អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ជួយ​យោធា​អ៊ុយ​ក្រែ​ន តែ​មិន​ផ្តល់​អាវុធ​សម្លាប់​មនុស្ស
12, Mar 2015 , 10:53 am        
រូបភាព
លោក ពេត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន ទទួលសវនាការ​លោកអនុប្រធានាធិបតីអាមេរិក ចូ បៃដិន កាលខែកក្កដា​ឆ្នាំ​២០១៤
លោក ពេត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន ទទួលសវនាការ​លោកអនុប្រធានាធិបតីអាមេរិក ចូ បៃដិន កាលខែកក្កដា​ឆ្នាំ​២០១៤
ដោយ:
អាមេរិក​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្មថ្មីៗប្រឆាំង​រុស្ស៊ី និង​គ្រោង បញ្ជូន​សម្ភារៈ​យោធា​មួយ ចំនួន​អោយ​កងទ័ព​អ៊ុយ​ក្រែ​ន ក្នុងពេលឆាប់ៗខាងមុខ។ សម្ភារៈ​យោធា​មាន​ជា​ទឹកប្រាក់៧៥លាន ដុល្លារ ប៉ុន្តែ គ្មាន​ប្រភេទ​អាវុធ​ដែល​សម្លាប់​មនុស្ស បែបយ៉ាង​មី​ស៊ី​ល​ប្រឆាំង​រថពាសដែក​ទេ។



វិធានការ​ទាំងនេះ ត្រូវបាន​បង្ហាញឡើង តាមរយៈ​ការសន្ទនា​តាម​ទូរ​សព្ទ​រវាង​អនុ​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ។ ថ្ងៃ​ពុធ​ម្សិលមិញ អាមេរិក បានប្រកាស បង្កក ទ្រព្យសម្បត្តិ​របស់​មន្ត្រី​គាំទ្រ​រុស្ស៊ី៨នាក់ នៅ​តំបន់​ផ្តាច់​ទឹកដី​និយម​ដូ​ណត ភាគ​ខាងកើត​អ៊ុ​ុ​យ​ក្រែ​ន ផ្តាច់​ដំណើរការ​ធនាគារ​រុស្ស៊ី​មួយ​ក្នុង​តំបន់​គ្រី​មេ ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ជិតដិត នឹង​អតីត ប្រធានាធិបតី​វិចទ័រ យ៉ា​នូ​កូ​វិច ចំនួន៣នាក់​ផងដែរ។

ដើម្បី​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន អាមេរិក​ក៏​នឹង​បញ្ជូន​សម្ភារៈ​យោធា​មួយចំនួន​អោយ​អ៊ុយ​ក្រែ​ន ក្នុងពេល ឆាប់ៗ មានដូចជា ដ្រូ​ន Raven រ៉ា​ដា​ចាប់យក​ទីតាំង​បាញ់ប្រហារ រឺក៏​រថពាសដែក ផ្សេងៗជាដើម។ ដោយឡែក អាមេរិក​មិន​ផ្តល់​អាវុធ​មួយចំនួន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស បែបយ៉ាង មី​ស៊ី​ល ប្រឆាំង​រថពាសដែក តាម​សំណូមពរ​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ទេ។ មន្ត្រី​អាមេរិក​ជាច្រើនរូប​សុទ្ធ តែ​ទទួលស្គាល់ថា សម្ភារៈ​យោធា​ទាំងនេះ​មិនអាច​ផ្លាស់ប្តូរ​ស្ថានភាព​សមរភូមិ​បច្ចុប្បន្ន​ទេ។ ក្នុងការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​ប៉ូ​រ៉ូ​ឆិ​ន​កូ លោក​បៃ​ដិ​ន​ក៏បាន​សំដែង​ពី​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក ចំពោះ ការរំលោភ​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ។ ជម្លោះ​អ៊ុយ​ក្រែ​ន​ជិត១ឆ្នាំ​មកនេះ បានសម្លាប់ មនុស្ស​ជាង៥៦០០នាក់​ហើយ។

ប្រទេស​មួយចំនួន ដូចជា​បារាំង​និង​អាល្លឺម៉ង់ នៅតែ​បង្ហាញ​ជំហរ​ប្រឆាំងនឹង​ការផ្គត់ផ្គង់ អាវុធ​អោយ កងទ័ព​អ៊ុយ​ក្រែ​ន។ នាយករដ្ឋមន្ត្រី​បារាំង ម៉ា​នុយ​អែល វ៉ាល់ បានបញ្ជាក់​ឡើងវិញ​ថា បារាំង​គ្មាន ជំហរ​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ផ្តល់​ដំណោះស្រាយ​ដល់​ជម្លោះ​ដុនដាប។ រដ្ឋាភិបាល​រុស្ស៊ី បានចាត់ទុក​ទណ្ឌកម្ម​ដែល​អាមេរិក​ទើបនឹង​ដាក់​ថ្មី​ប្រឆាំង​រុស្ស៊ី ថា​ជាការ​ផ្គើន​ផ្នែក​នយោបាយ។

ដោយឡែក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានអនុម័ត គម្រោង​ជំនួយ ១៧៥០០លាន​ដុល្លារ អោយទៅ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន សម្រាប់​រយៈពេល៤ឆ្នាំ ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន អោយ​ផុតពី​ភាព​ក្ស័យធន។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប៉ូ​រ៉ូ​ឆិ​ន​កូ ក៏បាន​ប្រាប់ថា ស៊ុយអែត​បាន អោយ​អ៊ុយ​ក្រែ​ន​ខ្ចីប្រាក់១០០លាន​ដុល្លារ​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com