កីឡាជាតិ
ជាតិ
បាល់ទះពានរង្វាន់ប្រធានសហព័ន្ធដល់វគ្គ ៤ ក្រុមចុងក្រោយហើយ 
×![]()
ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ដើមឆ្នាំ២០១៥ ឈ្មោះថា «ពានរង្វាន់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ» ដែលជាប្រធានសហព័ន្ធបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រោយប្រកួតជម្រុះចាប់ពីថ្ងៃទី ១៤ កុម្ភៈ មកដោយមានក្រុមខ្លាំង ៨ ចូលប្រកួតប្រជែង ដោយបែងចែកជា ២ ពូល។
ក្រុមដែលចូលរួមទាំង ៨ សុទ្ធតែមានឈ្មោះបោះសំឡេងក្នុងការប្រកួតពានរង្វាន់ Leo Cup នាពេលកន្លងមក មាន ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, យុវជនសាមគ្គី, ស.ស.យ.ក ខេត្តព្រៃវែង, ស្នងការនគរបាលខេត្តបាត់ដំបង, កងពលធំអន្តរាគមន៍លេខ ៣, កងពលតូចអន្តរាគមន៍លេខ ៧ និង សាលាខេត្តកំពង់ចាម។
យោងតាមទិន្នន័យរបស់គណៈកម្មការរៀបចំការប្រកួត ក្រុមដែលមានឈ្មោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់លើកដំបូងនៅរសៀលថ្ងៃទី ១៧ កុម្ភៈ លើទីលានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងក្បែរទីលានបាល់ទាត់ស្មៅសប្បនិមិត្ត 3GII នេះមាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប៉ះ ក្រសួងមហាផ្ទៃ វេលាម៉ោង ៣ រសៀល និង ម្ចាស់ផ្ទះ ស.ស.យ.ក ខេត្តព្រៃវែង ជួបក្រុមសាលាខេត្តកំពង់ចាម។
ក្រុមឈ្នះនៅវគ្គនេះនឹងទទួលបានកៅអីនៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំនៅវេលាម៉ោង ២:៣០ នាទីរសៀលថ្ងៃទី ១៨ កុម្ភៈ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចំណែកក្រុមចាញ់ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ១០ ព្រឹក ក្នុងទីលានដូចគ្នានេះ។
បើតាមប្រភពពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ការបង្កើតពានរង្វាន់នេះឡើងដើម្បីសម្លឹងមើលកីឡាករបែបអាជីពម្នាក់សម្រាប់បូកបញ្ជូលទៅក្នុងឈុតជម្រើសជាតិ ដើម្បីចេញទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិ នានាដូចជា ស៊ីហ្គេមឆ្នាំ ២០១៥ នៅសិង្ហបុរី នៅខែមិថុនា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com