កីឡាជាតិ
ជាតិ
តើក្រុមណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2015 បាន? 
×![]()
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ ណាហ្គាវើល និង ស្វាយរៀង ប៉ះត្រាយអាស៊ីភ្នំពេញ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេសកម្ពុជា Hun Sen Cup 2015 នៅលើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ ចំពោះតម្លៃសំបុត្រចូលទស្សនាតម្លៃ ២០០០ រៀលសម្រាប់អ្នកអង្គុយ និង ៥០០ រៀលសម្រាប់ឈរទស្សនា។
ណាហ្គាវើល ប៉ះ ស្វាយរៀង ជាលើកទី២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ការប្រកួតគូដំបូងនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤ រសៀល ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV)។
នេះជាលើកទី២ ហើយសម្រាប់ក្រុមទាំង ២ ដែលជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ស្របពេលលទ្ធផលកាលពីប្រកួតលើកទី១ ក្នុងឆ្នាំ ២០១៤ កន្លងទៅដែលជាឆ្នាំអគ្គស្នងការដ្ឋាននគរបាលជាតិលើកពាន នោះ ណាហ្គវើល ចាញ់ក្នុងលទ្ធផល ១ – ។
ក្រុមទាំង ២ សុទ្ធតែមានឈុតកីឡាករជនជាតិខ្មែរល្អ រៀងៗខ្លួន ទាំងចាស់ទុំលើទីលាន និង បទពិសោធន៍ ចំណែកលោកគ្រូបង្វឹកជនជាតិខ្មែររៀងៗ ខ្លួនសុទ្ធតែឆ្លងកាត់កម្រិតសិក្សា AFC Lenience A ដូចគ្នា។
៤ ប្រកួតក្នុងពានរង្វាន់នេះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់ស្គាល់ពាក្យថាចាញ់ ឬ ស្មើនោះឡើយនោះទេ ដោយឈ្នះក្រុមខេត្តក្រចេះ ៤ ទល់ ០, Albirex Niigata Phnom Penh ២ ទល់ ១ និង ឈ្នះខេត្តត្បូងឃ្មុំ ៧ ទល់ ០ នៅវគ្គជម្រុះតាមពូល និង បន្តយកឈ្នះក្រុមបៀលប្រាយ នៅវគ្គ ៨ ក្រុមចុងក្រោយ ៣ ទល់ ។ ចំណែកណាហ្គាវើល ឈ្នះព្រៃវែង ១៥ ទល់ ០ ឈ្នះ សៀមរាប ៤ ទល់ ១ និង ស្មើស្វាយរៀង ១ ទល់ ១ ក្នុងវគ្គជម្រុះពូល D មុនឈ្នះបឹងកេតអង្គរ នៅប្រកួតចុងក្រោយ ៣ ទល់ ។
ម្ចាស់ផ្ទះស្វាគមន៍ត្រាយអាស៊ីភ្នំពេញ
ក្រុមម្ចាស់ខេត្តស្វាយរៀង ត្រូវស្វាគមន៍ក្រុមត្រាយអាស៊ីភ្នំពេញ វេលាម៉ោង ៦ យប់ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ BTV ផងដែរ។
ក្រុមលោក សំ វ៉ាន់ដេត មានប្រៀបជាងដៃគូទាំងកម្លាំងបច្ចេកទេស និង អ្នកគាំទ្រ។ កីឡាករល្អៗ ក្នុងក្រុមជម្រើសជាតិ ៣ នាក់មាន ប្រាក់ មុន្នីឧត្តម សឿយ វិសាល និង មូល ដារ៉ាវ័ន្ត សុទ្ធតែមិនច្បាស់ថានឹងអាចបង្ហាញខ្លួនប្រកួតក្នុងប្រកួតនេះបាននោះទេ ព្រោះបញ្ហារបួស។
ចំណែកក្រុមត្រាយអាស៊ី ក៏មិនធម្មតាដែរ ព្រោះមានកីឡាករល្បីឈ្មោះមួយចំនួនដូចជា សុខ ចាន់រស្មី នុត ស៊ីនួន ចាន់ រីទ្ធី គួច ដានី ហែម ស៊ីម៉ៃ ជាអ្នកចាំទី ទោះបីជាមានគ្រូបង្វឹកលោក ឈូក ពិសិដ្ឋ គ្រប់គ្រងបណ្ដោះអាសន្នក៏ដោយ។
តើ អគ្គស្នងការនគរបាលជាតិ ឬ ណាហ្គា និង ស្វាយរៀង ឬ ត្រាយអាស៊ី អាចដណ្ដើមជ័យជម្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន?
© រក្សាសិទ្ធិដោយ thmeythmey.com