ជាតិ
ពិភពតារា៖ ស៊ឹម ថៃណា បាត់វត្តមាន ក្រោយល្បីថាឡើងទម្ងន់ 
×![]()
ភ្នំពេញ៖ក្រោយពីប្រកាសផ្អាកអាជីពសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមហេតុផលថាឡើងទម្ងន់គ្រាដែលទៅច្រៀងនៅអាមេរិកនោះ តារាចម្រៀងសិចស៊ី នាង ស៊ឹម ថៃណា បានប្រកាសជាថ្មីទៀតថា នាងនឹងវិលចូលប្រឡូកសិល្បៈវិញក្នុងពេលឆាប់ៗ ប៉ុន្តែគេនៅមិនទាន់ឃើញវត្តមានតារារូបនេះបង្ហាញខ្លួនដល់មហាជនឲ្យបានឃើញនៅឡើយទេ។
អតីតតារាចម្រៀងដែលធ្លាប់មានសន្ទុះកេរ្តិ៍ឈ្មោះនិងទីផ្សារខ្ពស់គួរសមកាលពីនៅក្នុងផលិតកម្មM នាង ស៊ឹម ថៃណា ជិតមួយឆ្នាំមកហើយ ដែលនាងបានផ្អាកពីការងារសិល្បៈ ពោលគឺ ចាប់តាំងពីនាងវិលត្រលប់មកពីច្រៀងនៅសហរដ្ឋអាមេរិកវិញ កាលពីឆ្នាំ២០១២ ដែលធ្វើឲ្យរូបរាងរបស់នាងឡើងទម្ងន់ ដោយសារតែកាលជ្រកកោននៅអាមេរិក នាងញ៉ាំប៉ូវខ្លាំងពេក។ លុះមកដល់ស្រុកខ្មែរ នាងបែរជាលាក់មុខ សំងំសម្រករាងមិនបង្ហាញមុខឡើយ ហើយបើទោះជានាងអញ្ជើញទៅចូលរួមក្នុងកម្មវិធីអ្នកសិល្បៈនានា ក៏នាងបដិសេធមិនឲ្យអ្នកកាសែតថតរូបនាងដែរ ដោយនាងអះអាងថា នាងមានរូបរាងធាត់ពេក មិនស្អាត ដូច្នេះចាំពេលក្រោយសឹមថត។
នាង ស៊ឹម ថៃណា បានទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងពិតជាទំនេរពីការងារសិល្បៈមិនដែលបានចេញថតចម្រៀង ឬក៏សម្តែងឈុតអ្វីនោះទេ ប៉ុន្តែ នាងបែរជាបដិសេធមិនពន្យល់ពីភាពអវិជ្ជមានពីការធ្លាក់ចុះការងារសិល្បៈរបស់នាងនោះឡើយ ដោយនាងលើកហេតុផលថា នាងមិនមានអ្វីថ្មី និងមិនមានអ្វីដែលត្រូវសារព័ត៌មានសម្ភាសយកទៅចេញផ្សាយនោះដែរ ព្រោះវាជារឿងដដែល។
បន្ថែមលើពាក្យសម្ដីចុងមាត់ចុងកបែបការវាយឫកនោះ តារាដែលផ្តើមស្រអាប់ពន្លឺបន្ទាប់ពីចុះចេញពីទ្រនំM រូបនេះ បញ្ជាក់ទៀតថា កន្លងមក មានទស្សនាវដ្តីច្រើនណាស់ តែងយករឿងនាងទៅចុះផ្សាយ ដោយមិនដែលបានធ្វើបទសម្ភាសជាមួយនាង ដែលការចេញផ្សាយរបស់ពួកគេនោះ មិនមែនជាការពិតផង ក៏ចេះតែយកទៅចុះផ្សាយ។
នាងបញ្ជាក់ថា ការមិនមានវត្តមានក្នុងសិល្បៈនោះ មិនមែនមិនមានគេហៅនោះទេ គឺមានខាទូរទស្សន៍បានអញ្ជើញនាងជារឿយៗឲ្យឡើងច្រៀងផងដែរ ប៉ុន្តែនាងសុំមិនបង្ហាញខ្លួន។ ទោះយ៉ាងណានាងថា នាងបានសូមទោសរាល់ការហៅពីបណ្តាអ្នកផលិតកម្មវិធីកម្សាន្តសម្រាប់ទូរទស្សន៍ផងដែរ ដែលនាងមិនអាចតបទៅតាមការអញ្ជើញរបស់ពួកគាត់បាន ជាមួយនឹងហេតុផល រូបរាងធាត់នោះឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com