អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ជី​ហាត​យក​កុមារ​ធ្វើ​ឃាតករ ​ទាក់​ចំណាប់អារម្មណ៍​សារព័ត៌មាន
13, Mar 2015 , 11:43 am        
រូបភាព
ដោយ:
ការដែល​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​អាច​ឡើង​ឥទ្ធិពល ស្រូប​ទាញ​យុវជន​គ្រប់ទិសទី ក្នុង​ពិភពលោក​អោយ​មកជួយ​ប្រយុទ្ធ នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ មិនមែនជា​ការធម្មតា​ឡើយ។ វាស​បញ្ជាក់ថា ក្រុម​នេះ​មាន​ល្បិច​និង​មធ្យោបាយ​ពិសេស ទើប​អាច​ធ្វើបាន​ដូច​សព្វថ្ងៃនេះ។ ក្នុង​កលល្បិច​ទាំងនេះ គេ​ឃើញថា ក្រុម​ជី​ហាត​បាន​ប្រើ​សកម្មជន​ដែលមាន​វ័យ​កាន់តែ​ក្មេង អោយធ្វើជា​ឃាតករ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន។



សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា ពី​ទីក្រុង​ប៉ារីស



រូបភាព​វីដេអូ​ចុងក្រោយ​របស់​ក្រុម​ជី​ហាត ដែល​ទាក់​ចំណាប់អារម្មណ៍​ខ្លាំង គឺ​វីដេអូ​ដែល​ក្រុម​ជី​ហាត​បាន​ចុះផ្សាយ កាលពី​ថ្ងៃ​អង្គារ។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​កុមារ​ម្នាក់ ស្លៀក​សម្លៀកបំពាក់​ទាហាន បាញ់សម្លាប់​បុរស​ម្នាក់ មួយ​គ្រាប់​ចំក្បាល​តែម្តង។ ក្រុម​ជី​ហាត​ប្រាប់ថា បុរស​នេះ​ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន  និង​ជា​ភ្នាក់ងារ​ស៊ើបការណ៍​របស់​អ៊ីស្រាអែល។ រូបភាព​វីដេអូ​នេះ កាត់ត​បានល្អ​ណាស់ ហើយ​ជា​វីដេអូ​ទី១ដែល​និយាយ​ជា​ភាសា​បារាំង។

យោងតាម​រូបភាព​វីដេអូ ក្មេងប្រុស​ជា​ឃាតករ​អាច​ត្រូវជា​ក្មួយប្រុស​របស់​ភេរវជន​បារាំង Mohamed Merah ដែល​បាន​បង្ក​ភេរវកម្ម​ចំនួន៣ កាលពី​ខែ​មិនា ឆ្នាំ២០១២ នៅ​ភាគខាងត្បូង​ប្រទេស​បារាំង ក្នុងនោះ មានការ​បាញ់សម្លាប់ក្មេងៗនៅ​សាលារៀន​ជនជាតិ​ជី​ហ្វ​មួយកន្លែង។ រីឯ​បុរស​ដែល​ឈរ​នៅ​ជិត​កុមារ​រូបនេះ ត្រូវគេ​សង្ស័យថា ជា​សមាជិក​ក្នុង​គ្រួសារ​របស់​ភេរវជន​បារាំង​រូបនោះ​ដែរ។ រូបភាព​វីដេអូ​នេះ បាន​ចុះផ្សាយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​ខួប៣ឆ្នាំ នៃ​អំពើ​ភេរវកម្ម​ដែល​បង្កឡើង​ដោយ​ភេរវជន​បារាំង​Mohamed Merah។ ក្រុម​ជី​ហាត​ទំនងជា​ចង់​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​បារាំង ថា​ក្រុម​ខ្លួន​បាន​ជួយ​អោយ​សមាជិកគ្រួសារ​ភេរវជន សងសឹក​អ៊ីស្រាអែល​ដោយ​ផ្ទាល់ដៃ ដើម្បី​រំលឹក​ដល់​ភេរវជន​Merah ដែល​ប៉ូលិស​បារាំង​បាន​បាញ់សម្លាប់ កាលពី​ឆ្នាំ២០១២ ។
 
ដោយឡែក វា​មិនមែនជា​លើក​ទី១ទេ ដែល​ក្រុម​ជី​ហាត​ប្រើ​កុមារ​អោយ​សំដែង​ឈុត​ឆាក សាច់រឿង​ដូច​ក្នុង​ភាពយន្ត​ហូលីវូត ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​សារព័ត៌មាន។ កាលពី​ពាក់កណ្តាល​ខែមករា ដើមឆ្នាំ ក្រុម​ជី​ហាត​ក៏បាន​បង្ហោះ​វីដេអូ​មួយ​ដែរ ជា​ភាសា​អង់គ្លេស ដែល​គេ​ឃើញ​មាន​ក្មេងប្រុស​ម្នាក់​ផ្សេងទៀត បាញ់សម្លាប់​ឈ្លើយសឹក​រុស្ស៊ី២នាក់។ បុរស​ទាំង២នេះ​បាន​សារភាពថា ចូលមក​បង្កប់ខ្លួន ស៊ើបការណ៍​ក្រុម​ជី​ហាត។ កុមារ​ជា​ឃាតករ​ប្រហែលជា​ជនជាតិ​កា​ហ្សា​ក់​ស្ថាន។ កាលពី​ខែវិច្ឆិកា ក្រុម​ជី​ហាត​ក៏បាន​ចុះផ្សាយ​រូបភាព​វីដេអូ បង្ហាញ​ពី​ក្មេងប្រុស​បារាំង២នាក់ អាយុ​ប្រហែល​ជាង១០ឆ្នាំ ស្ពាយ​កាំភ្លើង​វែង​យ៉ាង​សង្ហា នៅ​ផ្លូវ​រ៉ា​ក់​កា ក្នុង​ទឹកដី​ស៊ី​រី​ផងដែរ។

