះ នាងគិតថា នៅមិនទាន់យល់ដឹងពីបែបផែនប្រើវោហារស័ព្ទក្នុងទំនុកកំប្លែងឲ្យបានស៊ីជំរៅនៅឡើយ។
នៅពេលសួរដល់រឿងផ្ទាល់ខ្លួន តារាចម្រៀងវ័យក្មេងរូបនេះ បាននិយាយទាំងសើចតិចៗថា “អត់ទាន់មានគូកំណាន់ចិត្តទេ ម៉ែថានៅក្មេងពេក អត់ទាន់ចង់ឲ្យមាន...” ។ ទោះយ៉ាងណា ស្រីអាំ បញ្ជាក់ថា រឿងអ្វីៗក៏ដោយទាល់តែម៉ាក់នាងជាអ្នកសម្រច ដ្បិតគាត់ជាចាស់ទុំ យល់ដឹងច្រើនពីការរាក់ជ្រៅជាងនាង។ ប៉ុន្តែនាងថា គូអនាគត គឺនាងមិនយកអ្នកសិល្បៈដូចគ្នានោះទេ។
ស្រីអាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ នាងមានកម្ពស់១,៦៣ ម៉ែត្រ និងទម្ងន់៥០ គីឡូក្រាម មានបងប្អូន៤នាក់ ស្រី២នាក់ នាងជាកូនទី។ ឪពុកឈ្មោះ យន់ តារាឌី អាយុ៤៨ឆ្នាំ ជាអ្នកម៉ៅការសាងសង់ផ្លូវខ្នាតមធ្យម។ ម្តាយឈ្មោះ ពុំពុយ អាយុ៤០ឆ្នាំ មានអាជីពជាតារាកំប្លែង។ ស្រីអាំ សិក្សាបានត្រឹមថ្នាក់ទី១០ នៅសាលាសាមគ្គី ក្នុងឆ្នាំ២០០៩។ ទៅថ្ងៃអនាគត នាងចង់ក្លាយជាតារាចម្រៀងអាជីពល្បីល្បាញមួយរូប និងមានទ្រនំផលិតកម្មច្រៀងដូចតារាដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com