ពីនេះ ពីនោះ
ខុង ជឺ៖ ធ្វើ​មន្ត្រី​ចំណេញ ៣យ៉ាង
28, Apr 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ដកស្រង់ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែសម្រួល​ដោយលោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ Mind Books។
ខុង ជឺ បាន​ជួប​ជាមួយ​កូនប្រុស​របស់​បងធំ​គាត់​ឈ្មោះ ខុង មៀ ជានា​ម៉ឺន​ជាមួយនឹង ម៉ី​ជឺ​ជាន ហើយ​គាត់​បាន​សួរថា៖ «តាំងពី​ឡើង​ធ្វើជា​នាម៉ឺន​មក តើ​ពួក​ឯង​បាន​ចំណេញ​អ្វីខ្លះ ហើយ​ខាត​អ្វីខ្លះ?»


ខុង មៀ ឆ្លើយថា៖«គ្មាន​ចំណេញ​អី​ទេ! ខ្ញុំ​ត្រូវ​ខាត​អស់៣យ៉ាង​គឺ៖ ១ ថ្នាក់លើ​ប្រើ​មិន​ឈប់ឈរ រវល់​តែ​នឹង​ការងារ​រហូត​រក​ពេល​សិក្សា​រៀនសូត្រ​បន្ថែម​មិនកើត។ អ្វីៗដែល​រៀន​ពីមុនមក ក៏​ភ្លេច​អស់បណ្តើរៗ ។ ២ ប្រាក់បៀវត្សរ៍​តិចតួច ជួយសង្គ្រោះ​សាច់ញាតិ​បងប្អូន​មិនបាន ញាតិសន្តាន​កាន់តែ​ឃ្លាតឆ្ងាយ​បន្តិចម្តងៗ ។ ៣ ការងាររាជការ​រវល់​ខ្លាំងណាស់ មិនសូវ​មានឱកាស​ជួប​មិត្តភក្តិ​ប៉ុន្មាន​ទេ»។

ខុង ជឺ ស្តាប់​ហើយ​មិនសូវ​សប្បាយចិត្ត​ទើប​សួរ​ទៅ ម៉ី​ជី​ជាន ពី​សំណួរ​ដដែល។

ម៉ី​ជី​ជាន ឆ្លើយថា៖«តាំ​អ​ពី​ក្លាយជា​នាម៉ឺន​មក មិនដែល​ខាតបង់​អ្វី​ទេ។ មានតែ​បាន​ចំណេញ៣យ៉ាង៖១ ចំណេះដឹង​ដែល​លោកគ្រូ​បង្រៀន​ពី​កាល​មុន​នោះ ខ្ញុំ​មានឱកាស​បាន​យកទៅ​ប្រតិបត្តិ និង​ដក​ពិសោធ ហើយ​ទទួលបាន​ផល​ល្អ​ណាស់។ ២ ប្រាក់បៀវត្សរ៍​ប្រចាំខែ​ដែល​ទទួលបាន​ខ្ញុំ​ក៏​បែងចែក​ទៅ​ឲ្យ​សាច់ញាតិ សាច់ញាតិ​បងប្អូន​ក៏​ស្រឡាញ់​រាប់អាន​កាន់តែខ្លាំង​លើស​ដើម។ ៣ ទោះជា​ការងារ​រវល់​ប៉ុណ្ណា ក៏​មិនមាន​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​អ្វី​ដែរ មានតែ​បាន​ជួបគ្នា​ច្រើនជាង​មុន កាន់តែ​មមាញឹក ក៏​កាន់​តែមាន​ទំនាក់ទំនង​ច្រើន មិត្តភាព​កាន់តែ​ល្អ​ជាង​មុន»។

ខុង ជឺ ដង្ហើម​ពោលថា៖«ចាត់ទុកថា​ជា វិញ្ញូ​ជន​ពិតប្រាកដ! នរណាថា នគរ​លូ​គ្មាន​វិញ្ញូ​ជន? បើ​នគរ​លូ គ្មាន​វិញ្ញូ​ជន តើ​ម៉ី​ជី​ជាន បាន​គំនិត​នេះ​មកពីណា​មក»?




© រក្សាសិទ្ធិដោយ thmeythmey.com