កុមារ​ប្រៀបបាន​នឹង​ទំពាំង​ស្នង​ឫស្សី ប្រៀប​ដូច​ក្រដាស​សប​រិ​សុទ្ធ ដែល​ត្រូវតែ​លាប​ពណ៌​អោយ​ល្អ។ ក្រុម​ជី​ហាត​បែរជាយកក្មេងៗ មក​បណ្តុះបណ្តាល​ក្នុង​ផ្លូវ​អាក្រក់ អោយ​រៀន​បាញ់កាំភ្លើង ធ្វើជា​ឃាតករ​សម្លាប់​មនុស្ស​ឥត​ញញើត​ដៃ​ទៅវិញ។ វា​ជា​រឿង​ដែល​ពិបាក​នឹង​ទទួលយក​ណាស់។ តាមរយៈ​រូបភាព​កុមារ​បាញ់សម្លាប់​ឥត​ញញើត​ដៃ​នេះហើយ ដែល​សារព័ត៌មាន បណ្តាញ​សង្គម​នានា មិនអាច​នៅ​ស្ងៀម ហើយ​បាននាំគ្នា​ចុះផ្សាយ​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ អោយ​មនុស្ស​គ្រប់ទិសទី​បានដឹង។ ត្រង់ចំណុច​នេះហើយ ដែល​អ្នកជំនាញ​មើលឃើញថា ការឃោសនា​រូបភាព​ឃាតកម្ម​របស់​ក្រុម​ជី​ហាត គឺជា​អន្ទាក់​ទាក់​បណ្តា​សារព័ត៌​មាន បណ្តាជន​គ្រប់ទិសទី​អោយជួយ​ផ្សព្វ​ផ្សាយដំណឹង ផ្ញើ​សារ​ទៅ​សកម្មជន​ជី​ហាត​ក្នុង​សមរភូមិ។ សារព័ត៌មាន​និង​បណ្តាញ​សង្គម ដោយ​ប្រយោល បាន​ក្លាយជា​ឧបករណ៍​របស់​ក្រុម​ជី​ហាត ក្នុងការ​ជំរុញ​យុវជន​និង​កុមារ​មិនអោយ​ញញើត​ដៃ​នឹង​ប្រព្រឹត្ត អំពើ​អមនុស្សធម៌​ក្នុងការ​ចំអក​មេដឹកនាំ​គ្រប់​ប្រទេស ដែល​អសមត្ថភាព​ជួយ​ជនរងគ្រោះ។ វីដេអូ​របស់​ក្រុម​ជី​ហាត មាន​រូបភាព​កុមារ​ជា​ឃាតករ ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ត្រូវបាន​គេ​ចាប់អារម្មណ៍​មើល​ច្រើនជាង រូបភាព​បង្ហាញ​ពី​កុមារ​ធ្វើ​ទាហាន​នៅ​តំបន់​អាហ្វ្រិក​ខាងកើត​ទៅទៀត។

មិនថាតែ​វីដេអូ​មាន​រូបភាពក្មេងៗជា​ឃាតករ រឺក្មេងៗហ្វឹកហាត់​សង្គ្រាម​អ្វី​ឡើយ រាល់​រូបភាព​វីដេអូ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម សុទ្ធតែ​បង្កប់​ខ្លឹមសារ​ជ្រាលជ្រៅ ក្រៅពី​អូសទាញ​យុវជនឈាមរាវ វា​ក៏​ជា​សារ​លើកទឹកចិត្ត​សកម្មជន​ក្រុម​ជី​ហាត​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​សមរភូមិ កុំអោយ​ពួកគេ​អស់សង្ឃឹម​នៅ​ស្ងៀម​ដាច់ខាត ព្រោះថា ពេលនេះ កងទ័ព​សម្ព័ន្ធមិត្ត​បាន​វាយលុក​ទៅមុខ នឹង​ហាក់​មានប្រៀប​ឈ្នះ​លើ​ក្រុម​ជី​ហាត​បន្តិច​វិញ​ហើយ។ ក្រុម​ជី​ហាត​ប្រហែល​ចង់​ប្រាប់​សកម្មជន​ខ្លួន​ថា ក្មេងៗក្នុង​ក្រុម​ក៏​កំពុងតែ​ក្លាយជា​ទំពាំង​ស្នង​ពួកគេ ក្នុង​សមរភូមិ ក្នុងពេល​ខាងមុខ​ដែរ ដូច្នេះ ពួកគេ​មិនចាំបាច់​ភ័យខ្លាច​អ្វី​ឡើយ។

ដោយឡែក វីដេអូ​មាន​រូបភាព​ព្រៃផ្សៃ​ក៏​ជា​អាវុធ​បំបាក់ទឹកចិត្ត​អ្នកទស្សនា រឺ​អ្នកដឹកនាំ ដែល​ទន់ខ្សោយ​ផងដែរ ព្រោះ​ពួកគេ​អាច​នៅ​ស្ងៀម​ទ្រឹង ដោយសារ​ឈឺចាប់​ជំនួស​ជនរងគ្រោះ ដូច្នេះ ពួកគេ​ក៏​អាច​នឹងមិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ដើម្បី​កំទេច​ក្រុម​ជី​ហាត​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com