កីឡាជាតិ
ជាតិ
លោក អោក សំណាង និង លោក ឡាំ ទីនី ក្រោយវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 
ពីឆ្វេងទៅស្តាំ៖ លោក ឡាំ ទីនី លោក ទុយ វិច្ឆិកា និងលោក អោក សំណាង។ រូប CAM Photo Agency
×![]()
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលទី៩ បានបញ្ចប់កាលពីល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ដោយម្ចាស់ផ្ទះស្វាយរៀង ក្លាយជាម្ចាស់ជើងឯកលើកទីបី ក្រោយជ័យជម្នះ ២-១ ដ៏ចម្រូងចម្រាសលើណាហ្គាវើល។ លោក អោក សំណាង អគ្គលេខាធិការក្លិបស្វាយរៀង បានលើកឡើងពីភាពជោគជ័យដែលកើតចេញពីការខិតខំប្រឹងរបស់សមាជិកក្លិប ប៉ុន្តែស្របពេលជាមួយគ្នានោះ លោក ឡាំ ទីនី អ្នកចាត់ការទូទៅក្លិបណាហ្គាវើល បានមើលឃើញពីភាពមិនអព្យាក្រឹត្យរបស់លោក ទុយ វិច្ឆិកា ដែលជាអាជ្ញាកណ្តាល។
«យើងទទួលបានជោគជ័យទាំងពីរ គឺជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូង និងជោគជ័យក្នុងការឈ្នះពាននៅលើទឹកដីខ្លួនឯង។ ដំណើរការប្រកួតបានប្រព្រឹត្តទៅដោយរលូន»។ នេះជាការលើកឡើងរបស់លោក អោក សំណាង។
អគ្គលេខាធិការក្លិបរូបនេះ បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះ លោក និងថ្នាក់ដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធានាភាពរលូននៃដំណើរការប្រកួត។ លោកបានបន្ថែមថា៖ «ក្នុងនាមជាអ្នករៀបចំការប្រកួត ខ្ញុំប្រឹងប្រែងធ្វើការដោយយកចិត្តទុកដាក់ ហើយខ្ញុំតែងតែទាមទារឲ្យមានកាត់សេចក្តីប្រកបដោយអព្យាក្រឹត្យ។ យើងចង់ក្លាយជាគំរូល្អសម្រាប់ក្លិបផ្សេងៗទៀតទាក់ទងនឹងបទពិសោធន៍ក្នុងការធ្វើជាម្ចាស់ផ្ទះពានរង្វាន់សម្តេច ហ៊ុន សែន និងការប្រកួតនានា»។
លោក ទៀង ទីនី អ្នកចាត់ការទូទៅក្លិបណាហ្គាវើល ក៏ទទួលស្គាល់ផងដែរថា ក្លិបស្វាយរៀងមានការរៀបចំយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះ។ លោកបានគូសបញ្ជាក់ថា៖ «ស្វាយរៀងបានរៀបចំការប្រកួតបានល្អ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ អាជ្ញាកណ្តាលដែលកាត់សេចក្តី មិនបានបំពេញការងាររបស់ខ្លួនត្រឹមត្រូវនោះឡើយ។
បើតាមលោក ឡាំ ទីនី អាជ្ញាកណ្តាល [លោក ទុយ វិច្ឆិកា] បានធ្វើការសម្រេចចិត្តដ៏ខុសឆ្គងពីរលើកធំៗ ដែលក្នុងនោះ ការមិនសម្រេចផ្តល់បាល់ប៉េណាល់ទី ខណៈអ្នកចាំទី អាំ សុវណ្ណារ៉ាត របស់ស្វាយរៀង បានធ្វើឲ្យខ្សែប្រយុទ្ធ ប្រាក់ ចាន់រតនា ដួលនៅក្នុងប្រអប់គ្រោះថ្នាក់ និងការពិន័យកាតលឿងលើកទីពីរដល់ប្រធានក្រុមណាហ្គាវើល ស៊ុន សុវណ្ណរិទ្ធី បន្ទាប់ពីរូបគេប៉ះទង្គិចជាមួយខ្សែការពារស្វាយរៀង មួន ណារ៉ា។
«អ្នកដែលបានមើលការប្រកួតផ្ទាល់ និងទស្សនិកជន សុទ្ធតែបានមើលឃើញភាពអយុត្តិធម៌នេះ។ តើវិស័យបាល់ទាត់ខ្មែរអាចរីកចម្រើនដែរឬទេ នៅពេលដែលមានមនុស្សដែលបំផ្លាញបេះដូងរបស់អ្នកគាំទ្របែបនេះ?»។ នេះជាការចោទជាសំណូររបស់លោក ឡាំ ទីនី។
