ជាតិ
ពិភពតារា៖ ឈឹម តារាវត្តី ចង់បានតែស្វាមីស្អាតសង្ហារ 
×![]()
ភ្នំពេញ៖ តារាសម្តែងវ័យ ២៤ឆ្នាំនាង ឈឹម រាតាវត្តី បើទោះបីជាក្នុងការសម្តែងភាពយន្ត នាងត្រូវគេឲ្យដើរតួជាស្ត្រីចំណាស់ ឬតួភរិយាគេក្តី ប៉ុន្តែជីវិតក្រៅសិល្បៈ នាងបានបង្ហើបឲ្យដឹងថា ក្នុងអារម្មណ៍ពិតរបស់នាង គឺចង់បានតែស្វាមីស្អាត ស្រស់សង្ហារ និងមានវ័យក្មេងប៉ុណ្ណោះ។
អ្នកសម្តែង កញ្ញា ឈឹម តារាវត្តី ចូលប្រឡូកសិល្បៈនៅឆ្នាំ ២០០៨ និងបានថតភាពយន្តលើកដំបូងក្នុងរឿង “ទាយាទអាសិរពិស” ប៉ុន្តែដោយសារជាប់រវល់ការសិក្សា នាងក៏ផ្អាកទៅវិញ។ លុះដល់ឆ្នាំ ២០១១ ទើបឈានជើងចូលប្រឡូកសារជាថ្មី ដោយថតបានរឿងមួយចំនួន មានដូចជា រឿង “ឈូកក្នុងបឹងភក់”, រឿង “ផ្ការីកពេញរដូវ” , រឿង “សេដ្ឋីវ័យក្មេង”, សម្តែងតួភរិយាគេ, រឿង “ស្នេហ៍ក្លែងកាយ” សម្តែងតួម្តាយ , រឿង “សន្យាស្នេហ៍” សម្តែងតួភរិយាគេ និងកំពុងថតរឿងចុងក្រោយ “អស្ចារ្យណាស់ប្តីខ្ញុំ” សម្តែងជាតួភរិយាលោក យុទ្ធារ៉ា ឆានី។
បើទោះបីជាភាគច្រើនតារារូបនេះ សម្តែងជាតួចំណាស់ ឬតួភរិយាគេក្តី ប៉ុន្តែជីវិតក្រៅសិល្បៈ ឈឹម តារាវត្តី បានបង្ហើបឲ្យដឹងថា ក្នុងអារម្មណ៍ពិតរបស់នាង គឺចង់បានតែស្វាមីស្អាត ស្រស់សង្ហារ និងមានវ័យក្មេងប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើវាសនាកំណត់មកថា នាងត្រូវបានប្តីវ័យចំណាស់ ឬពោះម៉ាយនោះ ក៏នាងទទួលយកតាមព្រេងវាសនាដែរ។
ឈឹម តារាវត្តី បញ្ជាក់ប្រាប់ថា សព្វថ្ងៃ នាងនៅមិនទាន់មានគូកំណាន់ចិត្ត ឬសង្សារនៅឡើយទេ ប៉ុន្តែកន្លងមក នាងក៏ធ្លាប់មានគូដណ្តឹងម្តងដែរ តែត្រូវដាច់គ្នាទៅវិញ ដោយសារមើលទៅមិនអាចរស់នៅចុះសម្រុងគ្នាជាប្តីប្រពន្ធទៅអនាគតបាន។ លើសពីនេះ នាងថា ដោយសារតែមួយរយៈមានគូដណ្តឹងនោះហើយ ទើបនាងត្រូវផ្អាកការសិក្សាមួយរយៈ ដោយសារគូដណ្តឹងឲ្យនាងឈប់រៀន។ ប៉ុន្តែ ក្រោយបែកពីគូដណ្តឹង នាងក៏បានចូលបន្តការសិក្សាវិញ ដែលសព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ នៅសាលា NUMសិក្សាផ្នែកជំនួញ ។
ឈឹម រាតាវត្តី មានស្រុកកំណើតនៅរាជធានីភ្នំពេញ នាងមានបងប្អូន៦នាក់ ស្រី៣នាក់ ជាកូនទី៥ ។ នាងជាកូនកំព្រាឪពុកតាំងពីអាយុ៣ឆ្នាំ ដោយសារឪពុកម្តាយបែកបាក់គ្នា រហូតមកដល់ពេលនេះ ម្តាយនាងនៅមេម៉ាយ និងទទួលបន្ទុកចិញ្ចឹមកូនទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com