ពីនេះ ពីនោះ
៤ដំណាក់កាល នៃដំណើរជីវិតអ្នកដែលមានស្នេហា
×
អ្វីៗក៏មានចំណុចចាប់ផ្តើម ហើយក៏មានចំណុចបញ្ចប់របស់វាដែរ ដូចគ្នានឹងស្នេហារវាងបុរស និងនារី ដែលបានស្រឡាញ់គ្នាថ្មីថ្មោង ហើយតែងតែសន្យាថានឹងរៀបការជាមួយគ្នា ស្រឡាញ់គ្នាជារៀងរហូត។ ប៉ុន្តែជាក់ស្តែងពេលដែលកំពុងស្រឡាញ់គ្នាថ្មីៗតែងមើលឃើញចំណុចល្អរបស់គ្នាទៅវិញទៅមក តែពេលស្រឡាញ់គ្នាយូរទៅចេះតែងមើលបំណាំគ្នា និងមើលឃើញតែចំណុចអាក្រក់របស់គ្នាទៅវិញ នេះមានន័យថាស្នេហាក៏មានការវិវដ្តរបស់វាដែរ។
ដំណាក់កាលទី១៖ ជាចំណុចផ្តើមសេ្នហ៍រវាងគូសង្សារបុរសនិងនារី ហើយពួកគេមើលឃើញនូវអ្វីដែលជាសកម្មភាព ឬពាក្យពេជ្រល្អៗរបស់គ្នាទៅវិញទៅមក គឺអ្វីប្រៀបបានដូចជាពណ៌ស៊ីជម្ពូ មានន័យថាបងល្អគ្រប់បែបគ្រប់យ៉ាង រីឯអូនវិញក៏ល្អគ្រប់បែបគ្រប់យ៉ាងដូចគ្នាដែរ។
ដំណាក់កាលទី២៖ បន្ទាប់ពីឆ្លងកាត់អ្វីៗក៏ពណ៌ស៊ីជម្ពូ គឺឈានដល់ចំណុចមួយទៀតដែលដៃគូស្នេហានោះចាប់ផ្តើមមើលបំណាំគ្នា ចេះចាប់កំហុសគ្នា ច្រណែន ប្រចាន់គ្នាទៅវិញទៅមកហើយមើលឃើញចំណុចខ្វះខាត ឬចំណុចអាក្រក់ពីគ្នាច្រើនជាមុន។ ជាពិសេសនោះតែងតែអន់ចិត្តដាក់គ្នា និងណាយចិត្តពីគ្នាបន្តិចម្តងៗ ព្រោះមើលឃើញកំហុសគ្នាច្រើនពេក។
ដំណាក់កាលទី៣៖ ដំណាក់កាលនេះឈានដល់ចំណុចមួយដែលនិយាយហេតុផលលែងស្តាប់គ្នាបាន និងនិយាយអ្វី ឬធ្វើអ្វីមួយប្រកែកយកតែឈ្នះរៀងៗខ្លួន រហូតដល់ប្រើប្រាសពាក្យសំដីមិនល្អដាក់គ្នាទៀត។ មួយវិញទៀត គ្រាន់តែចាប់ផ្តើមនិយាយ គឺមិនចុះសម្រុងគ្នាបាត់ទៅហើយ មានន័យថាភ្លេចចំណុចល្អៗរបស់គ្នាអស់ហើយ ហើយចាំតែចាប់កំហុស និងចំណុចខ្សោយរបស់ដៃគូតែប៉ុណ្ណោះ។ ដំណាក់កាលនេះធ្វើឲ្យគូស្នេហ៍នោះណាយចិត្តពីគ្នាកាន់តែខ្លាំងជាងមុនទៅទៀត។
ដំណាក់កាលទី៤៖ ចុងក្រោយដល់ចំណុចមួយដែលដៃគូស្នេហានោះ ទ្រាំនឹងបញ្ហាដែលកើតឡើងមិនចេះចប់មិនចេះហើយនោះបានឡើយ។ ដូច្នេះត្រូវពិចារណាថ្លឹងថ្លែងថា តើគួរសម្រុះ សម្រួលគ្នាជាថ្មី ហើយដោះស្រាយបញ្ហាដែលធ្លាប់កើតមានកន្លងមកជាមួយគ្នា ឬត្រូវតែចែកផ្លូវគ្នា ដើម្បីកុំឲ្យស្មុគស្មាញនឹងបញ្ហាកើតឡើងដដែល ដែលមិនអាចដោះស្រាយបាននោះ ដូច្នេះសុខចិត្តចែកផ្លូវគ្នាដើរចេញរៀងៗខ្លួន ទើបវាប្រសើរជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com