អ្នកចាត់ការទូទៅក្លិបណាហ្គាវើល ដែលបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងកាលពីឆ្នាំ២០១៣ នោះ មិនបានផ្តល់ការសន្និដ្ឋានណាមួយឡើយទាក់ទងនឹងអាជ្ញាកណ្តាល។ លោកបានលើកឡើងថា៖ «ខ្ញុំគ្រាន់តែអាចនិយាយបានថា អាជ្ញាកណ្តាលធ្វើកិច្ចការមិនបានត្រឹមត្រូវឡើយ។ ខ្ញុំមិនអាចចោទថា មានអ្វីនៅពីក្រោយខ្នងចំពោះការសម្រេចចិត្តរបស់គាត់នោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបនឹងការរិះគន់នានា ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លោក អោក សំណាង បានអះអាងថា ក្លិបរបស់លោក និងក្រុមអាជ្ញាកណ្តាលគ្មានទំនាក់ទំនងអ្វីពិសេសនោះឡើយ។ លោកបានបញ្ជាក់ថា៖ «គ្មានទេករណីក្រោមតុ ដូចជាការចោទប្រកាន់មួយចំនួន។ យើងប្រឹងប្រែងប្រជែងគ្នាដើម្បីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ពីព្រោះយើងចង់ឃើញការប្រកួតប្រជែងគ្នាធ្វើម្ចាស់ផ្ទះ ហើយក្លិបស្វាយរៀងក៏មិនចង់យកខ្ពស់មុខមាត់តែម្នាក់ឯងនោះឡើយ»។
ទាក់ទងនឹងការកាត់ក្តី លោក អោក សំណាង បានវាយតម្លៃខ្ពស់លើការសម្រេចចិត្តរបស់លោក ទុយ វិច្ឆិកា ដែលជាអាជ្ញាកណ្តាល។ «គាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវ គាត់ធ្វើការពិន័យច្បាស់លាស់ចំពោះកីឡាករដែលព្យាយាមធ្វើពុតជាដួល។ កីឡាកររបស់ខ្ញុំក៏ទទួលនូវការប៉ះទង្គិចខ្លាំងផងដែរពីសំណាក់គូប្រកួត ប៉ុន្តែពួកគេបានប្រឹងលេងប្រកបដោយការអត់ធ្មត់»។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំក្លិបស្វាយរៀង។
លោក សំណាង បានមើលឃើញពីភាពជោគជ័យដ៏ធំធេង ជាពិសេសការកសាងកម្លាំងគាំទ្រនៅមូលដ្ឋានរបស់ក្លិបខេត្តស្វាយរៀង។ លោកបានលើកឡើងថា នៅថ្ងៃប្រកួតវគ្គធម្មតា សំបុត្រលក់អស់ក្នុងខ្ទង់ប្រមាណ៤០០០សន្លឹក ខណៈការប្រកួតសំបុត្រត្រូវបានលក់ចេញអស់ប្រមាណ៨៥០០សន្លឹក។
សម្រាប់លោក ឡាំ ទីនី លោកនៅតែទទួចឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសមន្ត្រីអាជ្ញាកណ្តាលឲ្យបានត្រឹមត្រូវដើម្បីធានាអព្យាក្រឹត្យភាពក្នុងការប្រកួត។ លោកបានលើកឡើងថា៖ «ក្លិបនីមួយៗចាយលុយក្នុងខ្ទង់ពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដូច្នេះនៅរាល់ការប្រកួតសំខាន់ៗត្រូវតែមានអ្នកធ្វើការប្រកបដោយអព្យាក្រឹត្យ យ៉ាងហោចណាស់ពី៦០ទៅ៧០ភាគរយដែរ។ យើងប្រឹងប្រែងបង្កើតក្លិប គឺដើម្បីលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា»។
លោក ទុយ វិច្ឆិកា អាយុ៣៦ឆ្នាំ គឺជាអាជ្ញាកណ្តាលដ៏មានបទពិសោធន៍ម្នាក់របស់កម្ពុជា។ លោកត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កាលពីឆ្នាំ២០១១ ។ កាលពីពេលថ្មីៗកន្លងមកនេះ លោកបានធ្វើជាមន្ត្រីទី៤នាការប្រកួតជម្រុះ AFC Champions League ឆ្នាំ២០១៥ រវាងក្រុម Choburi របស់ថៃ និងក្រុម Kitchee របស់ហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com