អន្តរជាតិ
រយៈពេល ១០ ឆ្នាំមាន​មហាសេដ្ឋី​ជាង ៧ ម៉ឺន​នាក់​បាន​ចាក​ចេញពី​ប្រទេស​ចិន
16, Apr 2015 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ

យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​សេវា​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​ជាស​កល Knight Frank with Fragomenដែលជា​អ្នកជំនាញ​ផ្នែក​ការធ្វើ​ចំណាកស្រុក​របស់​មហាសេដ្ឋី​បាន​រកឃើញថា​មាន​មហាសេដ្ឋី​ជា​ច្រើ​បាន​ចាក​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន ទៅ​រស់នៅ​និង​រកស៊ី​នៅក្នុង​ប្រទេស​ផ្សេងទៀត។



យោង​លទ្ធផល​នៃ​ការសិក្សា ដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត Telegraph ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ចាប់ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៣ មហាសេដ្ឋី​ជនជាតិ​ចិន ប្រមាណ​ជា ៧៦ ២០០ នាក់​ស្មើនឹង ១៥ ភាគរយ​នៃ​ចំនួន​មហាសេដ្ឋី​នៅក្នុង​ប្រទេស​នេះ ដែលជា​ចំនួន​មួយ​ច្រើនជាងគេ​បំផុត បាន​ចាក​ចេញពី​ប្រទេស​ចិន ទៅ​រស់នៅ​ប្រទេសផ្សេងៗនៅ​ជុំវិញ​ពិភពលោក។

ការស្រាវជ្រាវ​ដដែល​ក៏បាន​រកឃើញថា ក្នុង​រយៈពេល ១០ កន្លងទៅ ឥណ្ឌា​គឺជា​ប្រទេស​ទី២ ដែល​បាន​បាត់បង់​ចំនួន​មហាសេដ្ឋី​របស់ខ្លួន ប្រមាណ​ជា ៤៣ ៣០០ នាក់​ឬ​ស្មើនឹង ២៧ភាគរយ​នៃ​មហាសេដ្ឋី​របស់​ប្រទេស ខណៈពេលដែល​ប្រទេស​បារាំង បាន​ស្ថិតនៅ​លំដាប់​ទី​បី ដោយបាន​បាត់បង់​ចំនួន​មហាសេដ្ឋី​ប្រមាណ​ជា ៣១ ៧០០ នាក់​ឬ ១៣ ភាគរយ​នៃ​ចំនួន​មហាសេដ្ឋី​សរុប​នៅក្នុង​ប្រទេស។

បើតាម​របាយការណ៍​ខាងលើនេះ កន្លែង​ដ៏​ពេញនិយម​បំផុត​សម្រាប់​មហាសេដ្ឋី មក​រស់នៅ​គឺ​ចក្រភព​អង់គ្លេស ដោយសារតែ​ប្រទេស​នេះ​ទទួលបាន​ចំនួន​មហាសេដ្ឋី​មកពី​ក្រៅប្រទេស ក្នុង​រយៈពេល ១០ ឆ្នាំនេះ​សរុប​ប្រហែល ១១៤ ១០០ដោយបាន​កើនឡើង ១៤ ភាគរយ​នៃ​ចំនួន​មហាសេដ្ឋី​សរុប​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ។

ចំណែកឯ​ប្រទេស​សិង្ហ​បុរី​ក៏​ជា​ទឹកដី​ដែល​ទទួល​មហាសេដ្ឋី​មក​រស់នៅ​ច្រើនជាងគេ​លំដាប់​ទី២ ផងដែរ ដោយ​ក្នុង​រយៈពេល​ដូចគ្នា​ប្រទេស​នេះ​ទទួលបាន​មហាសេដ្ឋី៤៥ ០០០ នាក់មក​រស់នៅ​ខណៈពេលដែល​សហរដ្ឋអាមេរិក បានទទួល​មហាសេដ្ឋី​មកពី​ក្រៅប្រទេស​ប្រមាណ​ជា ៤២ ៤០០ ស្មើនឹង ១ ភាគរយ​នៃ​មហាសេដ្ឋី​សរុប​របស់ខ្លួន។

ដោយឡែក មហាសេដ្ឋី​ជនជាតិ​អូស្ត្រាលី ជា​មហាសេដ្ឋី​ដែលមាន​ក​ភាពសប្បាយ​រីករាយ​បំផុត​នៅលើ​ពិភពលោក​នៅពេលដែល​វា​មកដល់​ប្រទេស​កំណើត​របស់​ពួកគេ​ហើយ​របាយការណ៍​ខាងលើ​បាន​រកឃើញថា មាន​មហាសេដ្ឋី​អូស្ត្រាលី​តែ ៤ ភាគរយ​ប៉ុណ្ណោះ បាន​និយាយថា​ពួកគេ​ធ្លាប់​ចង់​ចាក​ចេញពី​ប្រទេស​កំណើត និង​មាន​មហាសេដ្ឋី​តិចតួច​ណាស់​ដែល​កូន​របស់គេ​ទៅ​រៀន​នៅ​បរទេស៕
 


© រក្សាសិទ្ធិដោយ thmeythmey.com