ជាតិ
រូបត្លុក
តើ​ការជូន​និង​ទទួល​ប្រាក់​សគុណ អាច​ចាត់ទុកជា​អំពើ​ពុក​លុយ​ដែរ​ទេ?
13, Oct 2015 , 5:00 pm        
រូបភាព
ដោយ:
ការបោះឆ្នោត​ថ្នាក់ជាតិ​សម្រាប់​អណ​តិ្ត​ទី​ប្រាំ​នេះ ជាទូទៅ​យើង​សង្កេតឃើញថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​បាន​បាត់​បង់អស់២២អាសនៈ​ក្នុង​សភា​មក ហាក់​ប្រឹងប្រែង​ធ្វើកំណែទម្រង់​យ៉ាងខ្លាំង ហើយ​គេ​មើលឃើញថា​សេវាសាធារណៈ​របស់​រដ្ឋ ហាក់​បាន​ប្រសើរ​ជាង​មុន​បន្តិចបន្តួច​ដែរ។



ថ្មីៗនេះ នៅតាម​ឃុំ-សង្កាត់​នានា ទូទាំងប្រទេស​គេ​ឃើញ​មានការ​កោះអញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​អ្វី​ទាំងអស់។ ប៉ុន្តែ​ចំណុច​អសកម្ម​ក្នុង​សេវាសាធារណៈ​របស់​រដ្ឋ ហាក់​នៅ​បង្កប់​អំពើពុករលួយ សម​ហេតុ​សម​ផល​ស្របច្បាប់​ដុះ​ស្លែ​យ៉ាង​ក្រាស់​ពិបាក​លាង​សម្អាត។

ជាទូទៅ ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធតែ​សុំច្បាប់​ឈប់សម្រាក​ពី​ការងារ​តាម​កាលកំណត់​ជាក់លាក់​មួយ ដើម្បី​ទៅ​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ ប៉ុន្តែ មិនដឹងថា​ដោយ​ចេតនា​ឬ​ជាការ​ចៃដន្យ​យ៉ាងណា​នោះទេ មន្ត្រីឃុំ-សង្កាត់​យើង​ហាក់​ចង់​ពន្យា​ពេល ដូចជា​ថា៖បើ​ពួកគាត់​មក​ពេលព្រឹក មន្ត្រី​ថា​ជាប់​ប្រជុំ សុំ​ប្តូរ​ទៅ​ពេល​ល្ងាច​វិញ​ដល់ពេល​ល្ងាច ទើបតែ​បំពេញបែបបទ​បាន​ពីរ-បីនាក់ ក៏​ដល់​ម៉ោង​សម្រាក​និង​មន្ត្រី​យើង​ក៏​សុំ​លើក​ទៅ​ថ្ងៃស្អែក​ជាដើម ឬក៏​ថា​ប្រជាពលរដ្ឋ​បំពេញបែបបទ​មិនត្រូវ​ទើប​យឺតយូរ​ដោយ​មិន​ចង់​ខាត​ពេលវេលា​ច្រើន ម្តងថា​ពេលព្រឹក ម្តងថា​ពេល​ល្ងាច ដល់ពេល​ល្ងាច​ថា​សូម​រង់ចាំ​ថ្ងៃស្អែក ប្រជាពលរដ្ឋ​ខ្លះ បង្ខំចិត្ត​ប្រើ​ប្រាក់ (សគុណ)ជូន​ដល់​មន្ត្រី​ឲ្យ​ជួយ​បំពេញបែបបទ និង​ជួយ​ព​ន្លឿ​ន ដោយ​ចិត្ត​ហ្មងសៅ​និង​ថ្នាំងថ្នាក់​ជាខ្លាំង ប៉ុន្តែ វា​ពិតជា​បាន​លឿន​ទាន់​ចិត្ត​មែន​បន្ទាប់ពី​ជូន​ប្រាក់​សគុណ​ហើយ។

តើ​ដល់​ពេលណា ទើប​សេវា​សា​ធាណៈ​របស់​រដ្ឋ​ទាំងអស់ ប្រព្រឹត្តទៅ​ដោយមាន​តម្លាភាព​គ្មាន​អំពើពុករលួយ? តើ​ប្រាក់ (សគុណ) អាច​ចាត់ទុកជា​ប្រាក់​ពុករលួយ​បានដែរ​ឬទេ?


© រក្សាសិទ្ធិដោយ thmeythmey.com