ជាតិ
យុវជន ៣ ពាន់នាក់ស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥
×
ភ្នំពេញ៖ យុវជនទូទាំងប្រទេសជាង ៣ពាន់នាក់ បានស្ម័គ្រចិត្តចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ លើកទី៣ ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ខាងមុខ។ នេះបើតាម លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិ ការណ៍អង្គសង្ក្រាន្ត។ ជាមួយគ្នានេះ លោករំពឹងទុកថា ភ្ញៀវទេសចរក៏នឹងចូលរួមកម្សាន្តជាង ៥សែននាក់ ផងដែរ។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមែ ព.ស ២៥៥៩ គ.ស ២០១៥នោះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាលើកទី៣ ក្រោមប្រធានបទ «ការចូលរួមអបសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ។ យុវជនស្ម័គ្រចិត្តប្រមាណ ៣ ពាន់នាក់នឹងចូលរួមរៀបចំព្រឹត្តិការណ៍នេះ។
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា ប្រាប់សារព័ត៌មានថ្មីៗ ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ នឹងមានភ្ញៀវទេសចរជាង ៥សែននាក់។ ក្រៅភ្ញៀវទេសចរណ៍ លោក រតនា ប្រាប់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏មានអ្នកយុវជនស្ម័គ្រចិត្តជាង ៣ពាន់នាក់ផងដែរ
លោកថា៖«អង្គរសង្ក្រាន្តឆ្នាំនេះ យើងជឿថា នឹងមានភ្ញៀវជាងកន្លះលាននាក់មកចូលរួម។ ដោយសារយើងមានបទពិសោធន៍កាលពីឆ្នាំមុន»។
ព្រឹត្តិការណ៍ ដែលប្រារព្ធលើទឹកដីអង្គរ ខេត្តសៀមរាប នោះ គ្រោងនឹងមានការសម្តែង និងរៀបចំផ្ទាំង ទស្សនីយភាពជាច្រើន។ អ្នករៀបចំកម្មវិធីនេះរំពឹងទុកថា ព្រឹត្តិការណ៍នេះ ក៏នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមរីករាយកម្សាន្តកើនជាងឆ្នាំ មុនផងដែរ។
គួររម្លឹកថា ភ្ញៀវទេសចរជាង ២សែននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិជាង ២ម៉ឺននាក់ បានចូលរួមកម្សាន្តរីករាយនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com