កីឡាជាតិ
ជាតិ
លោក ថោង ច័ន្ទកិត្យា ធុញថប់អាជីពជាអាជ្ញាកណ្តាលដែលលោកថា ជាក្រុមមិនដែលឈ្នះ 
×![]()
តើមានអ្នកណាចង់ធ្វើការងារនេះទេ? នេះជាការចោទជាសំណួររបស់លោក ថោង ច័ន្ទកិត្យា អាជ្ញាកណ្តាលបាល់ទាត់ដ៏មានបទពិសោធន៍របស់កម្ពុជា។ ការសរសេរនៅលើគណនីហ្វេសប៊ុកជាមួយនឹងអារម្មណ៍តប់ប្រម៉ល់បែបនេះ គឺប្រហែលជាលោក ច័ន្ទកិត្យា មើលឃើញការរិៈគន់យ៉ាងចាស់ដៃនានាទៅលើមិត្តរួមអាជីព លោក ទុយ វិច្ឆិកា នៅតាមបណ្តាញសង្គម ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នៅខេត្តស្វាយរៀង។
លោក ថោង ច័ន្ទកិត្យា ដែលជាមន្ត្រីទី៤នាអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ឆ្នាំ២០១៥ រវាងម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក៏បានសរសេរភ្លាមៗក្រោយការប្រកួតថា លោកមានការធុញទ្រាន់នឹងការងារជាក្រុមមិនដែលឈ្នះ បើត្រូវរួចខ្លួន បើខុសគេជេរ។
លោកអាជ្ញាកណ្តាលវ័យ៣៤ឆ្នាំ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចាប់ពីឆ្នាំ២០១០មក បានត្អូញត្អែរថា៖ «តើត្រូវឈប់ ឬក៍បន្តសំរាប់ការងារដែលទទួលបានកំរៃយ៉ាងទាប តែការទទួលខុសត្រូវយ៉ាងធំធេង អាជ្ញាកណ្តាលជាក្រុមមិនដែលឈ្នះ ដឹកនាំល្អរួចខ្លួន បើខុសដោយអចេតនាគេជេរ ... តើមានអ្នកណាចង់ធ្វើការងារនេះទេ ? »។
សូមរំលឹកផងដែរថា ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ដែលស្វាយរៀងបានយកឈ្នះណាហ្គាវើល ២-១ លោក ទុយ វិច្ឆិកា ដែលជាមិត្តរួមជាអាជីពរបស់លោក ថោង ច័ន្ទកិត្យា ទទួលរងនូវការរិៈគន់យ៉ាងខ្លាំង ទាក់ទងនឹងការសម្រេចមិនផ្តល់បាល់ប៉េណាល់ទីឲ្យណាហ្គាវើល ខណៈអ្នកចាំទី អាំ សុវណ្ណារ៉ាត របស់ស្វាយរៀង បានធ្វើឲ្យខ្សែប្រយុទ្ធ ប្រាក់ ចាន់រតនា ដួលនៅក្នុងប្រអប់គ្រោះថ្នាក់ និងការពិន័យកាតលឿងលើកទីពីរដល់ប្រធានក្រុមណាហ្គាវើល ស៊ុន សុវណ្ណរិទ្ធី បន្ទាប់ពីរូបគេប៉ះទង្គិចជាមួយខ្សែការពារស្វាយរៀង មួន ណារ៉ា។
ទោះបីជាយ៉ាងណាក៏ដោយ លោក ថោង ច័ន្ទកិត្យា បានទទួលនូវសារលើកទឹកចិត្តជាច្រើនផងដែរ ដែលក្នុងនោះ កីឡាករ ស៊ុន សុវណ្ណរិទ្ធី ជាដើមបានសរសេរសរសើ ហើយជំរុញឲ្យលោកបន្តការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com